មាស សុខសោភា បានបរាជ័យទាំងស្រុងក្នុងការចរចាជាកញ្ចប់ជាមួយផលិតកម្មរស្មីហង្សមាស កាលពីពេលថ្មីៗនេះ ទើបធ្វើឲ្យនាងប្ដូរចិត្តទៅច្រៀងនៅផលិតកម្មថ្មី Ream Production។
ក្នុងកញ្ចប់ដែលមាស សុខសោភា ត្រូវលើកយកទៅដាក់នៅលើតុចរចានោះ ត្រូវបានគេបង្ហើបឲ្យដឹងថា មានភ្ជាប់ទៅជាមួយនឹងតំណែងបងប្រុសរបស់នាង លោកមាស សុខរតនៈ , ការច្រៀងដោយមិនមានកុងត្រា និងការអនុញ្ញាតបើកឲ្យដំណើរផលិតកម្មផ្ទាល់ខ្លួន Camrax ជាដើម។

ប៉ុន្ដែសំណើទាំងនេះមិនទទួលបានជោគជ័យនោះទេ ព្រោះហង្សមាស មិនចាប់អារម្មណ៍ ទើបធ្វើឲ្យសោភា ប្ដូរចិត្តលែងចង់ទៅហង្សមាស ហើយងាកទៅច្រៀងផលិតកម្ម Ream ដែលមានថៅកែស្រីឈ្មោះស្រីអូន ជាអ្នកលក់ផលិតតាម Online។
មាស សុខសោភា បានប្រាប់កាលពីពេលថ្មីៗនេះថា ការចរចា គឺពិតជាត្រូវធ្វើឡើងជាកញ្ចប់មែន ទើបទៅរួច។ នាងថា បទចម្រៀងរបស់នាងនឹងចេញនៅផលិតកម្មថ្មីនោះ នៅខែធ្នូ ឆ្នាំ២០២០។

មាស សុខសោភា បានប្រាប់កាលពីពេលថ្មីៗនេះថា ការចរចា គឺពិតជាត្រូវធ្វើឡើងជាកញ្ចប់មែន ទើបទៅរួច។ នាងថា បទចម្រៀងរបស់នាងនឹងចេញនៅផលិតកម្មថ្មីនោះ នៅខែធ្នូ ឆ្នាំ២០២០។
នេះជាការសម្រេចចិត្តដោយគ្មានការស្ទាក់ស្ទើរឡើយ របស់មាស សុខសោភា ក្នុងការផាត់ចោលសំណើពីផលិតកម្មធំ២ គឺ ហង្សមាស និង Galaxy ហើយនាងសុខចិត្តទៅជ្រកនៅផលិតកម្មថ្មីមួយ ដែលមិនធ្លាប់ផលិតបទចម្រៀងទាល់តែសោះពីមុនមក។

យ៉ាងណា ការឈានជើងចូលផលិតកម្មថ្មីនោះ គេជឿថា មាស សុខសោភា មិនមែនទៅច្រៀងតែមួយមុខទេ ប៉ុន្ដែនាងទៅរកស៊ីលក់ផលិតផលជាមួយថៅកែស្រីដែរ ទើបនាងព្រមចុះកុងត្រារយៈពេល១ឆ្នាំ ដោយគ្មានការបារម្ភខ្លាចដើរផ្លូវខុសឡើយ។
មាស សុខសោភា ធ្លាប់ផ្លាស់ប្ដូរផលិតកម្មជាញឹកញាប់មកហើយ ដូចជា នាងបានជ្រកនៅរស្មីស្ទឹងសង្កែ, U2, M, សាន់ដេ និងថោន ហើយចុងក្រោយមកទើនៅ Ream នេះ។ នាងជាតារាចម្រៀងម្នាក់ដែលទៅដល់ផលិតកម្មណាល្បីនៅទីនោះ។ ប៉ុន្ដែជំហានទី៦ របស់សោភា នេះ គេមិនដឹងថា នាងនៅតែខ្លាំងទៀត ឬមួយក៏ប្រឈមបាត់ឈ្មោះជាតារាជួរមុខនោះទេ ព្រោះថា ទ្រនំថ្មីនោះកន្លងមក គេគ្រាន់តែដឹងថា ហ៊ានទិញកាមេរ៉ាថ្លៃៗប៉ុណ្ណោះ។

តែសោភា ធ្លាប់និយាយថា សម័យនេះហើយ ទោះជាមិនចូលច្រៀងនៅផលិតកម្មណា ក៏គេអាចល្បីដែរ តាមរយៈការធ្វើបទចម្រៀងដោយខ្លួនឯងចេញនៅលើយូធូប និងផេក។
មាស សុខសោភា នឹងនៅស្ថិតក្នុងចំណោមតារាស្រីជួរមុខទៀត ឬយ៉ាងណានោះ ទស្សនិកជននឹងបានឃើញបទចម្រៀងនាងនៅផលិតកម្មថ្មី នៅចុងឆ្នាំនេះ ហើយពេញមួយឆ្នាំ២០២១ គេអាចសន្និដ្ឋានបានហើយថា មាស សុខសោភា នៅតែជាអ្នកចម្រៀងលំដាប់ Grade A ដដែល ឬក៏អាចប្រែប្រួលកេរ្ដិ៍ឈ្មោះ។
ក្រៅពីត្រៀមខ្លួនចេញមុខនៅទ្រនំថ្មីនេះ មាស សុខសោភា ក៏បានចំណាយទុនម៉ឺនដុល្លារ បើកហាងកាហ្វេមួយកន្លែង នៅក្រុងកំពង់សោម ផងដែរ។ ប៉ុន្តែនាងថា គ្មានគម្រោងធ្វើពិធីសម្ពោធធំដុំដូចគេឡើយ។

ចំណែករឿងរៀបការជាមួយអាណិកជនខ្មែរ មកពីការណាដា លោកអ៊ឹត រ៉ាដា នោះ សោភា ម្ដងថា នាងចង់រៀបការ២ទៅ៣ឆ្នាំទៀត ម្ដងថា មិនដែលចង់រៀបការជាចំហឡើយ។
ទស្សនិកជនមិនដឹងថា ហេតុអ្វីបានជាមាស សុខសោភា តែងតែមានចម្លើយប្រែប្រួលរហូត រឿងត្រៀមធ្វើកូនក្រមុំមែនទែននេះឡើយ៕ ហ៊ឹម វិចិត្រ