តារាចម្រៀងកូន៣ អ្នកនាងយក់ ថិតរដ្ឋា បានឲ្យដឹងថា នាងសូមបិទសោត្រឹមកូន៣នាក់នេះ គឺសមល្មមហើយសម្រាប់រូបនាង និងស្វាមី គ្រប់គ្រាន់ហើយ នាងគ្មានគម្រោងយកកូនថែមទៀតទេ។

អ្នកចម្រៀងថោន រូបនេះថា កូនទាំង៣របស់នាង គឺសម្រាលសុទ្ធតែឆ្លងការកាត់ការវះកាត់ទាំងអស់ អីចឹងសុខភាពនាងក៏មិនអំណោយផលក្នុងការយកថែមទៀតដែរ គឺបានកូនប្រុស២ ស្រី១នេះ សមតាមបំណងរបស់នាង និងស្វាមីទៅហើយ។

ទោះជាយ៉ាងណា រដ្ឋា ថា ពេលនេះគីឡូរបស់នាងនៅតែមិនទាន់ស្រកចុះទេ ជាហេតុធ្វើឲ្យនាងមានការបារម្ភខ្លះៗដែរ ខណៈដែលគ្រូពេទ្យបានប្រាប់នាងថា ទាល់តែក្រោយសម្រាលកូនបាន៥ខែ ទើបអាចហាត់បា្រណសម្រកគីឡូវិញបាន ហើយនាងស្រលាញ់ត្រឹមទម្ងន់ពី៤៧ទៅ៤៨គីឡូទេ តែពេលនេះគឺឡើងជិត៦០គីឡូទៅហើយ។

យក់ ថិតរដ្ឋា បានសម្រាលកូនទី៣ ជាកូនស្រី កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ដោយនាងដាក់ឈ្មោះកូនថា ឃុំ រដ្ឋាណាតាលី អាយុទើបជាង២ខែ ខណៈដែលកូនប្រុសទី១ របស់នាង ឈ្មោះឃុំ រដ្ឋាណាលីដូ អាយុជាងជាង១៣ឆ្នាំ និងកូនទី២ ឈ្មោះឃុំ រដ្ឋាណាលីឌី អាយុជាងជាង៥ឆ្នាំហើយ។

រដ្ឋា បន្ថែមថាមិនអាចបណ្ដោយឲ្យមានកូនទី៤នោះទេ គឺត្រូវតែមានការប្រុងប្រយ័ត្ន ព្រោះការសម្រាលកូនដោយវះកាត់ញឹកញាប់ពេក ធ្វើឲ្យស្ថានភាពសុខភាពរបស់នាងប្រឈមការចុះខ្សោយថែមទៀត។

ដោយឡែក ទាក់ទងរឿងអាជីពចម្រៀងនៅថោន វិញ រដ្ឋា បានឲ្យដឹងថា នៅពេលដែលនាងមានគីឡូស្រកជាងនេះបន្ដិច គឺនាងនៅតែបន្ដរច្រៀងសម្ដែងធម្មតា ហើយនាងគ្មានគម្រោងប្ដូរផលិតកម្មនោះទេ បើទោះជាមុននេះតារាសំខាន់២ដួង របស់ថោន គឺមាស សុខសោភា និងខេម បានដើរចេញព្រមគ្នាក្ដី។

យក់ ថិតរដ្ឋា បានចាប់ដៃលោកឃុំ ប៉ុណ្ណាដែត រយៈពេលជិត១៤ឆ្នាំ ដោយទទួលបានចំណងដៃកូន៣នាក់ ហើយជីវភាពគូស្នេហ៍តារា១គូនេះ ធូរធាខ្លាំងណាស់ ដូចជាពេលនេះពួកគេទិញបានផ្ទះជាច្រើនកន្លែង ហើយរដ្ឋា ជិះរថយន្ដទំនើប២គ្រឿងឆ្លាស់គ្នា គឺ Lexus LX570 និង Range Rover ៕