Tuesday, August 19, 2025
Homeព័ត៌មានជាតិពលករខ្មែរនៅកូរ៉េ ឲ្យលុយនាងគ្រប់ហើយ ខកចិត្តមិនស្ទើរ

ពលករខ្មែរនៅកូរ៉េ ឲ្យលុយនាងគ្រប់ហើយ ខកចិត្តមិនស្ទើរ

ខេត្តសៀមរាប ៈ នារីរូបស្រស់ម្នាក់បានបើកលក់គ្រឿងអលង្ការ (ខ្សែកមាស និងបន្តោង) តាមអនឡាញ ឈ្មោះ “អាលីហ្សា អនឡាញ” លុះក្រោយមកក៏ត្រូវបានពលករខ្មែរ កំពុងធ្វើការនៅប្រទេសកូរ៉េម្នាក់ បានទិញ ស្រាប់តែក្រោយពេលអ្នកទិញប្រគល់ឱ្យលុយគ្រប់ចំនួន បែរជាស្រីស្អាតជាអ្នកលក់ មិនបានប្រគល់ឥវ៉ាន់ឱ្យតាមការសន្យា ទីបំផុត ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។

ករណីឃាត់ខ្លួនស្រីស្អាតពាក់ព័ន្ធករណីឆបោកខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០។

ស្រីស្អាតដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះភ័ន្ត ភក្តី អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅភូមិកណ្តាល ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ចំណែកជនរងគ្រោះ មានឈ្មោះសាំង វីរុន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាពលករ បច្ចុប្បន្នកំពុងធ្វើការ និងស្នាក់នៅប្រទេសកូរ៉េ។

យោងតាមប្រភពពីសមត្ថកិច្ចជំនាញ បានឱ្យដឹងថា កម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការឃាត់ខ្លួននារីជាជនសង្ស័យឈ្មោះភ័ន្ត ភក្តី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប តាមបញ្ជារបស់លោកព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តសៀមរាប ពាក់ព័ន្ធនឹងករណីឆបោកប្រព្រឹត្តលើបណ្តាញទំនាក់ទំនងសង្គម។

ប្រភពដដែលបន្តថា កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ ជនសង្ស័យបានធ្វើសកម្មភាពលក់ដូរគ្រឿងអង្ការ (ខ្សែកមាស និងបន្តោង) ទៅឱ្យជនរងគ្រោះឈ្មោះសាំង វីរុន ជាពលករខ្មែរធ្វើការនៅប្រទេសកូរ៉េ តាមបណ្តាញទំនាក់ទំនងសង្គម រួចមិនបានធ្វើការប្រគល់អីវ៉ាន់ឱ្យទៅជនរងគ្រោះតាមការសន្យា។ ទីបំផុតក៏ត្រូវជនរងគ្រោះដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ និងឈានដល់ការឃាត់ខ្លួន នារីជាអ្នកលក់រូបស្រស់នេះតែម្តង។

បច្ចុប្បន្ន នារីជាជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES