ខេត្តកណ្តាល ៖ បុរស៦នាក់ អះអាងថាជាមន្ត្រីនគរបាលផ្នែកបង្ការនិងពន្លត់អគ្គិភ័យ បាននាំដើរលក់បំពង់ពន្លត់អគ្គិភ័យនៅតាមផ្ទះប្រជាពលរដ្ឋ ដោយគ្មានច្បាប់ទម្លាប់ ទើបប្រជាពលរដ្ឋមានការសង្ស័យ ក៏ទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះអន្តរាគមន៍ហៅអ្នកទាំង៦ ទៅកាន់ប៉ុស្តិ៍នគរបាល ដើម្បីសាកសួរ។

ករណីខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ។
ជនសង្ស័យដែលអះអាងជាមន្ត្រីប៉ូលិស បានប្រើប្រាស់មធ្យោបាយធ្វើដំណើរមាន រថយន្ត១គ្រឿងម៉ាក FORD RANGER ពណ៌ទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ 2AQ-0304 និងម៉ូតូ១គ្រឿង ម៉ាក SL ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 1AX-6848 សម្រាប់ធ្វើជាមធ្យោបាយដើរលក់បំពង់ពន្លត់អគ្គិភ័យ នៅចំណុចភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ។

បន្ទាប់ពីទទួលការរាយការណ៍ពីប្រជាពលរដ្ឋ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដើមមៀន បានចុះដល់កន្លែងកើតហេតុ ហៅអ្នកទាំង៦នាក់នោះ ទៅប៉ុស្តិ៍ ដើម្បីសាកសួរ។

ជនសង្ស័យទាំង ៦នាក់ខាងលើ រួមមាន ទី១- អនុសេនីយ៍ឯក ហែម ហ៊ុំ អត្តលេខ៣១៥៦១ ជាមន្ត្រីចូលនិវត្តន៍ច្រើនឆ្នាំ ទី២- អនុសេនីយ៏ទោ ឌួង ចាន់សិត្យា ឋានៈជាមន្ត្រី ទី៣- ឈ្មោះសាន វឌ្ឍនៈ ជាមន្ត្រីជាប់កិច្ចសន្យា (អ្នកបើកបររថយន្ត) ទី៤- ឈ្មោះហៀក វិរៈសាក ជាមន្ត្រីជាប់កិច្ចសន្យា ទី៥- ឈ្មោះថោង ថាន់ ជាមន្ត្រីជាប់កិច្ចសន្យា និងទី៦- ឈ្មោះដែក សម្បត្តិ ជាមន្ត្រីជាប់កិច្ចសន្យា។

ជុំវិញករណីខាងលើនេះ លោកឧត្តមសេនីយ៍ទោ ឈឿន វិចិត្ត ស្នងការខេត្តកណ្តាល កំពុងធ្វើរបាយការណ៍ ដើម្បីបញ្ជូនមន្ត្រីនគរបាលបង្ការពន្លត់អគ្គិភ័យ ទាំង៦នាក់នោះ មកជូនស្នងការដ្ឋាននរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕