ខេត្តពោធិ៍សាត់ ៖ ផ្ទះលក់ចាប់ហួយមួយខ្នង សង់ជាប់មាត់ស្ទឹង ត្រូវបានបាក់ដីធ្លាក់ទាំងផ្ទះចូលក្នុងទឹកស្ទឹង ទាំងកណ្តាលអធ្រាត្រ បង្កឱ្យរងការខូចខាតអស់ទាំងស្រុង ប៉ុន្តែសំណាងល្អ ម្ចាស់ផ្ទះបានរួចរស់ជីវិត មិនមានគ្រោះថ្នាក់អ្វីនោះទេ។
ហេតុការណ៍បាក់ដីច្រាំងស្ទឹង ធ្លាក់ផ្ទះ១ខ្នងចូលទឹកខាងលើនេះ បានកើតឡើងកាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅត្រង់ចំណុចច្រាំងស្ទឹងពោធិ៍សាត់ ស្ថិតនៅភូមិកំពង់ក្រសាំងលើ ឃុំកណ្តៀង ស្រុកកណ្តៀង។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះធឿន មុំ ភេទស្រី អាយុ៤២ឆ្នាំ បច្ចុប្បន្នរស់នៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកផ្ទះដែលទទួលរងការខូចខាតទាំងស្រុងនោះ ជាប្រភេទផ្ទះសង់ពីដែក ដំបូលប្រក់ស័ង្កសី ជញ្ជាំងបាំងស័ង្កសី ក្រាលរនាបក្តារ មានទំហំ១០ម៉ែត្រ គុណនឹង៧ម៉ែត្រ។
ប្រភពដដែល បន្តថា មុនពេលកើតហេតុ នៅវេលារំលងអធ្រាត្រឈានចូលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ សមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា មានករណីបាក់ដីច្រាំង ធ្វើឱ្យផ្ទះលក់ចាប់ហួយមួយខ្នង ធ្លាក់ចូលទឹកស្ទឹងនៅចំណុចកើតហេតុ។ ភ្លាមៗនោះ សមត្ថកិច្ចបានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ ដោយសហការជាមួយប្រជាពលរដ្ឋជួយស្រង់បានសម្ភារ:មួយចំនួនមកវិញ ប៉ុន្តែផ្ទះត្រូវរងការខូចខាតអស់ទាំងស្រុងទៅហើយ និងចាត់ទុកថាជាសំណាងធំណាស់ ដែលម្ចាស់ផ្ទះបានរួចរស់ជីវិត មិនមានគ្រោះថ្នាក់អ្វីឡើយ។

តាមការបញ្ជាក់ឱ្យដឹងពីម្ចាស់ផ្ទះ នៅក្នុងហេតុការណ៍នេះ បានបង្កឱ្យរងការខូចខាត ផ្ទះ ១ខ្នងទាំងស្រុង និងអីវ៉ាន់ចាប់ហួយ គិតសរុបជាទឹកប្រាក់ ប្រមាណ១៦លានរៀល៕