Tuesday, August 19, 2025
Homeតារាខ្មែរកញ្ញាវីរៈ និច្ច ចំណាយទុនច្រើនគួរសម បើកហាងលក់ខោអាវ

កញ្ញាវីរៈ និច្ច ចំណាយទុនច្រើនគួរសម បើកហាងលក់ខោអាវ

តារាចម្រៀងសាន់ដេ កញ្ញាវីរៈ និច្ច បានឲ្យដឹងថា នាងបានសម្រេចចិត្តបើកហាងលក់សម្លៀកបំពាក់មួយកន្លែង ដែលមានទីតាំងនៅក្បែរផ្សារស្ទឹងមានជ័យថ្មី ដោយចំណាយទុនក្បែរ៥ម៉ឺនដុល្លារ។ នាងថា ពេលនេះហាងនោះកំពុងតែសាងសង់ជិតរួចរាល់ហើយ និងរៀបចំដេគ័រថែមទៀត ដែលយ៉ាងយូរនៅចុងឆ្នាំ២០២០នេះ នឹងរួចរាល់។

ទោះជាយ៉ាងណា វិរៈ និច្ច ថា គ្មានគម្រោងធ្វើពិធីសម្ពោធធំដុំនោះទេ គឺមានតែសម្ពោធហាងនោះជាលក្ខណៈគ្រួសារប៉ុណ្ណោះ។

វីរៈ និច្ច បានឲ្យដឹងថា នាងបានប្រកបរបរក្រៅសិល្បៈលក់សម្លៀកបំពាក់ជាច្រើនឆ្នាំមកហើយ តែកន្លងមកលក់តែតាម Online​ទើបតែពេលនេះរកទីតាំងបើកហាងតែម្ដង ហើយសម្លៀកបំពាក់ទាំងនោះ នាងយកមកពីប្រទេសជិតខាង។ នាងថា ហាងរបស់នាងមិនមែនសម្រាប់តែអតិថិជនកាលីព ទើបអាចចូលបាននោះទេ ពោលគឺលក់ក្នុងតម្លៃសមរម្យ ដែលអ្នកណាក៏ជាអតិថិជនរបស់នាងដែរ។

វីរៈ និច្ច បន្ថែមថា មូលហេតុដែលនាងបើកហាងលក់សម្លៀកបំពាក់ ចំរដូវកូវីដ-១៩ មិនទាន់ស្ងាត់នេះ ព្រោះនាងគិតថា មិនប៉ះពាល់ដល់ហាងនាងច្រើនទេ ដោយសារតែទីតាំងនោះអំណោយផល។

ស្រីស្រស់រូបនេះវាចាថា កន្លងមកនាងធ្លាប់សាកល្បងរកស៊ីផ្នែក Cosmetics ដែរ តែមិនជោគជ័យដូចសម្លៀកបំពាក់ទេ ទើបសម្រេចចិត្តយកពង្រឹងអាជីវកម្មនេះតែម្ដង។

វីរៈ និច្ច មានឈ្មោះដើមថា ឆេង ស្រីនិច្ច ជាអតីត Freshie លេខ២ កាលពីឆ្នាំ២០១៤ ហើយនាងក៏ជាក្មួយស្រីបង្កើតរបស់តារាចម្រៀងខាន់ ជេមស៍ ផងដែរ។ ស្រីស្អាតរូបនេះត្រូវម្ដាយតាមជាប់ជានិច្ច ទើបគេមិនដឹងថា បុរសណាជាគូស្នេហ៍របស់នាង ខណៈដែលកន្លងមកនាងធ្លាប់បង្ហាញភាពស្និទ្ធស្នាលគ្នាប្លែកជាមួយនាយចឺម រហូតដល់គេសង្ស័យថា ពួកគេមានស្នេហាជាមួយគ្នាទៀតផង តែទាំងសងខាងបានច្រានចោល។

ម្ចាស់បទ ”សម័យនេះស្រលាញ់ស្មោះ ម៉េចស្ទាវ” រូបនេះ តែងតែវាចាថា បេះដូងនាងនៅទំនេរ ហើយនាងថា នាយចឺម មិនដែលបន្លំកេងចំណេញលើរូបនាងឡើយ ទោះជាស្និទ្ធស្នាលគ្នាខ្លាំងក្ដី។

វីរៈ និច្ច បញ្ជាក់ថា ទោះជាពេលនេះកូវីដ-១៩ មិនទាន់ស្ងាត់ ប៉ុន្ដែនាងត្រៀមចេញបទស្លូវ៣បទ នៅចុងខែ១១ នេះ៕

RELATED ARTICLES