ខេត្តកំពង់ចាម ៖ បុរសជនជាតិចិនម្នាក់ បានលួចរត់គេចចេញពីកន្លែងធ្វើចត្តាឡីស័ក មួយកន្លែង ក្នុងសណ្ឋាគារមេគង្គ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម បាត់អស់រយៈពេល ២ថ្ងៃ ទើបកម្លាំងនគរបាល បានតាមរកឃើញនៅសង្កាត់វាលវង់ ក្រុងកំពង់ចាម មានចម្ងាយប្រមាណ១គីឡូម៉ែត្រ ពីសណ្ឋាគារ។
លោកវរសេនីយ៍ឯក សុខ យ៉េន អធិការនគរបាលស្រុកស្រីសន្ធរ បានបញ្ជាក់ឱ្យដឹង កាលពីរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ ថា មុនពេលកើតេហតុ បុរសជនជាតិចិន រូបនោះបានជិះម៉ូតូស្មាស់កញ្ចាស់មួយគ្រឿង មកឈប់នៅឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ដោយបាន ទុកម៉ូតូនោះចោល។ បន្ទាប់មក បុរសជនជាតិចិននោះបានឡើងជិះរថយន្តឈ្នួល ដើម្បីបន្តដំណើរទៅមុខទៀត។ លុះមកដល់ចំណុចឃុំផ្ទះកណ្តាល ក៏បានចុះពីលើរថយន្តនោះដោយមិនហ៊ានជិះទៅមុខទៀត ខ្លាចគេយកថ្លៃ។

ដំណឹងនេះ បានឮដល់សមត្ថកិច្ច ហើយក៏បានឱ្យមន្ត្រីនគរបាល តាមរកជនជាតិចិន នោះ ដោយធ្វើការទាក់ទងតាមបណ្តាប៉ុស្តិ៍ផ្សេងៗជាច្រើន ក្នុងស្រុកស្រីសន្ធរ ឱ្យជួយស្ទាក់។
លោកអធិការ បន្តថា បន្ទាប់មក ត្រូវបានកម្លាំងប៉ុស្តិ៍ព្រែកពោធិ៍ ស្ទាក់ម៉ូតូកង់បីដែលបុរសជនជាតិចិន នោះជិះ ពេលសាកសួរ មិនមានឯកសារណាបន្តិចសោះ។ ដោយទទួលបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត ឱ្យធ្វើការតាមដាន និងសាកសួរ ក្រែងមានការពាក់ព័ន្ធទៅនឹងបទល្មើសព្រហ្មទណ្ឌណាមួយ។
បន្ទាប់មក នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ បុរសជនជាតិចិន នេះ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត និងបានយកទៅដាក់នៅសណ្ឋាគារមេគង្គ មាត់ទន្លេក្រុងកំពង់ចាម ជាកន្លែងធ្វើចត្តាឡីស័ក តែបុរសជនជាតិចិន នេះ បានលួចហែកចម្រឹងបង្អួច រត់ចេញ ធ្វើឱ្យកម្លាំងសមត្ថកិច្ច តាមរកគ្រប់ៗគ្នា។ ដោយបានលួចរត់ចេញ រយៈពេល២ថ្ងៃ ទើបតាមរកឃើញ នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០។

ដោយឡែក តាមសម្តីស្ត្រីជាម្ចាស់កង់ នៅសង្កាត់វាលវង់ ក្រុងកំពង់ចាម បានបញ្ជាក់ប្រាប់ថា នៅវេលាម៉ោងប្រមាណ ៨ព្រឹក ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ បុរសជនជាតិចិន ដែលបានលួចរត់ចេញពីសណ្ឋាគារមេគង្គ មកយកកង់របស់គាត់ដែលដាក់នៅមុខផ្ទះ ជិះចេញ ទៅទិសខាងត្បូង ហើយត្រូវបានកម្លាំងនគរបាល ជិះម៉ូតូតាមពីក្រោយប្រកៀកប្រកិត ហើយក៏មកទាន់នៅជិតខារ៉ាអូខេ សុភសុពណ៌ ក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម។
តាមប្រភពពីសាក្សីម្នាក់ទៀត បានឱ្យដឹងថា បន្ទាប់ពីកម្លាំងនគរបាលតាមទាន់ បុរសជនជាតិចិន រូបនោះ ពេលដែលបុរសនេះមកអង្គុយនៅលើចិញ្ចើមផ្លូវ មាត់លូ បុរសនោះ ហាក់បីដូចជាមានសតិមិនស្រួល ដោយចាប់ទាញអាវ និងទាញខោរហែក ពេលដែលរថយន្តពេទ្យ មកដល់ បុរសនោះក៏បានដើរតម្រង់ឡើងលើរថយន្ត។ ជាមួយនោះ កម្លាំងភ្នាក់ងាររបស់ពេទ្យ ក៏បានបាញ់ថ្នាំសម្លាប់មេរោគ នៅកន្លែងដែលបុរសជនជាតិចិន នោះអង្គុយ និងកន្លែងផ្សេងទៀត។

អធិការនគរបាលស្រុកស្រីសន្ធរ បញ្ជាក់ថា តាមរយៈការយកសំណាកបុរសជនជាតិចិន នេះទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ លទ្ធផលបានឱ្យដឹង នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ បុរសនោះអវិជ្ជមានវីរុសកូវីដ-១៩ ។ បើសិនណាមានមេរោគមែននោះ មន្ត្រីគរបាលនៅស្រុកស្រីសន្ធរ ជាច្រើននាក់ អាចនឹងត្រូវនាំគ្នាមកធ្វើចត្តាឡីស័ក នៅសណ្ឋាគារមេគង្គ ក្រុងកំពង់ចាម។ មួយវិញទៀត បើតាមពិនិត្យមើលជាក់ស្តែង បុរសជនជាតិចិន នេះទំនងដូចជាមនុស្សសរសៃប្រសាទ។
ក្រុមគ្រូពេទ្យ បានប្រាប់ឱ្យដឹងដែរថា បុរសជនជាតិចិន រូបនោះ ត្រូវបានបញ្ជូនទៅផែនអន្តោប្រវេសន៍ នៅរាជធានីភ្នំពេញ ៕