ខេត្តកំពង់ធំ ៖ ក្មេងស្រីម្នាក់បានសុំម្តាយចេញទៅលេងផ្ទះម្តាយមីង រួចក៏ចាកចេញទៅបាត់មិនឃើញវិលត្រឡប់មកផ្ទះវិញសោះ ទោះជាក្រុមគ្រួសារខំតាមរកយ៉ាងណានៅតែមិនឃើញ ជាហេតុនាំឱ្យឪពុកម្តាយកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង។
ក្មេងស្រីដែលបាត់ខ្លួនចេញពីផ្ទះអស់រយៈពេល៦ថ្ងៃដោយគ្មានដំណឹងខាងលើនេះ មានឈ្មោះហេង ស្រីហួយ អាយុ១២ឆ្នាំ មានឪពុកឈ្មោះយ៉ាត ហេង ម្តាយឈ្មោះភាង ហេង មានស្រុកកំណើតនៅភូមិព្យាបឹងវែង ឃុំបាធាយ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម សព្វថ្ងៃស្នាក់នៅជាមួយបងស្រី នៅក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។ ក្មេងស្រីរូបនេះបានចេញបាត់ពីផ្ទះ តាំងពីវេលាម៉ោង៤រសៀល ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០។ឮ

តាមប្រភពពីឪពុកម្តាយរបស់ក្មេងស្រីដែលបាត់ខ្លួនខាងលើ បានរៀបរាប់ប្រាប់ថា កូនស្រីរបស់គាត់ (ហេង ស្រីហួយ) សព្វថ្ងៃរស់នៅជាមួយបងស្រីនៅចំណុចភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ខណៈដែលពួកគាត់ជាឪពុកម្តាយរស់នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ កូនស្រីរូបនេះបានប្រាប់បងស្រីគេថា ទៅលេងផ្ទះមីង (តែមិនបានបញ្ជាក់ពីទីតាំងទេ) រួចក៏បាត់ខ្លួនរហូតមិនឃើញវិលត្រឡប់មកផ្ទះវិញសោះ។ រហូតមកដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយនៅតែមិនឃើញមកផ្ទះទៀត ទូរស័ព្ទក៏ខលមិនចូលនៅតែរកមិនឃើញ រហូតដល់ពេលនេះ។
ជាមួយនេះ ក្រុមគ្រួសារក៏បានប្តឹងទៅអាជ្ញាធរសង្កាត់ស្ទឹងមានជ័យ៣ ឱ្យជួយស្វែងរកផងដែរ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។

ឪពុកម្តាយក្មេងស្រីដែលបាត់ខ្លួនខាងលើ បានប្រកាសអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ ដែលបានប្រទះឃើញក្មេងស្រីដែលមានភិនភាគដូចក្នុងរូបថត សូមមេត្តាទំនាក់ទំនងលេខទូរស័ព្ទលោកឯម ភារី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យ៣ ឬតាមរយៈទូរស័ព្ទលេខ ០៩៥ ៥៥ ៥៥ ០៣ ដោយក្តីអនុគ្រោះ៕