Tuesday, August 19, 2025
Homeព័ត៌មានជាតិចង់ចូលធ្វើយោធា គាត់ជួយបាន ម្នាក់អស់៤០០០ដុល្លារឡើងទៅ តែចុងក្រោយ...

ចង់ចូលធ្វើយោធា គាត់ជួយបាន ម្នាក់អស់៤០០០ដុល្លារឡើងទៅ តែចុងក្រោយ…

ខេត្តក្រចេះ ៖ បុរសម្នាក់បានធ្វើសកម្មភាពដើរបោកប្រាស់គេ ក្នុងទំហំទឹកប្រាក់រាប់ម៉ឺនដុល្លារ ដោយសន្យាធានានាំចូលបម្រើការងារក្នុងក្របខ័ណ្ឌយោធា នៃបញ្ជាការដ្ឋានទ័ពជើងគោក ត្រូវកម្លាំងអាវុធហត្ថស្រុកសម្បូណ៌ ចាប់ឃាត់ខ្លួនកាលពីយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ ខណៈជននេះបានគេចខ្លួនបាត់ពីផ្ទះអស់ជាច្រើនខែ ទើបវិលមកលំនៅឋានវិញ។

តាមប្រភពព័ត៌មានពីមន្ត្រីកងរាជអាវុធហត្ថ បានឱ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះហ៊ាង កុសល្យ មានលំនៅក្នុងឃុំសម្បូណ៌ ស្រុកសម្បូណ៌។

ប្រភពដដែល បន្តថា ជនឆបោករូបនេះបានធ្វើសកម្មភាពរយៈពេលជិតមួយឆ្នាំមកហើយ មិនត្រឹមតែអ្នកក្នុងខេត្តក្រចេះ ទេដែលរងគ្រោះដោយសារការឆបោករបស់គេ សូម្បីតែអ្នកនៅតាមបណ្តាខេត្តផ្សេង ក៏រងការចាញ់បោកជនសង្ស័យរូបនេះ មិនតិចនាក់ឡើយ។

នៅចំពោះមុខសមត្ថកិច្ច ជនឆបោកខាងលើ បានឆ្លើយសារភាពថា រូបគេជាអ្នករត់ការឱ្យចូលបម្រើរការងារក្នុងក្របខ័ណ្ឌយោធា និងបានបោកប្រាស់ជនរងគ្រោះក្នុងម្នាក់ៗ ចាប់ពី៤ពាន់ដុល្លារ ឡើងទៅ ជាថ្នូរនឹងការរត់ការឱ្យជាប់ពេញសិទ្ធិក្នុងក្របខ័ណ្ឌ។

កម្លាំងកងអាវុធហត្ថខេត្ត បានឃាត់ខ្លួនជននេះ និងដកហូតរថយន្តស៊េរីទំនើប ១គ្រឿង មករក្សាទុក ដើម្បីបន្តនីតិវិធីទៅតុលាការ។

នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ជនសង្ស័យត្រូវបានឃាត់ខ្លួនមកសាកសួរនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ខណៈជនរងគ្រោះជាច្រើននាក់ ដែលត្រូវគេឆបោក កំពុងតែមកដាក់ពាក្យបណ្តឹងនៅមូលដ្ឋានអាវុធហត្ថស្រុក ជាបន្តបន្ទាប់ផងដែរ៕

RELATED ARTICLES