ភ្នំពេញ ៖ ស្ត្រីម្នាក់បន្ទាប់ចេញពីធ្វើតេស្តរោងចក្រ ត្រូវក្រុមជំនាញទម្លាក់យោង ល្បួងបញ្ឆោតនាំទៅដោះយកខ្សែក ខ្សែដៃ ចិញ្ចៀន ក្រវិល អស់ពីខ្លួន កាលពីវេលាម៉ោង ៥និង៤០នាទីល្ងាច ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។
ស្ត្រីរងគ្រោះឈ្មោះចាន់ ណា អាយុ៣០ឆ្នាំ ទើបតែមកពីស្រុក កំពុងរកការងារធ្វើ ស្នាក់នៅបន្ទប់ជួលភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកសម្ភារ:បាត់បង់ រួមមាន ខ្សែកមាស ៣ជី ចិញ្ចៀន ១វង់ ក្រវិល ខ្សែដៃ សរុបជាង ១ពាន់ដុល្លារ។

តាមសម្តីស្ត្រីរងគ្រោះ បានរៀបរាប់ទាំងទឹកភ្នែកថា មុនកើតហេតុ នាងបានទៅធ្វើតេស្តនៅរោងចក្រ QMI មិនទាន់ដឹងថាលទ្ធផលយ៉ាងម៉េចផង ស្រាប់តែពេលចេញមកវិញ ដើរសំដៅទៅផ្ទះជួលវិញ ក៏លេចមុខស្ត្រីសង្ស័យម្នាក់ដើរមកប្រាប់ថា គេរើសបានខ្សែកមាស ២តម្លឹង រួចក៏ទាក់មាត់ទាក់សម្តីគ្នា។
បន្ទាប់មកក៏មានជនសង្ស័យប្រុសម្នាក់ទៀត ជិះម៉ូតូសេ១២៥ មកប្រាប់ថា កុំមាត់ គាត់រើសបាន ទុកចែកគ្នា ហើយក៏ល្បួងលួងបញ្ឆោតគាត់ឱ្យជិះម៉ូតូឌុបមួយគ្រឿងផ្សេងទៀត សរុបជនសង្ស័យ ៣នាក់ (ប្រុស២ ស្រី១) ជិះម៉ូតូ ២គ្រឿង ដឹគាត់ធ្វើដំណើរទៅខាងកើតផ្សារព្រៃទា ម្តុំមាត់ប្រឡាយ។
លុះទៅដល់ ជនសង្ស័យប្រើល្បិចដោះយកគ្រឿងអលង្ការរបស់នាងអស់ពីខ្លួន ហើយហុចកញ្ចប់១ឱ្យនាងកាន់ ហើយភ្លាមនោះ ជនសង្ស័យទាំង៣នាក់ប្រុងជិះម៉ូតូចេញ ទើបនាងភ្ញាក់ដឹងខ្លួនថា ចាញ់បោកគេ ក៏ស្ទុះចាប់តោងកន្ទុយម៉ូតូជនសង្ស័យប្រុសស្រី ២នាក់ជាប់ ស្រាប់តែជនសង្ស័យបានបញ្ឆេះម៉ូតូជិះចេញ ធ្វើឱ្យនាងត្រូវអូសតាមម៉ូតូ ជិត៥០០ម៉ែត្រ ដល់ត្រង់ចំណុចភូមិកាកាប សង្កាត់កាកាប២ ទាញលែងឈ្នះ ទ្រាំលែងបាន ក៏របូតដៃដួលខ្លួនឯងរបួសពេញខ្លួនប្រាណ អង្គុយស្រែយំស្តាយរបស់ផង ឈឺខ្លួនផង ឯម៉ូតូជនសង្ស័យជិះទៅបាត់ស្រមោល។

ក្រោយពីបាត់បង់អស់ទ្រព្យសម្បត្តិ ដោយសារចាញ់ល្បិចបោកក្រុមទម្លាក់យោង រួចមក ស្ត្រីរងគ្រោះបានអង្គុយយំនៅកន្លែងកើតហេតុ មួយសន្ទុះ ទើបឃើញបុរសជាប្តីមកដល់ ដឹកទៅមន្ទីរពេទ្យ និងត្រូវបានបងប្អូនប្រជាពលរដ្ឋណែនាំឱ្យទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍កាកាបទី២ ដើម្បីតាមវែកមុខក្រុមជនសង្ស័យ នាំយកមកចាត់ការតាមច្បាប់៕