ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញចុះឃាត់ខ្លួនតាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីឆបោកមានស្ថានទម្ងន់ទោស និងឆ្លងដែនមិនស្របច្បាប់ ប្រព្រឹត្តនៅរាជធានីភ្នំពេញ។
ប្រតិបត្តិការចាប់ឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង ១២និង៣០នាទី ថ្ងៃត្រង់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចឃុំពោធិ៍ ស្រុកកំពង់លែង។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះរឿន រដ្ឋា ភេទប្រុស អាយុ៣១ឆ្នាំ មានលំនៅក្នុងភូមិថ្មី ឃុំពោធិ៍ ស្រុកកំពង់លែង។
សមត្ថកិច្ច បានបញ្ជាក់ថា ប្រតិបត្តិការខាងលើ ដឹកនាំដោយលោកស្រីឧត្តមសេនីយ៍ត្រី មាស សុម៉ាលី ស្នងការរងផែនប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដោយអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ៧៩២ របស់លោកលី សុខលេង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឱ្យចាប់ខ្លួនឈ្មោះរឿន រដ្ឋា ពីបទឆបោកមានស្ថានទម្ងន់ទោស និងឆ្លងដែនមិនស្របច្បាប់ ប្រព្រឹត្តនៅរាជធានីភ្នំពេញ។

លទ្ធផល ឃាត់ខ្លួនជនសង្ស័យខាងលើបាន បញ្ជូនទៅកាន់នាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន៕