Tuesday, August 19, 2025
Homeតារាខ្មែរមាស សុខសោភា បរាជ័យជួយបងប្រុស សុខចិត្តចេញទៅផលិតកម្មមួយ ច្រៀងផង ទៅរកស៊ីផង?

មាស សុខសោភា បរាជ័យជួយបងប្រុស សុខចិត្តចេញទៅផលិតកម្មមួយ ច្រៀងផង ទៅរកស៊ីផង?

មាស សុខសោភា ធ្លាប់ឮព័ត៌មានថា ចូលហង្សមាស ជាង១០ឆ្នាំទៅហើយ តែទីបំផុតនាងនៅតែមិនទាន់អាចក្លាយទៅជាសមាជិកផលិតកម្មធំនេះដដែល ខណៈដែលការចរចារចុងក្រោយ នៅឆ្នាំ២០២០នេះ ត្រូវបរាជ័យសាជាថ្មីម្ដងទៀត ហើយអ្វីដែលធ្វើឲ្យមហាជនស្ទើរតែមិនគួរឲ្យជឿនោះ សោភា បានមើលរំលងទាំងហង្សមាស និង Galaxy ដោយទៅចុះកុងត្រាជាមួយផលិតកម្មថ្មីមួយ ឈ្មោះ “Ream” ដែលមិនធ្លាប់ផលិតចម្រៀងទាល់តែសោះពីមុន។

មតិភាគច្រើនបានយល់ថា មាស សុខសោភា អាចយកការចរចានោះ ភ្ជាប់ជាមួយតំណែងបងប្រុសរបស់នាង លោកមាស សុខរតនៈ នៅផលិតកម្មធំដូចហង្សមាស នោះ ទើបត្រូវជាប់គាំងជាបន្ដបន្ទាប់បែបនេះ ព្រោះថា ហង្សមាស មានអ្នកគ្រប់គ្រងផលិតកម្មមួយនេះរួចទៅហើយនោះ គឺលោកអ៊ឹង សុខលាភ ដែលជាកូនប្រុសរបស់លោកឧកញ៉ាអ៊ឹង ឆៃងួន ថៅកែហង្សមាស។

គេថា ហង្សមាស នឹងមិនងាយរុះរើរចនាសម្ព័ន្តទេ តែបើលោករតនៈ ទៅក្នុងតំណែងជាអ្នកនិពន្ធ ដូចលោកខេមរៈ ភារុណ បងប្រុសរបស់ខេមរៈ សិរីមន្ដ នោះ ច្បាស់ជាគ្មានហេតុផលណាមួយដែលផលិតកម្មនេះ ប្រឆាំងនឹងជំទាស់នោះទេ។

ដោយឡែកមាស សុខសោភា បានប្រាប់កាលពីពេលថ្មីនោះថា ការចរចារវាងនាង និងផលិតកម្មនោះ គឺពិតជាធ្វើជាកញ្ចប់មែន ប៉ុន្ដែនាងមិនប្រាប់ពីលក្ខខណ្ឌ និងតួនាទី ដែលបងប្រុសនាងចង់បាននោះទេ។ នាងថា បងប្រុសនាងលោករតនៈ ធ្វើការងារសិល្បៈជាច្រើនឆ្នាំមកហើយ ហេតុនេះហើយគាត់ចង់សម្រាកកិច្ចការនេះមួយរយៈសិន អំឡុងពេលដែលនាងត្រៀមចេញមុខនៅផលិតកម្មថ្មីមួយ នៅអំឡុងខែធ្នូ ឆ្នាំ២០២០ នេះ។

អ្នកជំនាញសិល្បៈបានព្រមានមាស សុខសោភា ថា បើសិនជានាងចរចាចូលផលិតកម្មធំមួយ ភ្ជាប់ជាមួយតួនាទីរបស់បងប្រុសនាងនោះ គឺនាងមិនអាចឈានទៅធ្វើកិច្ចការធំបានទេ ព្រោះការងារផ្សេងគ្នា ហើយនាងប្រាកដជាពិបាកសម្រេចក្នុងការឈានទៅដល់ទិសដៅបានណាស់។

អ្វីដែលស្មុគស្មាញនៅពេលនេះ មាស សុខសោភា បានសម្រេចចិត្តទៅផលិតកម្មថ្មីមួយ ដែលគេជឿថា ទៅដល់ទ្រនំនោះនាងនៅតែធ្វើបទចម្រៀងដោយខ្លួនឯង ដូចនាងច្រៀងនៅ Camtrax ជាផលិតកម្មផ្ទាល់ខ្លួននាងដែរ។

ដោយឡែក ការបោះបង់ឱកាសធំ២ ក្នុងពេលតែមួយ គឺការមិនទៅចូលហង្សមាស និង Galaxy នោះ ធ្វើឲ្យសោភា ហាក់ពិបាកទប់លំនឹងជាតារាចម្រៀងស្រីជួរមុខទៅទៀត។

អ្នកជំនាញសិល្បៈបានលើកឡើងថា ការចូលហង្សមាស របស់មាស សុខសោភា នៅពេលនេះ ជាពេលវេលាអំណោយផលមួយសម្រាប់នាង ព្រោះគូប្រជែងរបស់នាង ឱក សុគន្ធកញ្ញា មានប្ដីនិងកូន១ទៅហើយ ខណៈដែលពេជ្រ សោភា កំពុងតែស្ងប់ស្ងាត់។

ប៉ុន្ដែការចូល Galaxy រឹតតែជាឱកាសល្អបំផុតសម្រាប់នាង ព្រោះការចាប់ដៃគូជាមួយកំពូលតារាចម្រៀងព្រាប សុវត្ថិ នឹងធ្វើឲ្យនាងឡើងជាតារាស្រីលេខ១ ហើយធ្វើឲ្យតារាស្រីជួរមុខទាំងឡាយចាប់ផ្ដើមរង្គោះរង្គើទាំងអស់។

យ៉ាងណា សោភា មិនក្ដាប់ឱកាសទាំងនេះទេ ដោយនាងមានជំនឿចិត្តថា ធ្លាប់ទៅច្រៀងនៅផលិតកម្មណាល្បីនៅទីនោះ ទើបពេលនេះនាងសុខចិត្តទៅ Ream ដោយមិនសំដៅទៅច្រៀងតែមួយផ្នែកទេ ប៉ុន្ដែគឺទៅរកស៊ីលក់ផលិតផលជាមួយថៅកែស្រីផលិតកម្មនេះដែរ។

ប៉ុន្ដែយ៉ាងណា នៅពេលបទចម្រៀងរបស់មាស សុខសោភា មិនទាន់ចេញបើកឆាកនោះ គេមិនអាចវាយតម្លៃថា នាងដើរផ្លូវត្រូវ ឬខុសនោះទេ ស្របពេលដែលស្វាមីនាង លោកអ៊ឹត រ៉ាដា នៅតែចាំលើកទឹកចិត្តសោភា ពីក្រោយខ្នងជានិច្ច ហើយទោះជាសោភា ទៅចូល ឬមិនចូលផលិតកម្មណា ក៏លោករ៉ាដា មិនហ៊ានប្រឆាំងដែរ៕      ហ៊ឹម វិចិត្រ

RELATED ARTICLES