Tuesday, August 19, 2025
Homeតារាខ្មែរលោកព្រាប សុវត្ថិ លែងសូវស្ទាវ

លោកព្រាប សុវត្ថិ លែងសូវស្ទាវ

ព្រាប សុវត្ថិ ដែលទៅជ្រកនៅ Galaxy ជាង២ខែនេះ បទចម្រៀងរបស់លោកស្ទើរតែគ្រប់បទទាំងអស់ ត្រូវបានមហាជនមើលឃើញថា អ្នកនិពន្ធសរសេរតម្រូវឲ្យលោកក្មេងជាងវ័យ ពោលគឺការច្រៀង សម្ដែង វិវត្តន៍ទៅរកស្ទីលកាលពី២២ឆ្នាំមុន ដែលលោកច្រៀងនៅហង្សមាស ឆ្នាំ១៩៩៨។

ហ្វេន ហ្វេន ដែលធ្លាប់តែគាំទ្រព្រាប សុវត្ថិ ជាង២០ឆ្នាំទៅហើយនោះ ហាក់រារែកចិត្តចំពោះបទចម្រៀងថ្មីរបស់កំពូលតារាចម្រៀងរូបនេះ ទើបនៅតាមក្លឹប និងបណ្ដាបៀរហ្គាឌិនទាំងឡាយ នៅតែឮគេនិយមច្រៀងបទព្រាប សុវត្ថិ ចាស់ៗនៅហង្សមាស ឡើងវិញ ខណៈដែលបទថ្មីនៅ Galaxy មិនសូវមានអ្នកយកទៅច្រៀង។

ទោះជាយ៉ាងណា កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ផលិតកម្ម Galaxy បានចេញបទចម្រៀងមនោសញ្ចេតនារបស់ព្រាប សុវត្ថិ ដែលមានចំណងជើងថា ”ពេលណាជួបគេម្ដងទៀត” ដែលបទនេះ ព្រាប សុវត្ថិ បានផ្លាស់ប្ដូរការច្រៀងបែបស្ទាវមកជាសុភាពៗវិញម្ដង ដូចស្ទីលដែលលោកច្រៀងនៅហង្សមាស ដែរ។

តាមរយៈបទនេះ ព្រាប សុវត្ថិ នៅតែមានទឹកដមសំឡេងល្អ មិនទាន់ធ្លាក់ចុះឡើយ ហើយអ្នកដែលធ្លាប់រិះគន់ព្រាប សុវត្ថិ ថាច្រៀងនៅផលិតកម្មថ្មីប៉ារូលច្រៀងស្ទាវពេក មិនសមវ័យរបស់លោកនោះ ចាប់ផ្ដើមងាកមកចាប់អារម្មណ៍លោកឡើងវិញ។

អ្នកនិពន្ធបទភ្លេង (Composer) ម្នាក់ នៅហង្សមាស បាននិយាយដោយសុំមិនឲ្យដាក់ឈ្មោះថា ព្រាប សុវត្ថិ ច្រៀងនៅផលិតកម្មមុននេះ គេថា បែបស្ទាវបន្ដិចនោះ គឺដើម្បីអូសទាញយុវវ័យ និងអ្នកលេង Tik Tok ឲ្យគាំទ្រលោកឡើងវិញ ហើយបន្ទាប់មក Galaxy នឹងធ្វើបទឲ្យលោកច្រៀងបែបនៅហង្សមាស ជាមិនខាន។

អ្នកនិពន្ធរូបនោះបន្តថា បទថ្មីនេះ ព្រាប សុវត្ថិ នៅតែរក្សាសំឡេងបានល្អដដែលទេ មិនធ្លាក់ចុះទេ ហើយលោកឃើញថា ការធ្វើ Lyric Video នោះ គឺស្មើនិង MV ផលិតកម្មខ្លះទៅហើយ។

អ្នកនិពន្ធរូបនោះបន្ថែមថា ផលិតកម្មគេមានលុយ អីចឹងគេចង់ធ្វើអីក៏បានដែរ ហើយផលវិបាក គឺផលិតកម្មតូចៗចំណាយលុយតិច ប្រាកដជាមិនងាយរត់តាមគេ ចំណាយលុយធំនោះទេ។

គេកត់សម្គាល់ថា តាំងពីព្រាប សុវត្ថិ អស់និស្ស័យជាមួយហង្សមាស ២៣ឆ្នាំ ដោយដើរចូល Galaxy ជាផ្លូវការកាលពីថ្ងៃទី២៥ ខែសីហា នោះមក បទចម្រៀងលោកបានចេញបុកនៅលើទីផ្សារជាបន្ដបន្ទាប់តែម្ដង ខណៈដែលលោកខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ នៅហង្សមាស បានចេញទប់ទល់តបវិញភ្លាមៗតែម្ដង។

ទោះជាយ៉ាងណា នៅរយៈពេលចុងក្រោយនេះ បទចម្រៀងរបស់ព្រាប សុវត្ថិ ហាក់ចាញ់ប្រៀបខេមរៈ សិរីមន្ដ បន្ដិច​ ក្រោយពីលោកប៊ុនថៃ ចេញបទ ”ពឺតៗ” ផ្ទុះផ្អើលពេញផ្ទៃប្រទេស។

ប៉ុន្ដែអ្នកជំនាញសិល្បៈបានលើកឡើងថា ត្រឹមលោកសិរីមន្ត  ល្បី១បទ មិនធ្វើឲ្យលោកសុវត្ថិ រង្គើតំណែងឡើយ ហើយព្រាប សុវត្ថិ -ខេមរៈ សិរីមន្ដ ដឹងឈ្នះឬចាញ់គ្នា នឹងបានឃើញច្បាស់នៅខែធ្នូ ឆ្នាំ២០២១ ពោលគឺ១ឆ្នាំពេញ នៅឆ្នាំ២០២១នេះ តារាទាំង២ នឹងកាន់តែមានការប្រកួតប្រជែងគ្នាកាន់តែស្វិតស្វាញតែម្ដង។

គេជឿថា ប្រសិនបើព្រាប សុវត្ថិ នៅតែលេខ១ នៅឆ្នាំក្រោយនេះទៀតនោះ នឹងមានតារាមួយចំនួនទៀតនៅហង្សមាស ចាប់ផ្ដើមដើរតាមគន្លងព្រាប សុវត្ថិ ជាមិនខានឡើយ តាមរយៈការរើរបង្វេចទៅរកទ្រនំថ្មី ពិសេស គឺអ្នកមេម៉ាយពេជ្រ សោភា ដែលជាមុខសញ្ញារបស់ gAlaxy ម្នាក់ដែរ៕

                                                          ហ៊ឹម វិចិត្រ

RELATED ARTICLES