Tuesday, August 19, 2025
Homeព័ត៌មានជាតិអាជ្ញាធរខេត្តសៀមរាប ស្រាវជ្រាវរកជនឆបោក បង់លុយ បានការងារធ្វើនៅស្ថានកុងស៊ុលជប៉ុន

អាជ្ញាធរខេត្តសៀមរាប ស្រាវជ្រាវរកជនឆបោក បង់លុយ បានការងារធ្វើនៅស្ថានកុងស៊ុលជប៉ុន

ខេត្តសៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប បានជម្រាបជូនដល់សាធារណជនថា ដោយមានកិច្ចសហការល្អនិងទំនាក់ទំនងជាមួយនឹងស្ថានកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប រដ្ឋបាលខេត្ត បានទទួលព័ត៌មានថា មានបុគ្គលម្នាក់ដែលអះអាងថាជាតំណាងក្រុមហ៊ុន បានប្រាប់បុរសម្នាក់ថា ដើម្បីបានបម្រើការងារនៅស្ថានកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប ត្រូវទៅដាក់ពាក្យចូលបម្រើការងារនៅស្ថានកុងស៊ុល ដោយបង់កម្រៃជើងសាចំនួន៥០០ដុល្លារ សម្រាប់ក្រុមហ៊ុន និង១០០ដុល្លារ សម្រាប់ ស្ថានកុងស៊ុលជប៉ុន។

រដ្ឋបាលខេត្ត អំពាវនាវដល់សាមីជនដែលទទួលរងគ្រោះដោយអំពើល្មើសនេះ សហការជាមួយរដ្ឋបាលខេត្តសៀមរាប ដើម្បីឈានទៅចាត់វិធានការចំពោះបុគ្គលទុច្ចរិតនេះ តាមផ្លូវច្បាប់ និងធានាបាននូវផលប្រយោជន៍សាធារណជន។

រដ្ឋបាលខេត្តសៀមរាប បានសរសេរក្នុងទំព័របណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ថា “រដ្ឋបាលខេត្ត មានកិត្តិយសសូមគោរពជម្រាបជូនដល់សាធារណជន មេត្តាជ្រាបថា ដោយមានកិច្ចសហការល្អនិងទំនាក់ទំនងជាមួយនឹងស្ថានកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប រដ្ឋបាលខេត្ត បានទទួលព័ត៌មានថា មានបុគ្គលម្នាក់ដែលអះអាងថា ជាតំណាងក្រុមហ៊ុន (ដោយពុំស្គាល់អត្តសញ្ញាណច្បាស់) បានប្រាប់បុរសម្នាក់ថា ដើម្បីបានបម្រើការងារនៅស្ថានកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប ត្រូវទៅដាក់ពាក្យចូលបម្រើការងារនៅស្ថានកុងស៊ុលនោះ ដោយបង់កម្រៃជើងសា ចំនួន៥០០ដុល្លារ សម្រាប់ក្រុមហ៊ុន និង១០០ដុល្លារ សម្រាប់ស្ថានកុងស៊ុលជប៉ុន។

ពាក់ព័ន្ធនឹងករណីនេះ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថានឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានផ្សព្វផ្សាយតាមគណនីហ្វេកប៊ុករបស់ខ្លួន បដិសេធថា ស្ថានឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងស្ថានកុងស៊ុលប្រចាំខេត្តសៀមរាប ពុំមានផែនការជ្រើសរើសបុគ្គលិកតាមរយៈក្រុមហ៊ុន ឬទីភ្នាក់ងារស្វែងរកការងារណាមួយនោះឡើយ។

ដោយទទួលបានព័ត៌មានពីស្ថានឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងស្ថានកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប រដ្ឋបាលខេត្ត សូមជម្រាបជូនដល់សាធារណជន សូមមានការប្រុងប្រយ័ត្នអំពីការឆបោកពីបុគ្គលទុច្ចរិត ពាក់ព័ន្ធនឹងករណីដូចបានបញ្ជាក់ជូនខាងលើ។

ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏សូមអំពាវនាវដល់សាមីជនដែលទទួលរងគ្រោះដោយអំពើល្មើសនេះ សហការជាមួយរដ្ឋបាលខេត្តសៀមរាប ដើម្បីឈានទៅរកការស្រាវជ្រាវផ្តល់ព័ត៌មានបន្ថែម ក្នុងការទប់ស្កាត់ បង្ការ និងចាត់វិធានការចំពោះបុគ្គលទុច្ចរិតនេះ តាមផ្លូវច្បាប់ និងធានាបាននូវផលប្រយោជន៍សាធារណជន។

រាល់ព័ត៌មានទាំងនេះ សូមសាមីជនដែលទទួលរងគ្រោះដោយអំពើល្មើសនេះ និងសាធារណជនដែលធ្លាប់បានទទួលព័ត៌មាន ឬដឹងពីអត្តសញ្ញាណក្រុមហ៊ុន ឬជនដែលបានប្រព្រឹត្តអំពើល្មើសនេះ សូមទំនាក់ទំនងមក រដ្ឋបាលខេត្តសៀមរាប ឬលេខទូរស័ព្ទ ០១២ ៩០២ ២៩៩,០១២ ៥៩៨ ៦៧២”៕

RELATED ARTICLES