ខេត្តកោះកុង ៖ នារីរូបស្រស់ជាជនជាតិថៃម្នាក់ ត្រូវបានសមត្ថកិច្ចអន្តោប្រវេសន៍កម្ពុជា សម្រេចបណ្តេញចេញ និងថែមទាំងប្រថាប់ត្រាលែងឱ្យចូលមកក្នុងប្រទេសកម្ពុជា បន្ទាប់ពីស្រីស្អាតរូបនេះ ពាក់ព័ន្ធទៅនឹងបទល្មើសប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន។
ការបណ្តេញស្រីថៃ ចេញពីប្រទេសខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង។
ស្រីស្អាតដែលត្រូវបានបណ្តេញចេញពី ប្រទេសកម្ពុជា នោះ មានឈ្មោះ NATDA PON SINUAL អាយុ២៧ឆ្នាំ ជនជាតិថៃ។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ បានបញ្ជាក់ថា “ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១រសៀល បានសហការជាមួយលោកវរសេនីយ៍ឯក យឹម ថាន់នី នាយរងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី ប្រចាំស្នាក់ការត្រៀមបណ្តេញចេញខេត្តព្រះសីហនុ ធ្វើការបញ្ជូនចេញនូវជនបរទេស ចំនួន១នាក់ ឱ្យផុតពីព្រះរាជាណាចក្រកម្ពុជា។
នគរបាលប៉ុស្តិ៍ បានឱ្យដឹងថា ជនបរទេសនេះ មានឈ្មោះ NATDA PON SINUAL ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិថៃ ពាក់ព័ន្ធនឹងបទល្មើសប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងបានប្រថាប់ត្រាហាមចូលប្រទេសកម្ពុជា…”៕