Monday, August 18, 2025
Homeព័ត៌មានជាតិអ្នកចូលចិត្តញុាំងៀតបបែល សូមប្រុងប្រយ័ត្ន ក្រោយសមត្ថកិច្ចរកឃើញ...

អ្នកចូលចិត្តញុាំងៀតបបែល សូមប្រុងប្រយ័ត្ន ក្រោយសមត្ថកិច្ចរកឃើញ…

ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃអង្គារ ទី១២ ខែវិច្ឆកា ឆ្នាំ២០២០ ក្រុមមន្ត្រីជំនាញក.ប.ប សាខាខេត្តតាកែវ ដែលដឹកនាំដោយលោកលី សេរីសម្បត្តិ ជាប្រធាន ក.ប.ប សហការជាមួយនឹងមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្ត និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធបានចុះពិនិត្យលើគ្រឿងឧបភោគ-បរិភោគដែលដាក់លក់នៅក្នុងផ្សារត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ រកឃើញមានសារធាតុគីមីនៅក្នុងម្ហូបអាហារមួយចំនួន។

ប្រភពសមត្ថកិច្ចឱ្យដឹងថា ក្នុងការចុះពិនិត្យនោះដែរ មន្ត្រីជំនាញ ក.ប.ប បានធ្វើតេស្តបឋមទៅលើគ្រឿងសមុទ្រ ដូចជា បង្គា មឹក ពពុះសណ្តែក សណ្តែកបណ្តុះ បបែល ស្លឹកគ្រៃ ខ្ញីហាន់ ក្នុងនោះមន្ត្រីបានរកឃើញមានផ្ទុកសារធាតុគីមីប៉ូរ៉ាក់លើប្រភេទទំនិញ បបែលងៀតតែមួយមុខសប៉ុណ្ណោះ ដែលធ្វើឱ្យអ្នកទិញយកទៅបរិភោគអាចប៉ះពាល់ធ្ងន់ធ្ងរ ចំពោះសុខភាព។

ប្រភពសមត្ថកិច្ចដដែលឱ្យដឹងដែរថា ក្នុងការរកឃើញប្រភេទទំនិញប្រភេទបបែលងៀត នេះដែរ លោកលី សេរីសម្បត្តិ ប្រធានសាខា ក.ប.ប ខេត្តតាកែវ បានបញ្ជាក់ឱ្យដឹងថា បបែលងៀតនេះ គឺមន្ត្រីជំនាញយើងបានធ្វើតេស្តរកឃើញថា មានផ្ទុកសារធាតុគីមីបូរ៉ាក់ ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកបរិភោគ ដូច្នេះមន្ត្រីជំនាញរបស់លោកសម្រេចធ្វើការដកហូតបបែលងៀតដែលដាក់តាំងលក់ លើតូបចាប់ហួយក្នុងផ្សារត្រាំកក់ទាំងអស់។

នៅក្នុងពេលចុះពិនិត្យទំនិញតាំងលក់នៅលើទីផ្សារនាពេលនោះ សមត្ថកិច្ចជំនាញបានណែនាំដល់ក្រុមអាជីវករ សូមពិនិត្យឱ្យបានត្រឹមត្រូវនូវមុខទំនិញគ្រប់ប្រភេទ ទាំងការបរិច្ឆេទប្រើប្រាស់គុណភាពទំនិញ រួមនឹងផលប៉ះពាល់នានា មុននឹងដាក់តាំងលក់ ដើម្បីរក្សាការពារសុខុមាលភាពរបស់អ្នកប្រើប្រាស់ និងបរិភោគទូទៅ។

ក្រោយពីដកហូតបានទំនិញ ប្រភេទត្រីបបែលងៀតបានចំនួន៨គីឡូក្រាមនោះ សមត្ថកិច្ចបានយកទៅដុតកម្ទេចចោលផងដែរ៕

RELATED ARTICLES