Monday, August 18, 2025
Homeព័ត៌មានជាតិទ្រី សុផានិត ដួលសន្លប់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ពេលសមត្ថកិច្ចនាំចូលទៅតុលាការ

ទ្រី សុផានិត ដួលសន្លប់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ពេលសមត្ថកិច្ចនាំចូលទៅតុលាការ

ភ្នំពេញ ៖ ស្ត្រីជាអ្នកលក់ផលិតផលតាមអនឡាញម្នាក់ ឈ្មោះទ្រី សុផានិត អាយុ៣៩ឆ្នាំ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។

ការចាប់ខ្លួននេះ បានធ្វើឡើងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោក ហម ម៉េងសែ អនុប្រធាន និងជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។

យោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួន បានបង្ហាញថា ឈ្មោះទ្រី សុផានិត ត្រូវបានចោទប្រកាន់ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ញុះញង់ឱ្យមានការរើសអើង និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០។

តាមដីកាដដែលបានបន្តទៀតថា “តាមសេចក្តីស្នើសុំលើកពេលចូលបំភ្លឺ ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ របស់លោកស្រីមេធាវី សួង ថាវី អះអាងតាមពាក្យកូនក្តី ទ្រី សុផានិត ថា មិនអាចចូលខ្លួនមកបំភ្លឺបាននៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានបញ្ហាសុខភាព “ផ្តាសាយធំ” នោះ ប៉ុន្តែតាមភ័ស្តុតាងដែលទទួលបាន បង្ហាញឱ្យឃើញថា នៅថ្ងៃទី១១ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ជនត្រូវចោទឈ្មោះទ្រី សុផានិត បានបង្ហោះការថតផ្សាយផ្ទាល់ លើការលក់ផលិតផលតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលបង្ហាញឱ្យឃើញថា សាមីខ្លួនមិន បានឈឺ ឬមានបញ្ហាធ្ងន់ធ្ងរផ្នែកសុខភាព “ផ្តាសាយធំ” ដូចការអះអាងនោះទេ។

ចេតនាភូតកុហកនេះ ស្តែងចេញនូវអត្តចរិតរឹងរូស ប្រឆាំងការបង្គាប់ឱ្យចូលខ្លួនរបស់តុលាការ គប្បីសម្រេចចាត់វិធានការនាំខ្លួនឈ្មោះទ្រី សុផានិត នេះមកសាកសួរតាមនីតិវិធី”។

ក្រោយការឃាត់ខ្លួន ជនត្រូវចោទ ទ្រី សុផានិត ត្រូវបានកម្លាំងនគរបាល បញ្ជូនបន្តទៅកាន់នាយកដ្ឋានព្រហ្មទណ្ឌ។ លុះដល់រសៀលថ្ងៃនេះ ជនសង្ស័យ ទ្រី សុផានិត ត្រូវបញ្ជូនមកតុលាការ ពេលឆ្លងផុតក្លោងទ្វារ ក៏បានដួលសន្លប់ ភ្លាមនោះសមត្ថកិច្ចក៏សម្រេចបញ្ជូនទៅទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ៕

RELATED ARTICLES