ខេត្តរតនគិរី ៖ ស្ត្រីឈឺពោះឆ្លងទន្លេម្នាក់ត្រូវបានកម្លាំងវេនប្រចាំបញ្ជាទី១ លោកអនុសេនីយ៍ឯក សុខ ជាតិ និងលោកអនុសេនីយ៍ទោ ងី ឡូច យករថយន្តសឺរ៉ែន មកជួយដឹកទៅមណ្ឌលសុខភាពស្រុកអូរយ៉ាដាវ ប្រកបដោយសុវត្ថិភាព។

ការបញ្ជូនស្រីឈឺពោះឆ្លងទន្លេទៅមណ្ឌលសុខភាពនោះ តាមបទបញ្ជាពីលោកវរសេនីយ៍ឯក សូយ សំណាង អធិការនគបាលស្រុកអូរយ៉ាដាវ ធ្វើឡើងនៅវេលាម៉ោង ៣និង២០នាទីរសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិពាក់ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ។

តាមប្រភពពីសមត្ថកិច្ចនគបាលស្រុកអូរយ៉ាដាវ បានឱ្យដឹងថា ស្ត្រីឈឺពោះឆ្លងទន្លេ ដែលត្រូវសមត្ថកិច្ចជួយសង្គ្រោះ បញ្ជូនទៅកាន់មន្ទីរពេទ្យនោះ មានឈ្មោះសេវ ភិ អាយុ២៥ឆ្នាំ ជនជាតិដើមភាគតិច ចារាយ មានលំនៅក្នុងភូមិពាក់ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ សមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍ថា មានករណីស្ត្រីមានផ្ទៃពោះគ្រប់ខែម្នាក់ ឈឺពោះឆ្លងទន្លេ ប៉ុន្តែខ្វះមធ្យោបាយធ្វើដំណើរទៅកាន់មន្ទីរពេទ្យ។ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើនេះភ្លាម លោកវរសេនីយ៍ឯក សូយ សំណាង អធិការនគបាល ស្រុកអូរយ៉ាដាវ បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ជាបន្ទាន់ ដោយបញ្ជូនរថយន្តសឺរ៉ែន ១គ្រឿង ទៅដឹកបញ្ជូនស្ត្រីមានផ្ទៃពោះរូបនោះ ទៅកាន់មណ្ឌលសុខភាពស្រុកអូរយ៉ាដាវ បានទាន់ពេលេវេលា។

រហូតមកដល់វេលាម៉ោង ១០និង៤៥នាទីយប់ ថ្ងៃដដែល ស្ត្រីមានផ្ទៃពោះខាងលើ បានសម្រាលកូនប្រកបដោយសុវត្ថិភាព ទាំងម្តាយ និងងកូន ពេលនេះកំពុងស្ថិតក្រោមការយកចិត្តទុកដាក់ពិនិត្យព្យាបាល ពីក្រុមគ្រូពេទ្យជំនាញ៕