Monday, August 18, 2025
Homeព័ត៌មានជាតិចំណាស់នេះទៅហើយ តាសន្សំបាបដល់ណាទៀត គួរណាស់តែទៅរកធម៌អាថ៌

ចំណាស់នេះទៅហើយ តាសន្សំបាបដល់ណាទៀត គួរណាស់តែទៅរកធម៌អាថ៌

ខេត្តឧត្តរមានជ័យ ៖ បុរសវ័យចំណាស់ម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកអន្លង់វែង ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធទៅនឹងករណីឈូសឆាយដីសាធារណៈរបស់រដ្ឋ (ដីទួលសុវត្ថិភាព) ដើម្បីយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។

ការចាប់ខ្លួនបុរសចំណាស់រំលោភដីរដ្ឋខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១១និង១៥នាទីព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចអូរអំបិល ភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង។

បុរសចំណាស់ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះជ័យ ឡាំ ភេទប្រុស អាយុ៦៩ឆ្នាំ មុខរបរធ្វើចម្ការ បច្ចុប្បន្នមានលំនៅក្នុងភូមិរំចេកខាងកើត ឃុំអន្លង់វែង ស្រុកអន្លង់វែង។

សមត្ថកិច្ចបានឱ្យដឹងថា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែង ចំនួន ៤នាក់ ប្រដាប់ដោយអាវុធ១ដើម វិទ្យុ៣គ្រឿង រថយន្ត១គ្រឿង ដឹកនាំដោយលោកអនុសេនីយ៍ឯក ហើន សំបោន មេបញ្ជាការរងស្រុកអន្លង់វែង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ចំនួន៣នាក់ ដឹកនាំដោយលោកអនុសេនីយ៍ត្រី ទុយ តូ នាយរងផ្នែកព្រហ្មទណ្ឌនគរបាលស្រុកអន្លង់វែង បានចុះធ្វើការឃាត់ខ្លួនឈ្មោះជ័យ ឡាំ នៅចំណុចអូរអំបិល ភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ពីបទឈូសឆាយដីសាធារណៈរបស់រដ្ឋធ្វើជាកម្មសិទ្ធិ (ដីទួលសុវត្ថិភាព) នៅចំណុចអូរអំបិល ភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។

បុរសចំណាស់ខាងលើ ត្រូវបានធ្វើការឃាត់ខ្លួននៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែង ដើម្បីធ្វើការស្តាប់ចម្លើយ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

RELATED ARTICLES