ខេត្តកំពត ៖ គំនរដែកនិងជ័រ ដែលជារបស់អេតចាយ ត្រៀមដឹកចេញទៅប្រទេសវៀតណាម ត្រូវបានអាជ្ញាធរវៀតណាម បានហាមឃាត់មិនឱ្យដឹកជញ្ជូនចូលជាដាច់ខាត ខណៈគំនរអេតចាយទាំងនោះត្រូវបានឈ្មួញយកមកគរចោលដូចភ្នំ នៅតាមបណ្តោយដៃសមុទ្រ នៅចំណុចឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច និងដៃសមុទ្រម្ខាងទៀត ជាប់ភូមិសាស្ត្រខេត្តកែប។
តាមប្រភពពីបុរសម្នាក់ដែលជាអ្នកមើលការខុសត្រូវនៅកន្លែងដែកអេតចាយនោះ បានបញ្ជាក់ឱ្យដឹងកាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ថា ដែកអេតចាយទាំងនេះ គឺត្រៀមដឹកជញ្ជូនតាមផ្លូវទឹក នៅចំណុចស្ពានដែក យកទៅវៀតណាម ប៉ុន្តែអាជ្ញាធរវៀតណាមបានរឹតបន្តឹងសាជាថ្មី មិនឱ្យនាំដែកអេតចាយ ចូលតាមផ្លូវទឹកបានដូចមុនៗទេ។

ប្រភពដដែល បន្តថា ទោះបីដឹកសម្ភារ:អេតចាយ ចូលតាមច្រកទ្វារអន្តរជាតិ ព្រែកចាក ក៏ដោយ ក៏ខាងភាគីវៀតណាម មិនអនុញ្ញាតឱ្យនាំចូលនោះដែរ ព្រោះតែមានការរឹតបន្តឹងបែបនេះហើយ ទើបអ្នកដឹកអេតចាយ ចូលតាមផ្លូវទឹកវិញម្តង ប៉ុន្តែដើមខែវិច្ឆិកា នេះ វៀតណាម ចាប់បិទជិតឈឹងតែម្តង។
ដោយឡែកជុំវិញបញ្ហានេះដែរ ប្រធានស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិ ព្រែកចាក លោកង៉ែត សាវឿន បានឱ្យដឹងនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នោះដែរថា អ្នកដឹកអេតចាយទាំងនោះ កន្លងមកពួកគាត់បានដឹកជញ្ជូនតាមច្រករបៀង ចូលទៅវៀតណាម។ ការដឹកជញ្ជូនរូបភាពធំដុំនេះ ដែលលោកចាត់ទុកថា ជារឿងខុសច្បាប់មួយទៅហើយ។

ជាមួយគ្នានេះ លោកង៉ែត សាវឿន បានបញ្ជាក់ទៀតថា រឿងអាជ្ញាធរវៀតណាម មិនឱ្យដឹកអេតចាយចូល គឺជារឿងប្រទេសគេ ព្រោះគេត្រូវការពារជំងឺកូវីដ-១៩៕