Monday, August 18, 2025
Homeព័ត៌មានជាតិនាំកូនទៅស្រែ ជួបចៃដន្យអាក្រក់ កូនស្រីយំកណ្តាលផ្លូវ

នាំកូនទៅស្រែ ជួបចៃដន្យអាក្រក់ កូនស្រីយំកណ្តាលផ្លូវ

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីជាម្តាយម្នាក់បាននាំកូនស្រីដើរចេញពីផ្ទះ បំណងទៅមើលស្រែ ស្រាប់តែចៃដន្យអាក្រក់ ដើរមិនទាន់ដល់ស្រែផង ស្ត្រីជាម្តាយបានដើរជាន់ពស់ស្រកាចាស់ (ពស់មានពិសខ្លាំង) ក៏ត្រូវពស់ចឹក បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ លុះកូនស្រីដឹកម្តាយតាមម៉ូតូ បញ្ជូនទៅកាន់មន្ទីរពេទ្យដល់ពាក់កណ្តាលផ្លូវ ស្ត្រីជាម្តាយក៏កើតអាការប្រកាច់ធ្លាក់ពីលើម៉ូតូស្លាប់តាមផ្លូវយ៉ាងអាណោចអាធ័ម។

ហេតុការណ៍គ្រោះថ្នាក់ដោយសារពស់ចឹកខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចខាងលិចភូមិយាងវៀន ស្ថិតក្នុងឃុំ ស្រុកស្វាយចេក។

លោកអធិការស្រុកស្វាយចេក បានបញ្ជាក់ប្រាប់ថា ស្ត្រីរងគ្រោះដែលត្រូវពស់ចឹកស្លាប់ មានឈ្មោះចក់ ជឿត អាយុ៤០ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិយាងវៀន ឃុំផ្គាំ ស្រុកស្វាយចេក។

លោកអធិការបញ្ជាក់ឱ្យដឹងបន្តទៀតថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះជាម្តាយបាននាំកូនស្រីរបស់ខ្លួនឈ្មោះតឿ សុភា អាយុ១៥ឆ្នាំ ដើរទៅមើលស្រែនៅចំណុចខាងលិចភូមិ លុះពេលទៅជិតដល់ស្រែទៅហើយ ចៃដន្យអាក្រក់ ស្រាប់តែស្ត្រីរងគ្រោះបានដើរជាន់ពស់ស្រកាចាស់ចឹក ជាហេតុធ្វើឱ្យពស់ចឹកបណ្តាលឱ្យរងរបួសយ៉ាងធ្ងន់។

 ក្រោយពីកើតហេតុ កូនស្រីបាននាំម្តាយត្រឡប់មកផ្ទះហើយ រួចក៏បានដឹកម្តាយតាមម៉ូតូសំដៅទៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក ដើម្បីឱ្យក្រុមគ្រូពេទ្យជំនាញ ជួយសង្គ្រោះជីវិត ស្រាប់តែអកុសល ពេលធ្វើដំណើរទៅដល់ចំណុចភូមិថ្មី ឃុំភូមិថ្មី ស្រុកថ្មពួក ស្ត្រីជាម្តាយក៏កើតអាការប្រកាច់ននៀលធ្លាក់ពីលើម៉ូតូ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មតែម្តង។

លោកអធិការបានបញ្ជាក់ថា សាកសពស្ត្រីរងគ្រោះត្រូវបានកូនស្រី ដឹកវិលមកផ្ទះវិញ រួចរាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅពិនិត្យ។

បន្ទាប់ពីសមត្ថកិច្ចជំនាញ ចុះពិនិត្យនិងធ្វើកោសល្យវិច័យរួច បានបញ្ជាក់ថា ស្ត្រីរងគ្រោះពិតជាស្លាប់ដោយសារត្រូវពស់ស្រកាចាស់ ដែលជាប្រភេទពស់មានពិសខ្លាំង ចឹកបណ្តាលឱ្យស្លាប់ប្រាកដមែន។

សាកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំ ធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES