ស្រីស្អាតរ៉ាប៊ី ថា ក្រោយការចាកចេញរបស់មាស សុខសោភា នាងមិនមែនទៅជំនួសតារាចម្រៀងសំនៀងផ្អែមនោះបានទេ ព្រោះនាងប្រើប្រាស់ស្ទីលច្រៀង សម្ដែងផ្ទាល់ខ្លួន មិនអាចទៅប្រៀបធៀបជាមួយសោភា បាននោះទេ។

រ៉ាប៊ី ទទួលស្គាល់ថា សោភា ជាតារាចម្រៀងដែលច្រៀងបទស្លូវខ្លាំង គ្មានអ្នកណាអាចយកឈ្នះបានឡើយ។ ចំណែករូបនាងកន្លងមក មានគេគាំទ្រនោះ ភាគច្រើនតែបទញាក់ទេ ហើយពេលច្រៀងតាមឆាកបទស្លូវខ្លះ អ្នកមើលមិនច្រើនដូចបទញាក់នោះទេ ហេតុនេះហើយបានជានាងតម្រូវចេញាក់ ឲ្យបានច្រើនជាងបទស្លូវព្រោះធ្វើតម្រូវតាមទីផ្សារ។

ទោះជាយ៉ាងណា រ៉ាប៊ី ថា ការច្រៀងឆាកតន្ត្រីធំម្ដងៗ អ្នករៀបចំកម្មវិធីឲ្យនាងច្រៀងបទញាក់ ច្រើនជាងស្លូវ ហើយក្នុង១កម្មវិធី នាងច្រៀង៥បទ ក្នុងនោះមានបទញាក់៤បទទៅហើយ។ ប៉ុន្ដែនៅរដូវកូវីដ-១៩នេះ ទាំងរូបនាង និងតារាផ្សេងៗទៀតស្ងាត់ដូចគ្នា ព្រោះឈានចូលដល់ខែ១១ទៅហើយ គ្មានអ្នកណាកក់ដូចរាល់ឆ្នាំនោះទេ។

ប៉ុន្ដែរ៉ាប៊ី បញ្ជាក់ថា ការចេញច្រៀងតាមឆាកតន្រ្ដីប៉ុស្ដិ៍ទូរទស្សន៍ គឺនៅដំណើការធម្មតា ហើយនាងក៏មិនពឹងទៅលើការច្រៀងតែមួយមុខដែរ ព្រោះទោះជាពេលនេះមិនបានចេញសម្ដែងច្រៀងតាមខេត្តមែន តែនាងនៅតែមានចំណូលសិល្បៈជាហូរហែ ពិសេសគឺការធ្វើជាទូតសុច្ឆន្ទៈឲ្យក្រុមហ៊ុន និងផលិតផលមួយចំនួន។

រ៉ាប៊ី ស្ថិតនៅលំដាប់លេខ២ នៅថោន អំឡុងពេលដែលមាស សុខសោភា នៅរួមទ្រនំជាមួយ ប៉ុន្ដែពេលនេះ សោភា បាយបាយថោន ទៅហើយ ទើបធ្វើឲ្យអ្នកខ្លះគិតថា រ៉ាប៊ី នឹងក្លាយទៅជាតួឯករបស់ថោន ហើយឈានទៅជំនួសតំណែងរបស់សោភា។ ប៉ុន្ដែរ៉ាប៊ី ថា នាងមិនមែនជាតួឯក ហើយក៏គ្មានបំណងទៅជំនួសអ្នកណាដែរ គឺនាងនៅតែជាតារាចម្រៀងថោន ធម្មតាម្នាក់ដូចមុន។

រ៉ាប៊ី បន្ថែមថា គ្មានគម្រោងប្ដូរផលិតកម្មទេ ព្រោះទៅណាដូចតែគ្នា ព្រោះនាងធ្វើបទដោយខ្លួនឯងដដែល។ ចំណែករឿងស្នេហាវិញ នាងថា រកតែសង្សារ១គ្រាប់ធ្វើថ្នាំមិនបានផង ក្រោយចែកផ្លូវគ្នាជាមួយបណ្ដូលចិត្តកាលពីពេលថ្មីៗនេះ៕

