Monday, August 18, 2025
Homeតារាខ្មែរកញ្ញាវ៉ាន់ នីឡា ជ្រុះបាត់២ រើសបាន២មកវិញ

កញ្ញាវ៉ាន់ នីឡា ជ្រុះបាត់២ រើសបាន២មកវិញ

ស្រីស្អាតវ៉ាន់ នីឡា បានឲ្យដឹងថា ពេលនេះនាងសុខចិត្តជម្រុះចោលការងារសិល្បៈ ២ គឺអាជីពចម្រៀង និងពិធីការិនី ដោយគ្មានបំណងវិលរកចាប់ផ្ដើមសាជាថ្មីទៀតវិញឡើយ។ ចំពោះមូលហេតុដែលធ្វើឲ្យនាងព្រលែងចោលអាជីពម្ដង២បែបនេះ ត្រូវបាននីឡា វាចាថា ការធ្វើពិធីការិនីនាងអាចទៅរួច ព្រោះនាងជាអ្នកពូកែនិយាយម្នាក់ដែរ ប៉ុន្ដែដោយសារតែនាងធ្លាប់ជាអ្នកកំប្លែងលើឆាក និយាយសប្បាយៗ គ្មានការបារម្ភច្រើន អីចឹងពេលធ្វើពិធីការិនី និយាយទៅពេលខ្លះខ្លាចខុសមានបញ្ហា ទើបនាងឈប់។ ដោយឡែក អាជីពចម្រៀងនាងហាក់មិនសូវមានសន្ទុះទេ អីចឹងនាងក៏ផ្អាកដែរ។

វ៉ាន់ នីឡា បានវិវឌ្ឍខ្លួនពីអ្នកកំប្លែង CTN ទៅធ្វើជាពិធីការិនីនៅ CNC បានមួយរយៈ ក៏បាត់មុខទៅវិញ។ ចំណែកអាជីពចម្រៀងនៅសាន់ដេ វិញ នាងថា ផុតកុងត្រាអស់ហើយ ក៏បានលាឈប់ ដោយគ្មានបំណងតកុងត្រាថ្មីដែរ។

ទោះជាយ៉ាងណា នីឡា ថា នៅពេលដែលកាត់ចេញការងារសិល្បៈម្ដង២ គឺពិធីការិនី និងតារាចម្រៀងនេះ នាងក៏ទាញយកការពង្រឹងសមត្ថភាព២វិញ ក្នុងពេលតែមួយដែរនោះ គឺអាជីពកំប្លែង និងការថតសម្ដែងភាពយន្ដ។ នាងថា ការកំប្លែងនៅ CTN​នាងមមាញឹកច្រើន ព្រោះក្រៅពីសម្ដែងប្រចាំសប្ដាហ៍នោះ នាងក៏ចេញថតវគ្គខ្លីៗជារៀងរាល់សប្ដាហ៍ផងដែរ។ ចំណែកការថតភាពយន្ដវិញ ពេលនេះនាងមិនទាន់ត្រៀមថតរឿងថ្មីនោះទេ ប៉ុន្ដែបើមានគេហៅថត នាងនៅតែទទួលជាធម្មតាដូចមុន។

វ៉ាន់ នីឡា បានចែកផ្លូវគ្នាជាមួយអតីតគូដណ្ដឹង លោកផន រង្សី ដែលជាកូនថៅកែវង្សល្ខោន ភី សុគន្ធី ហើយពេលនេះនាងបានភ្ជាប់ពាក្យជាមួយលោកស៊ុត សក្ការៈ ដែលជាកូនរបស់អ្នកស្រីសរ មុន្នីរស្មី ត្រូវជាភរិយាថ្មីលោកព្រីង សំរួច ហៅព្រីង ច័ន្ទបុត្រ ឬនាយចេក ។

ស្រីស្រស់នីឡា ថា ចំណងស្នេហាថ្មីនាងមានការយល់ចិត្តថ្លើមគ្នាណាស់ ហើយបើគ្មានអ្វីប្រែប្រួលទេ នាងនិងគូដណ្ដឹងនឹងរៀបការនៅដើមឆ្នាំ២០២១ បន្ទាប់ពីបានលើកពេលម្ដងរួចទៅហើយ កាលពីខែឧសភា ឆ្នាំ២០២០ ព្រោះតែកូវីដ១៩៕

RELATED ARTICLES