Monday, August 18, 2025
Homeតារាខ្មែរពេជ្រ សោភា ស្ងប់ចិត្ត ពេលមាស សុខសោភា ទៅរាម

ពេជ្រ សោភា ស្ងប់ចិត្ត ពេលមាស សុខសោភា ទៅរាម

អតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាស លោកនូ ស៊ិប បានអះអាងថា ប្រសិនបើមាស សុខសោភា ចូលហង្សមាស នោះ គឺនាងមានគូប្រជែងថ្មី តែមិនមែនជាឱក សុគន្ធកញ្ញា នោះទេ តែម្នាក់នោះ គឺជាពេជ្រ សោភា។

ការថ្លែងបែបនេះដោយសារតែលោកនូ ស៊ិប សំអាងថា មាស សុខសោភា-ពេជ្រ សោភា ច្រៀងចេញពីធម្មជាតិដូចគ្នា តែសុគន្ធកញ្ញា វិញ ច្រៀងបច្ចេកទេសផ្សេង ហេតុនេះហើយមិនជាន់គ្នានោះទេ។

តាមព័ត៌មានថា ពេជ្រ សោភា ហាក់មានអារម្មណ៍ជ្រួលច្របល់ក្នុងចិត្ត ព្រោះតែនាងបានដឹងថា សម្រាប់ការច្រៀងបទស្លូវ គឺគ្មានតារាស្រីណាច្រៀងឈ្នះមាស សុខសោភា ឡើយ ហេតុនេះហើយការទប់ទល់ជាមួយអតីតតារាថោន រូបនេះ ប្រាកដជាពិបាកណាស់។

ប៉ុន្ដែដំណឹងចុងក្រោយលេចឮថា មាស សុខសោភា បានបរាជ័យក្នុងការចរចាជាមួយហង្សមាស នោះ ធ្វើឲ្យសោភា ស្ងប់ចិត្ត នឹងលែងមានការព្រួយបារម្ភក្នុងការពិបាកទប់ទល់ជាមួយដៃគូខ្លាំង ដូចជា មាស សុខសោភា ទៀតហើយ។

ក្នុងជំនួបជាមួយអ្នកយកព័ត៌មានយើងនាពេលកន្លងមក ពេជ្រ សោភា បានឲ្យដឹងថា នាងមិនដែលដឹងថា អ្នកណាត្រូវទៅត្រូវមកហង្សមាស នោះទេ ព្រោះតារាហង្សមាស ពេលនេះច្រើនពេក រហូតដល់នាងមិនអាចចាំមុខអស់។ នាងថា រវាងនាង និងមាស សុខសោភា មានស្ទីល និងបច្ចេកទេសច្រៀង សម្ដែង ខុសគ្នា អីចឹងទោះជាមាស សុខសោភា មក ឬមិនមកហង្សមាស ក៏នាងគ្មានការបារម្ភដែរ។

សោភា បន្តថា គ្មានអ្នកណាដឹងថា នាង និងមាស សុខសោភា រាប់អានគ្នាខ្លាំងនោះទេ តែអ្នកដឹងបានដឹង។ នាងបន្ថែមថា សម្រាប់រូបនាងស៊ីបទញាក់បែបឡប់ៗទេ ចំណែកមា សុខសោភា ខ្លាំងបទស្លូវ អីចឹងមានរឿងអីដែលថា រ៉ូលជាន់គ្នា ហើយទោះជាច្រៀងនៅផលិតកម្មតែមួយ ឬផ្សេងគ្នា ក៏គ្មានបញ្ហាអីដែរ។

ពេជ្រ សោភា និងគ្រួអ៊ួយ

ពេជ្រ សោភា ​បានលេចឮថា ផលិតកម្ម Galaxy ចរចាចង់ទិញនាងនូវតម្លៃរាប់សែនដុល្លារ ដើម្បីឲ្យទៅធ្វើជាដៃគូចម្រៀងជាមួយកំពូលតារាចម្រៀងព្រាប សុវត្ថិ។ ប៉ុន្ដែសោភា ក្រាញនៅហង្សមាស ទៅទៀត ដោយមានដំណឹងថា នាងត្រូវថៅកែតំឡើងឋានៈនាងឲ្យខ្ពស់ជាងតារាចម្រៀងរួមក្រុមទៀតផង តែមិនទាន់ដឹងថា ជាតំណែងអ្វីឡើយ។ ដោយឡែក មាស សុខសោភា ឯណោះវិញ បានធីបចោលហង្សមាស និង Galaxy ហើយរត់ចូលផលិតកម្មថ្មី Ream ទៅវិញ។

មាស សុខសោភា

ពេជ្រ សោភា បានឲ្យដឹងថា នាងចាប់ដៃច្រៀងសម្ដែងបទចម្រៀងថ្មី ជាចង្វាក់រ៉េបជាមួយគ្រូភ្លេង លោកមាស សុគន្ធ ហៅគ្រូអ៊ួយ បន្ទាប់ពីនាងធ្លាប់ច្រៀងបទប្រភេទនេះ ជាមួយលោកងួន ចាន់ដេវីដ និង Step។

ទោះជាយ៉ាងណា អ្នកជំនាញសិល្បៈបានលើកឡើងថា សោភា ហាក់រកដៃគូស័ក្តិសមមិនទាន់ឃើញនៅឡើយ ព្រោះនាងជាតារាចូលចិត្តលេងសើច ចំណែកគ្រអ៊ួយ វិញ ស្លូតសុភាព ហេតុនេះហើយគេអាចសន្និដ្ឋានបានថា អ្នកទាំង២ មិនសូវស៊ីចង្វាក់គ្នាល្អទេ ពិសេសគឺការច្រៀង សម្ដែងនៅលើឆាកតែម្ដង។ ប៉ុន្ដែសោភា ដែលគេចផុតពីការប៉ះគ្នាជាមួយមាស សុខសោភា នោះ នៅតែមានជំនឿចិត្តថា នាង និងលោកគ្រូអ៊ួយ នឹងធ្វើឲ្យទីផ្សារចម្រៀងប្រែប្រួលនៅពេលដែលនាងព្រលែងបទចម្រៀងទាំងនោះ ក្រោយស្ងាត់កូវីដ-១៩៕                                                                                    ហ៊ឹម វិចិត្រ

RELATED ARTICLES