ថ្មីៗនេះ តារាហ្វេសប៊ុក និង Tik Tok ផាកប៊ូមខ្មែរ ដែលមានឈ្មោះពិតថា រៃ សុភា បានបង្ហាញប្រតិកម្មយ៉ាងចាស់ដៃចំពោះបុគ្គលិកដែលដាក់ស៊ីវី និងទើបបានចូលបម្រើការនៅក្នុងហាង “Sophea Skin Care” បន្ទាប់ពីបុគ្គលិកដែលមកសុំការងារទាំងនោះ គឺក្រោយពេលប្រគល់ភារកិច្ចឲ្យ ក៏បោកគ្រាប់បែក និងខ្លះរត់ចោលកណ្ដាលទី ធ្វើឲ្យលោកស្រីខកបំណងជាខ្លាំង។

លោកស្រីរៃ សុភា ម្ចាស់ហាង “Sophea Skin Care” បានប្រតិកម្មនៅក្នុងវីដេអូឃ្លីបជាង៦នាទីថា ក្រោយពេលលោកស្រីប្រកាសជ្រើសរើសបុគ្គលិកប្រចាំហាង គឺមាន CV របស់អ្នកដាក់ពាក្យចំនួន១០រូប ត្រូវបានជ្រើសឲ្យមកធ្វើសម្ភាសន៍ ដោយអ្នកខ្លះយំផង អង្វរផង សុំឲ្យលោកស្រីទទួល ព្រោះគ្មានការងារធ្វើ ប៉ុន្តែក្រោយពេលកំណត់ឲ្យជាប់ហើយ បែរជាខ្លះមិនមកធ្វើការ និងខ្លះទៀតបានចូលធ្វើការហើយ បែរជាដើរស៊ើបប្រាក់ខែបុគ្គលិកចាស់ ហើយពេលដឹងថាខ្លួនបានតិចជាងគេ ក៏ឈប់មិនឲ្យដំណឹងដល់លោកស្រីដឹងឡើយ។

លោកស្រីបញ្ជាក់ថា ក្នុងពេលសម្ភាសន៍ លោកស្រីពន្យល់អស់ហើយថា សម្រាប់បុគ្គលិកថ្មីផ្នែកនេះ បានប្រាក់ខែប៉ុន្មាន បុគ្គលិកថ្មីផ្នែកនោះ បានប្រាក់ខែប៉ុន្មាន ហើយក៏ប្រាប់ផងដែរថា បុគ្គលិកនីមួយៗគឺទទួលបានភាគរយពីការខិតខំបំពេញការងារបន្ថែមពីលើនៅក្នុងហាងប្រចាំថ្ងៃទៀត ចុះហេតុអ្វីពេលព្រមព្រៀងគ្នាហើយ បែរមិនមកបំពេញការងារ និងឈប់កណ្ដាលទី ទាំងលោកស្រីបានប្រគល់ភារកិច្ចឲ្យហើយ។

លោកស្រីបានបញ្ជាក់ក្នុងវីដេអូឃ្លីបទៀតថា ក្នុងពេលសម្ភាសន៍ លោកស្រីបញ្ជាក់ច្បាស់ណាស់ថា ម៉ោងណាចូលធ្វើការ ហើយបើអត់ភ្ញៀវចូល គឺអំឡុងម៉ោងណា ទើបអាចសម្រាកបាន ប៉ុន្តែបុគ្គលិកថ្មីដែលគ្មានការទទួលខុសត្រូវទាំងនោះ បែរជាឆ្លើយថា មកពីពេលវេលាធ្វើការ ទើបមិនអាចបន្តការងារជាដើម។ លោកស្រីបានសួរមកវិញថា បើបញ្ហាប្រាក់ខែ ម៉េចមិនតវ៉ាតាំងពីពេលសម្ភាសន៍ ហេតុអ្វីយល់ព្រម ប៉ុន្តែចុងក្រោយបែរជាបោកគ្រាប់បែក បើបញ្ហាម៉ោងពេលធ្វើការ តើហេតុអ្វីមិនប្រកែកតាំងពីពេលសម្ភាសន៍ ហេតុអ្វីក៏ទទួលការងារហើយ បែរជាមិនទទួលខុសត្រូវបែបនេះ។

លោកស្រីចាត់ទុកថា អ្នកដាក់ CV និងជាប់សម្ភាសន៍ទាំងនោះ មាក់ងាយចំពោះហាងថែរក្សាសម្រស់របស់លោកស្រី និងថា បើមិនច្បាស់លាស់ចំពោះខ្លួនឯងនិងការងារខ្លួនឯង តើហេតុអ្វីមកសុំការងារធ្វើនៅ “Sophea Skin Care” និងថាហេតុអ្វីមកទទួលការងារ។

លោកស្រីបន្តថា ជារឿងសមរម្យឬទេ ដែលទើបចូលធ្វើការបានមួយថ្ងៃពីរថ្ងៃ បែរជាដើរស៊ើបតែតួលេខប្រាក់ខែពីអ្នកដទៃ។ មានដឹងទេថា ទម្រាំគេបានប្រាក់ខែច្រើនៗមកដល់ពេលនេះ តើគេចំណាយពេលប៉ុន្មានក្នុងការប្រឹងប្រែង។ អ្នកស្រីក៏មិនខ្លាចក្នុងការបង្ហាញពីអត្តសញ្ញាណបុគ្គលដែលធ្វើឲ្យលោកស្រីខាតបង់ពេលវេលាទាំងនោះផងដែរ ដោយលោកស្រីថា តែមកពីលោកស្រីអាណិតមិនចង់បិទផ្លូវបុគ្គលទាំងនោះ ទើបរក្សាសិទ្ធិអោយ។

គួរបញ្ជាក់ផងដែរថា លោកស្រី រៃ សុភា គឺជាតារាហ្វេសប៊ុក ដែលមានមុខមាត់ស្រដៀងនឹងសមាជិក 2NE1 កញ្ញាផាកប៊ូម ដ៏ល្បីរបស់ប្រទេសកូរ៉េខាងត្បូង រហូតគេដាក់រហ្សនាមលោកស្រីថា ផាកប៊ូមខ្មែរ។ លោកស្រីគឺជាតារា Tik Tok ដែលមានកេរ្តិ៍ឈ្មោះសំឡេង និងជាអ្នកឯកទេសផ្នែកថែរក្សាសម្រស់ និងព្យាបាលមុន ដ៏ល្បីប្រចាំហាង “Sophea Skin Care” ដែលស្ថិតនៅផ្សារសុវណ្ណា ផ្សារទួលពង្រ និង នៅសៀមរាប។

លោកស្រីក៏ត្រូវគេស្គាល់កាន់តែខ្លាំង ដោយសារតែមានសកម្មភាពសប្បុរសធម៌យ៉ាងសកម្ម ព្រមជាមួយនឹងវីដេអូចែករំលែកពីចំណេះដឹងផ្នែកសម្រស់ ដែលលោកស្រីតែងតែបង្ហោះនៅលើយូធូប នាពេលកន្លងទៅផងដែរ៕