Monday, August 18, 2025
Homeព័ត៌មានជាតិម្នាក់ៗចោមរោមមើល... មួយសន្ទុះឃើញឃើញអ្នកនេសាទ នាំគាត់មកលើគោក

ម្នាក់ៗចោមរោមមើល… មួយសន្ទុះឃើញឃើញអ្នកនេសាទ នាំគាត់មកលើគោក

ភ្នំពេញ ៖ បុរសម្នាក់មានវិបត្តិក្នុងចិត្តដោះស្រាយមិនចេញ គិតខ្លី ជិះម៉ូតូឡើងទៅលើស្ពានជ្រោយចង្វា លោតទឹកសម្លាប់ខ្លួន លុះពេលលោតចុះដល់ក្នុងទឹក បែរជាខ្លាចស្លាប់ ទើបប្រឹងប្រវេប្រវាហែលតោងទូកអ្នកនេសាទនៅក្បែរនោះ ឡើងមកលើគោក រួចរស់ជីវិតវិញ ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលទាំងកណ្តាលយប់។

ករណីបុរសខូចចិត្តលោតទឹកសម្លាប់ខ្លួន ខ្លាចស្លាប់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចលើស្ពានជ្រោយចង្វាចាស់ ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

បុរសគិតខ្លីប៉ងបញ្ចប់ជីវិត ដោយការលោតទឹកស្ពានជ្រោយចង្វា ខាងលើនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រមាណជាង៣០ឆ្នាំ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសខាងលើជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HE-0780 តែម្នាក់ឯង មកឈប់នៅលើស្ពានជ្រោយចង្វាចាស់ ហើយក៏ដើរ តោងបង្កាន់ដៃស្ពាន ទាំងទឹកមុខក្រៀមស្រពោន ហាក់អស់សង្ឃឹម ឬខូចចិត្តពីរឿងអ្វីមួយ។

ស្រាប់តែរំពេចនោះ បុរសខាងលើបានស្ទុះតោងឡើងបង្កាន់ដៃស្ពាន រួចលោតចុះទៅក្នុងទឹក ទាំងកំរោលតែម្តង សូម្បីតែអ្នកដំណើរដែលប្រទះឃើញចង់ស្ទុះទៅជួយឃាត់ ក៏មិនទាន់ផង បានត្រឹមប្រទះឃើញទូរស័ព្ទដៃ១គ្រឿង លុយចំនួន៤ម៉ឺនរៀល និងខ្សែដៃ១ខ្សែទុកនៅលើកែបម៉ូតូរបស់ខ្លួន រួចក៏រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកយកម៉ូតូនិងសម្ភារ:ទាំងនោះ ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលជ្រោយចង្វា ជាបណ្តោះអាសន្នសិន។

ប្រភពដដែល បន្តថា នៅពេលដែលជនរងគ្រោះលោតចូលក្នុងទឹកទន្លេ ភ្លាមនោះ ដោយសារយប់ងងឹត មើលអ្វីមិនច្បាស់ផង ទើបគេស្មានថា ជនរងគ្រោះលិចចូលទឹកបាត់ទៅហើយ ស្រាប់តែប៉ុន្មាននាទីក្រោយមក ក៏មានអ្នកចោមរោមមើលហេតុការណ៍នៅលើស្ពាន នាំគ្នាស្រែកឆោឡោថា ជនរងគ្រោះបានងើបចេញពីទឹក និងកំពុងហែលប្រវប្រវាទៅតោងទូកអ្នកនេសាទនៅក្បែរនោះ និងត្រូវបានអ្នកនេសាទជួយស្រង់បុរសរូបនោះ ដាក់លើទូក រួចដឹកចេញមកច្រាំងទន្លេវិញ នៅម្តុំវត្តភ្នំ ក្នុងខណ្ឌដូនពេញ ។

ប្រភពដដែល បន្តទៀតថា បុរសរូបនេះមកលោតទឹកសម្លាប់ខ្លួន តែខ្លាចស្លាប់ ទើបក្រោយពេលលោតទឹករួច ប្រឹងហែលតោងទូក ឡើងមកដីគោកវិញ។

ក្រោយកើតហេតុ បុរសខាងលើត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលជ្រោយចង្វា ដើម្បីធ្វើការសាកសួរ និងណែនាំអប់រំ រួចទាក់ទងទៅក្រុមគ្រួសារនិងសាច់ញាតិ មកទទួលយកទៅផ្ទះវិញ៕

RELATED ARTICLES