Monday, August 18, 2025
Homeព័ត៌មានជាតិគាត់លូកដៃស្ទាបបានតែបន្តិច ស្រាប់តែផ្អើលបែបនេះតែម្តង

គាត់លូកដៃស្ទាបបានតែបន្តិច ស្រាប់តែផ្អើលបែបនេះតែម្តង

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានរាយខ្សែភ្លើងចេញពីផ្ទះ ទៅតជាមួយនឹងម៉ូទ័របូមទឹក ដើម្បីបូមទឹកពីក្នុងស្រះខាងត្បូងផ្ទះ យកមកលាងគោ ស្រាប់តែចៃដន្យម៉ូទ័រអត់ដើរ ទើបបុរសរងគ្រោះលូកដៃទៅស្ទាប ក៏ធ្វើឱ្យឆ្លងចរន្តឆក់ស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។

ហេតុការណ៍ខាងលើនេះ បានកើតឡើង កាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចក្បែរស្រះទឹកខាងត្បូងផ្ទះជនរងគ្រោះ ចម្ងាយប្រមាណជាង២០ម៉ែត្រ ស្ថិតក្នុងភូមិនិគមន៍លើ ឃុំស្វាយដូនកែវ ស្រុកបាកាន។

សមត្ថកិច្ចស្រុកបាកាន បានឱ្យដឹងថា ជនរងគ្រោះដែលត្រូវចរន្តអគ្គិសនីឆក់ស្លាប់ មានឈ្មោះរឿន ឧត្តម ភេទប្រុស អាយុ៣៤ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

ប្រភពដដែល បន្តថា តាមការបំភ្លឺពីក្រុមគ្រួសារ សាច់ញាតិ  មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះរឿន ឧត្តម បានរាយខ្សែភ្លើងចេញពីផ្ទះ ឆ្ពោះទៅស្រះទឹក ដែលស្ថិតនៅខាងត្បូងផ្ទះរបស់ខ្លួន ចម្ងាយប្រមាណ២០ម៉ែត្រ ក្នុងគោលបំណងយកម៉ូទ័របូមទឹក លាងសត្វពាហនៈ (គោ) ប៉ុន្តែខណៈនោះម៉ូទ័រអត់ដំណើរការ ទើបជនរងគ្រោះបានលូកដៃទៅស្ទាបម៉ូទ័រ ដោយបានដកឌុយភ្លើងចេញ ទើបធ្វើឱ្យឆ្លងចរន្តឆក់ស្លាប់នៅនឹងកន្លែងតែម្តង។

ក្រោយកើតហេតុភ្លាមៗ ដោយសារតែក្រុមគ្រួសារមិនអស់ចិត្ត ទើបព្យាយាមដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យដែរ  ប៉ុន្តែត្រូវបានក្រុមគ្រូពេទ្យពិនិត្យរួច ប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ទើបដឹកសពត្រឡប់មកផ្ទះវិញ រួចរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។

ករណីនេះ សមត្ថកិច្ចជំនាញ បានចុះពិនិត្យនិងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារត្រូវចរន្តអគ្គិសនីឆ្លងចេញពីម៉ូទ័រឆក់ បណ្តាលឱ្យស្លាប់ប្រាកដមែន។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES