Monday, August 18, 2025
Homeតារាខ្មែរអ្នកផាត់មុខឲ្យតារាល្បីៗ ឆេះដុំរឿងចាញ់បោកអ្នកលក់អីវ៉ាន់តាម Online

អ្នកផាត់មុខឲ្យតារាល្បីៗ ឆេះដុំរឿងចាញ់បោកអ្នកលក់អីវ៉ាន់តាម Online

កញ្ញា Roth Make Up ដែលជាអ្នកផាត់មុខឲ្យតារាល្បីៗជាច្រើនដួង បានចេញមកប្រតិកម្មឆេះដុំយ៉ាងខ្លាំង នៅពេលដែលអ្នកលក់តាម Online ម្នាក់ បានរំលោភលើសេចក្ដីទុកចិត្តមកលើនាង តាមរយៈការកុម្មង់អីវ៉ាន់ផ្សឹង យកទំនិញមកឲ្យផ្សេងទៅវិញ។

អ្នកប្រើថ្វីដៃយកជក់ធ្វើជាអាវុធបន្ថែមសម្រស់ឲ្យតារាជាច្រើនដួងបានស្អាតនោះ បានឲ្យដឹងថា នាងបានទិញខោខូវប៊យមួយ ដោយកុម្មង់តាមផេកមួយ ដែលមានឈ្មោះថា “Soun Soun ឥវ៉ាន់បោះដុំ”  ហើយស្រាប់តែយកអីវ៉ាន់មកឲ្យជាខោខូវប៊យផ្សេង ខុសពីទំនិញដែលបាននិយាយគ្នា តែយ៉ាងណា កញ្ញាបានឲ្យលុយតាមធម្មតា គឺខោ១ តម្លៃ២០ដុល្លារ ដោយម្ចាស់ផេកនោះ អះអាងថា យកអីវ៉ាន់មកប្ដូរឲ្យវិញ ព្រោះច្រឡំ ប៉ុន្ដែនាងបានចាំរហូតជិត១អាទិត្យទៅហើយ នៅតែមិនឃើញអ្នកលក់រូបនោះ យកអីវ៉ាន់មកប្ដូរតាមការសន្យាឡើយ។

អ្វីដែល កញ្ញា Roth កាន់តែមិនអាចទ្រាំបាននោះ គឺអ្នកលក់នោះហាក់គ្មានការទទួលខុសត្រូវបន្ដិចឡើយ គឺបានបោះសម្តីថា គេបានលុយហើយ មិនខ្វល់ទេ ចង់ម៉េច ចង់ទៅ…។

អ្នក Make Up ល្បីឈ្មោះរូបនេះថា លុយ២០ដុល្លារ មិនសំខាន់ទេ ប៉ុន្ដែឆ្ងល់ថា ហេតុអីអ្នករកស៊ីលក់ដូរ មិនចេះទទួលខុសត្រូវសោះអីចឹង? រកស៊ីដូចបោកប្រាស់អតិថិជន ហើយនាងចេញមុខនៅពេលនេះ គឺដើម្បីឲ្យបងប្អូនមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ក្នុងការទិញអីវ៉ាន់តាម Online ជៀសវាងជួបរឿងអ្នកលក់បោកដូចនាងទៀត។

អ្នកយកព័ត៌មានយើងមិនអាចសុំការបំភ្លឺពីផេក “Soun Soun ឥវ៉ាន់បោះដុំ” នូវការចោទប្រកាន់របស់កញ្ញា Roth  ដូចខាងលើនេះបានឡើយ។

Roth Make Up ធ្លាប់ផាត់មុខឲ្យតារាល្បីៗជាច្រើនដួងមកហើយ ដូចជា លោកព្រាប សុវត្ថិ, ឆន សុវណ្ណារាជ, នីកូ, ពេជ្រ សោភា, ពេជ្រ សូលីកា, នាយក្រឹម និងតារាជាច្រើនដួងទៀត។ កន្លងមក តារាជាច្រើនបានសរសើរនូវថ្វីដៃផាត់មុខរបស់នាង ទើបធ្វើឲ្យកញ្ញា Roth មានទីផ្សារល្អក្នុងអាជីពផាត់មុខ ជាមួយផលិតកម្មធំជាច្រើន រហូតដល់ពេលបច្ចុប្បន្ន៕

RELATED ARTICLES