Sunday, November 24, 2024
Homeនយោបាយសកម្មជនការពារព្រៃឈើថា ឈើប្រណីតខ្មែរ ដឹកទៅស្រុកយួន រកឃ្លាំងទុកលែងបាន

សកម្មជនការពារព្រៃឈើថា ឈើប្រណីតខ្មែរ ដឹកទៅស្រុកយួន រកឃ្លាំងទុកលែងបាន

ភ្នំពេញ ៖ សកម្មជនការពារព្រៃឈើ បានអះអាងថា ឈើប្រណីតខ្មែរ ត្រូវបានកាប់ដឹកជញ្ជូនឆ្លងដែនទៅស្រុកយួន (ប្រទេសវៀតណាម) ច្រើនពេក រហូតរកឃ្លាំងទុកលែងបាន ត្រូវបានគេដាក់គរតាមចិញ្ចើមផ្លូវ។ ជាមួយនេះ សកម្មជនការពារព្រៃឈើ បានបញញជាក់ថា ករណីនេះ ពួកគេនឹងធ្វើការស្រាវជ្រាវបន្ថែម ដើម្បីចេញជារបាយការណ៍ដាក់ទៅសហភាពអឺរ៉ុប និងប្រទេសផ្សេងៗ ។

លោកឆឺយ ឧត្តមរស្មី ប្រធានអង្គការការពារធនធានធម្មជាតិ និងជាកូនប្រុសលោកឈុត វុទ្ធី បានបង្ហោះរូបភាពជាច្រើនសន្លឹក បង្ហាញពីឈើប្រណីតដែលត្រូវបានគេគរនៅតាមចិញ្ចើមផ្លូវ នៅក្នុងប្រទេសវៀតណាម នៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ជាមួយសំណេរថា “ឈើប្រណីតមុខធំៗរបស់ខ្មែរដឹកទៅយួន ច្រើនដល់ថ្នាក់រកឃ្លាំងទុកលែងបាន មកដាក់តាមផ្លូវទៅហើយ ។ ប្រភពមកពី : Leng Ouch“ ។\

លោកឆឺយ ឧត្តមរស្មី ប្រធានអង្គការការពារធនធានធម្មជាតិ

លោកឆឺយ ឧត្តមរស្មី បានបញ្ជាក់ប្រាប់ ”នគរធំ” នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ថា រាជរដ្ឋាភិបាល គួរតែមានវិធានការច្បាស់លាស់ក្នុងការទប់ស្កាត់ការដឹកជញ្ជូនឈើប្រណីតទៅវៀតណាម ព្រោះបើសិនជារាជរដ្ឋាភិបាល នៅតែបណ្តែតបណ្ដោយឬព្រងើយកន្តើយបែបនេះ ឈើប្រណីតកម្ពុជា នឹងបាត់បង់អស់ក្នុងពេលឆាប់ៗខាងមុខនេះ ។

លោកឆឺយ ឧត្តមរស្មី បានមានប្រសាសន៍ថា “ខ្ញុំគិតថា រដ្ឋាភិបាល គួរតែវិធានការច្បាស់លាស់ក្នុងការទប់ស្កាត់ឈើប្រណីតទៅវៀតណាម ។ ឈើប្រណីតដែលយើងថតបានហ្នឹង ភាគច្រើនឈើប្រណីតដឹកពីប្រទេសកម្ពុជា ទៅ ប៉ុន្តែឈើទាំងនោះគឺបានបញ្ជូនទៅសហភាពអឺរ៉ុប បន្តទៀត ហើយខ្ញុំគិតថា បើសិនរដ្ឋាភិបាល នៅតែបណ្ដោយឬព្រងើយកន្តើយរឿងនេះ មិនមានសកម្មភាពទប់ស្កាត់ យើងនឹងបាត់បង់ក្នុងពេលឆាប់ៗខាងមុខនេះ ព្រោះបច្ចុប្បន្ននេះ ឈើប្រណីត ស្ទើរតែអស់ទៅហើយ“ ។

ចំណែកលោកអ៊ូច ឡេង សកម្មជនជនព្រៃឈើ បានបង្ហោះវីដេអូ និងរូបភាពស្ដីពីការដឹកឈើប្រណីតខ្មែរ ទៅវៀតណាម នេះ នៅក្នុងគណនីបណ្ដាញសង្គមហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ជាមួយសំណេរខ្លីថា “មើលទៅ កុំសួរច្រើនពេក!“ ។

លោកអ៊ូច ឡេង សុំមិនធ្វើការបកស្រាយបន្ថែមលើករណីនេះទេ គ្រាន់តែបញ្ជាក់បា្រប់ ”នគរធំ” នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ថា វៀតណាម បាន Live វីដេអូនេះ ហើយបង្ហោះជាសាធារណៈ លោកក៏បង្ហោះបន្ត ដើម្បីឲ្យខ្មែរ បានឃើញថា ឈើប្រណីតខ្មែរ កំពុងបាត់បង់ ។

លោកអ៊ូច ឡេង សកម្មជនជនព្រៃឈើ

ជាមួយគ្នានោះដែរ លោកហេង ស្រស់ សកម្មជនការពារព្រៃឈើ ក៏បានបង្ហោះរូបភាពដូចគ្នានេះដែរ ជាមួយសកម្មភាពការដឹកជញ្ជូនឈើ តាមរថយន្តកុងតឺន័រផងដែរ ហើយលោកបានបញ្ជាក់ប្រាប់ ”នគរធំ” នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ថា លោកកំពុងតែស្រាវជ្រាវពីករណីនេះ ហើយនឹងចងក្រងជារបាយការណ៍ ដាក់ជូនទៅសហភាពអឺរ៉ុប និងបណ្ដាប្រទេសផ្សេងៗ ដែលជាទីផ្សារទទួលទិញឈើខ្មែរ ពីប្រទេសវៀតណាម ។

លោកហេង ស្រស់ បានមានប្រសាសន៍ថា “បាទ! អធ្យាស្រ័យបន្តិច ដោយសារតែខ្ញុំកំពុងធ្វើការលើរឿងហ្នឹង ស៊ើបអង្កេតរឿងហ្នឹង ហើយខ្ញុំអត់ទាន់ធ្វើការស៊ើបអង្កេតចប់ អ៊ីចឹងខ្ញុំអត់អាចផ្ដល់ព័ត៌មានបានទេ ចាំខ្ញុំធ្វើការស៊ើបអង្កេតចប់ពេលណា ចាំខ្ញុំផ្ដល់ព័ត៌មាន ។ បានន័យថា ខ្ញុំធ្វើការស៊ើបអង្កេត ទាំងក្នុងស្រុកខ្មែរ ទាំងប្រទេសវៀតណាម ហើយទៅប្រទេសណាដទៃទៀត យើងកំពុងធ្វើការតាមដាន ធ្វើការស៊ើបអង្កេតយ៉ាងហ្មត់ចត់ថា ឈើទាំងនោះ ដឹកចេញពីប្រទេសកម្ពុជា ហើយនិងមានប្រទេសប៉ុន្មានទៀតដែលទិញយកទៅលក់នៅក្នុងប្រទេសវៀតណាម?យើងកំពុងធ្វើការស៊ើបអង្កេត ទាំងដឹកចេញពីប្រទេសឡាវ ទាំងដឹកចេញពីប្រទេសខ្មែរ ។

ដូច្នេះយើងអត់អាចផ្ដល់បទសម្ភាសន៍បានទេ ដោយសារយើងស្ថិតនៅក្នុងរឿងដែលយើងកំពុងតែតាមដាន ហើយប្រហែលជាខ្ទង់ខែ ០៥ ខែ០៦ (២០២១) បានចប់រឿងហ្នឹង គឺរយៈពេលយូរដែរ ដោយសារតែយើងត្រូវឲ្យលម្អិតមែនទែន ហើយយើងត្រូវការទាមទាររកភ័ស្តុតាងជាច្រើនទៀត ដើម្បីបញ្ជាក់ ព្រោះយើងមិនមែនចេះតែនិយាយបង្ហើរៗ ហើយឃើញវីដេអូនិយាយ ឬឃើញសកម្មភាពអីនិយាយទេ យើងត្រូវរកឫសគល់ ឲ្យវាជាក់លាក់ច្បាស់ អាហ្នឹងបានយើងធ្វើ ហើយភាគច្រើនខ្ញុំធ្វើរឿងធំៗអ៊ីចឹង ទាល់តែខ្ញុំច្បាស់មែនទែន បានខ្ញុំហ៊ាននិយាយ ។

ប៉ុន្តែបើស្រាវជ្រាវទៅឃើញច្បាស់ពិតមែន យើងនឹងបញ្ចេញរបាយការណ៍ហ្នឹង ឲ្យសាធារណជនបានដឹង ហើយយើងនឹងផ្ញើរបាយការណ៍ហ្នឹង ទៅបណ្ដាប្រទេសដែលគាត់បានទិញឈើចេញពីប្រទេសវៀតណាម ហើយយើងនឹងបញ្ជាក់ថា ប្រទេសវៀតណាម គឺជាចោរដែលលួចឈើចេញពីប្រទេសកម្ពុជា យកទៅប្រទេសវៀតណាម ។

លោកហេង ស្រស់ សកម្មជនការពារព្រៃឈើ

អានេះយើងបានបញ្ជាក់ជាមួយសហភាពអឺរ៉ុប យើងបានបញ្ជាក់ជាមួយបណ្ដាប្រទេសដទៃទៀត តាំងពីឆ្នាំ២០១៦ ឆ្នាំ២០១៧ ឆ្នាំ២០១៨ ឆ្នាំ២០១៩ មកម៉្លេះ យើងបានបញ្ជាក់ជាមួយបណ្ដាប្រទេសដែលគាត់បានទិញឈើចេញពីប្រទេសវៀតណាម នេះ ។ ក្រៅពីបណ្ដាប្រទេសទាំងនោះ ចំពោះរបាយការណ៍ផ្សេងៗ របាយការណ៍ពីមុនៗមក គឺយើងផ្ញើរបាយការណ៍ហ្នឹង ទៅខាងក្រសួង ផ្ញើរបាយការណ៍ហ្នឹង ទៅរាជរដ្ឋាភិបាល យើងទទួលបានលទ្ធផលមកវិញ រាជរដ្ឋាភិបាល ទាត់ចោលនូវរបាយការណ៍របស់យើង ហើយទិដ្ឋភាពជាក់ស្ដែង ព្រៃឈើនៅក្នុងស្រុកខ្មែរ រឹតតែថយចុះទៅៗ ។

នេះជាកម្សោយមួយ ដែលរាជរដ្ឋាភិបាល នៅតែបន្តឲ្យមានការកាប់ឈើចេញពីប្រទេសកម្ពុជា យកទៅលក់នៅប្រទេសវៀតណាម ដដែល ។ ដូច្នេះយើងមិនមានសង្ឃឹមទេ ពីព្រោះដោយសាររាជរដ្ឋាភិបាល គឺជាអ្នកដែលបើកដៃឲ្យមានការកាប់និងដឹកជញ្ជូនឈើ ចេញពីប្រទេសកម្ពុជា ទៅលក់នៅខាងក្រៅប្រទេស ។

ជាក់ស្ដែង មានអាជ្ញាធរនៅតាមព្រំដែន គឺជាអ្នករត់ការ ដើម្បីឲ្យមានការដឹកជញ្ជូនឈើ ហើយយើងនៅសង្ឃឹមតែម្យ៉ាងទេ គឺទាមទារឲ្យបណ្ដាប្រទេសដែលជាអ្នកបញ្ជាទិញ បញ្ឈប់ទិញឈើ ចេញពីប្រទេសវៀតណាម ទើបឈើនៅក្នុងស្រុកខ្មែរ អាចនឹងសេសសល់ តែបើសិនជាបណ្ដាប្រទេសធំៗ នៅតែបន្តទិញឈើ ចេញពីប្រទេសវៀតណាម ទៀត នោះព្រៃឈើក្នុងប្រទេសឡាវ ក៏អាចបាត់បង់ នៅប្រទេសកម្ពុជា ក៏អាចបាត់បង់“ ។

ទោះបីជាយ៉ាងណា ជុំវិញបញ្ហាដែលលើកឡើងដោយសកម្មជនការពារព្រៃឈើ ខាងលើនេះ «នគរធំ» មិនអាចទាក់ទងសុំមតិយោបល់ ការបញ្ជាក់ឆ្លើយតបពីអ្នកនាំពាក្យក្រសួងបរិស្ថាន និងអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានទេ កាលពីម្សិលមិញ ។

គួរបញ្ជាក់ថា យោងតាមប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លេខ០៨៩ ប្រក.កសក ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០០៥ បានកំណត់ឈើចំនួន ១៤ប្រភេទ ជាប្រភេទឈើប្រណីត។ ឈើទាំងនោះ រួមមាន ១. អង្កាញ់ ២. អង្កត់ខ្មៅ ៣. បេង ៤. ឈើខ្មៅ ៥. ជើងចាប ៦. ច្រេស ៧. ហៃសាន ឬចាន់ស ៨. ហ៊ុនដាង ឬម្រះព្រៅភ្នំ ៩. គ្រញូង ១០. គ្រើល ១១. នាងនួន ឬលាំង ១២. តាត្រាវ ១៣. ធ្នង់ និង ១៤. ទ្រយឹង ។

១. អង្កាញ់ ជាឈ្មោះព្រឹក្សមួយប្រភេទ មានកម្ពស់ចាប់ពី ៦ ទៅ ២០ម៉ែត្រ។ រុក្ខជាតិនេះ ដុះក្នុងព្រៃល្បោះ លើដីទំនាប នៅអាស៊ីផ្នែកអាគ្នេយ៍។ នៅស្រុកដទៃទៀត គេនាំយកពីអាស៊ី ទៅដាំលម្អបរិស្ថាន។ ចំណែកនៅប្រទេសកម្ពុជា គេនិយមដាំដើមអង្កាញ់នេះនៅជិតគេហដ្ឋាន ដើម្បីបានជាម្លប់។ ដើមអង្កាញ់ ពេលនៅតូច គឺដុះលឿន ហើយឆាប់ធំណាស់ ហេតុនេះហើយ គេនិយមដាំវាសម្រាប់ឲ្យមានព្រៃដុះឡើងវិញឆាប់ ករណីតំបន់ព្រៃដែលបាត់បង់ច្រើន។ យ៉ាងណាមិញ ឈើអង្កាញ់ គឺជាប្រភេទឈើប្រណីត និងមានតម្លៃថ្លៃណាស់ សម្រាប់យកមកធ្វើជាគ្រឿងឈើ សម្រាប់សង់ផ្ទះ ធ្វើតុ ទូ ជាដើម ។

២. អង្កត់ខ្មៅ ឈ្មោះឈើមួយប្រភេទ សំបកខ្មៅ ស្លឹកជុកជិត ស្រដៀងនឹងខ្ចាស់ តែស្រួចៗបន្តិចជាងស្លឹកខ្ចាស់, គេច្រើនគាស់យកមកដាំក្នុងផើង ថែទាំទុកជាគ្រឿងតាំងលម្អ។

៣. បេង ឈ្មោះឈើខ្លឹមមួយប្រភេទ ពួកគ្រញូង, ពួកធ្នង់ : ក្ដារបេង, តុបេង ។ ដើមបេង មានខ្លឹមរឹងពណ៌ក្រហម អាចយកធ្វើផ្ទះ, សេនាសនភណ្ឌ ឬគ្រឿងសង្ហារិមផ្សេងៗយ៉ាងស្រស់ស្អាត ហើយមានតម្លៃមហាសាល ។ ចំណែកផ្កា មានពណ៌ស ក្រហម ឬលឿង ទៅតាមពូជនិងទឹកដី។ ផ្លែបេង មានរាងស្រដៀងនឹងផ្លែអម្ពិលក្តារ តែខ្លីហើយសំប៉ែតជាងបន្តិច ។

៤. ឈើខ្មៅ ឈ្មោះឈើមួយប្រភេទ មានខ្លឹមខ្មៅរលើប ។

៥. ជើងចាប ឈ្មោះឈើធំមួយប្រភេទ មានខ្លឹមជាប់ ប្រើធន់បានយូរ ។ ឈ្មោះឈើមួយប្រភេទទៀត មានផ្លែទ្រង់ទ្រាយស្រដៀងនឹងក្រញាំជើងសត្វចាប កាលណាទុំ សម្បុរឡើងក្រហម បរិភោគបាន ។ ដើមជើងចាប ប្រភេទទីមួយ ហៅថា ជើងចាបធំ ដែលបុព្វបុរសខ្មែរ យកដើមឈើនេះ មកប្រើការក្នុងសំណង់ប្រាសាទ តួយ៉ាង ប្រាសាទឃ្លាំង ខាងជើង ក្រុងអង្គរធំ ខេត្តសៀមរាប (កសាងចុងសតវត្ស៍ទី១០ និងដើមសតវត្សរ៍ទី១១) ជាភ័ស្តុតាងស្រាប់ ។

៦. ច្រេស ជារុក្ខជាតិមួយប្រភេទ ដែលដើមរបស់វាមានកម្ពស់ចាប់ពី ៨ទៅ ១៥ម៉ែត្រ ដុះក្នុងព្រៃធំ ជ្រុះស្លឹកលើដីរាបនៃទ្វីបអាស៊ី និងអាហ្វ្រិក ។ ដើមច្រេស គេនិយមដាំវានៅជិតភូមិ ឬតាមមាត់ផ្លូវដើរ ដើម្បីយកម្លប់ជ្រក។ ឈើច្រេស គឺជាប្រភេទឈើដែលមានតម្លៃខ្លាំងណាស់ ជាពិសេសវាជាឈើប្រណីត សម្រាប់ធ្វើតុ ទូ លម្អក្នុងគេហដ្ឋាន ។

៧. ហៃសាន ឬចាន់ស ឈ្មោះឈើព្រៃមួយប្រភេទ មានផ្កាលឿង សណ្ឋានស្រដៀងនឹងផ្កាអង្កាញ់ ស្ទើរចាប់ច្រឡំ មានរសល្វីង, មានខ្លឹមខ្មៅ​ សាច់រឹង, ប្រើធ្វើជាថ្នាំរម្ងាប់រោគបានច្រើនប្រភេទ ហៅថា ខ្លឹមហៃសាន ។

៨. ម្រះព្រៅភ្នំ ឬហ៊ុនដាង ឈ្មោះឈើធំមួយប្រភេទ មានខ្លឹម តែសាច់ស្ពោតៗ ក្លិនស្រដៀងនឹងម្រះព្រៅតូច ។ គេច្រើនប្រើធ្វើប្រអប់ឬហឹប (ហៅថា ម្រះព្រៅធំ ឬម្រះព្រៅភ្នំ ក៏បាន) ។ គេក៏និយមយកខ្លឹមម្រះព្រៅភ្នំ ឬម្រះព្រៅ ដែលចាស់បុរាណខ្មែរ ចាត់ទុកជាឈើដ៏ពិសិដ្ឋទៅឆ្លាក់ធ្វើជាព្រះពុទ្ធរូប ទំហំធំល្មមៗបាន តាមជំនឿថែមទៀតផង។

៩. គ្រញូង ឈ្មោះឈើមួយប្រភេទ មានខ្លឹម, សម្បុរក្រហមក្រមៅ សាច់ជិតស្និទ្ធ រឹង ជាប់យូរអង្វែង សម្រាប់ប្រើការធ្វើគ្រឿងចលនវត្ថុផ្សេងៗ ។ គ្រញូង មាន ២យ៉ាង គឺគ្រញូងដែក សម្បុរក្រមៅ, គ្រញូងឈាមមាន់ សម្បុរភាវ ។ ចំពោះគ្រញូងឈាមមាន់ គឺជាឈ្មោះព្រឹក្សមួយប្រភេទ មានកម្ពស់ចាប់ពី ៨ ទៅ ៣០ម៉ែត្រ ជាទូទៅមានពណ៌ក្រហមឆ្នូតលាយជាមួយពណ៌ស ឬក្រមៅ ហើយមានសាច់ឈើរឹង សាច់ម៉ដ្ឋ គេនិយមប្រើសម្រាប់ធ្វើជាគ្រឿងសង្ហារិមផ្សេងៗ ដូចជា តុ ទូ សម្ភារៈប្រណីតៗ និងមុខតំណ ជាដើម ។ ពីអតីតកាល គេទុកសម្រាប់តែសេចក្ដីត្រូវការរបស់អង្គព្រះមហាក្សត្រ ដែលសព្វព្រះរាជហប្ញទ័យ​ យកមកធ្វើជាគ្រឿងប្រដាប់លម្អផ្សេងៗ ។

១០. គ្រើល ឈ្មោះឈើធំមួយប្រភេទ មានជ័រ សម្រាប់ធ្វើម្រ័ក្សណ៍ ។ ដើមគ្រើល, ជ័រគ្រើល ។ គ្រើល ជាប្រភេទឈើមានកម្ពស់ពី ២៥ទៅ៣០ម៉ែត្រ ច្រើនដុះនៅព្រៃរបោះ ឬភ្នំ ។ គេយកជ័រខ្មៅ ចេញពីសំបកដើម ឬមែករបស់វា ទៅលាបលើកញ្ជើ ឬល្អី អាចដាក់ទឹកបាន ឬលាបវត្ថុផ្សេងទៀត ឲ្យរលើបរលោងស្អាត ។

១១. នាងនួន ជាប្រភេទព្រឹក្សមួយប្រភេទ មានកម្ពស់ចាប់ពី ១៥ ទៅ ៣០ម៉ែត្រ ដុះក្នុងព្រៃធំ ហើយជ្រុះស្លឹក រដូវប្រាំង។ នាងនួន មានសណ្ឋានសាច់ឈើពណ៌ក្រមៅ បណ្ដូលក្រាស់ពណ៌ប្រផេះ ឬស្វាយលាយក្រហមឆ្នូតៗ ។ សម្រាប់ពលរដ្ឋ ជាទូទៅនិយមយកឈើនេះ មកធ្វើជាក្ដារងឿ តុ ទូ ជាគ្រឿងសង្ហារិមប្រណីតផ្សេងៗ និងយកមកធ្វើជាគ្រឿងឈើសម្រាប់សង់ជាគេហដ្ឋាន ជាដើម។ ឈើនាងនួន នៅពេលដែលប្រើកាន់តែយូរ គឺកាន់តែរលោងស្អាតដោយឯងៗ ។

១២. តាត្រៅ ឬតាត្រាវ ឈ្មោះឈើធំមួយប្រភេទ មានខ្លឹមជាប់ ប្រើការបានយូរអង្វែង ។ តាត្រៅ ជាឈើងាយដាំ ដោយសារវាជាប្រភេទឈើរឹង ដែលមានស្រាយមិនអាចញែកបាន ចាស់បុរាណខ្មែរ និយមប្រើប្រាស់ធ្វើជាសំណង់វត្តអារាម គ្រោងទ្វារប្រាសាទ និងជាពិសេស ជាក្ដារមឈូស ដែលអាចរក្សាសពក្នុងដីបានយូរអង្វែង ។ សាច់ឈើតាត្រាវ ម៉ដ្ឋ ពណ៌លឿងព្រាល នៅពេលឈូស នឹងប្រែពណ៌លឿងកាន់តែច្បាស់ ពេលប្រើប្រាស់យូរឆ្នាំ ។

១៣. ធ្នង់ ឈ្មោះឈើពួកគ្រញូង ខ្លឹមក្រហម មានក្លិនប្រហើរ សាច់ជាប់ស្វិតជាងគ្រញូង។ តាមប្រពៃណីតាំងពីបុរាណកាលតរៀងមក ខ្មែរយើង និយមយកឈើធ្នង់ ច្នៃធ្វើជាកាំនិងកង់រទេះគោ ដោយសារតែឈើធ្នង់ ជាប់មាំល្អ ធន់នឹងទម្ងន់ធ្ងន់ ពេលរទេះមានចលនាទៅមុខ ។

១៤. ទ្រយឹង គឺជាប្រភេទឈើប្រណីតរបស់ខ្មែរ មួយប្រភេទ ដែលត្រូវបានសង្កេតឃើញដុះជាក្រុមៗក្នុងព្រៃស្រោង និងពាក់កណ្ដាលស្រោង លាយឡំជាមួយប្រភេទឈើប្រណីត ដូចជា បេង ធ្នង់ អង្កត់ខ្មៅ និងប្រភេទផ្សេងៗទៀត ។ មានភ័ស្តុតាងដែលបង្ហាញថា ប្រជាពលរដ្ឋខ្មែរ ប្រើប្រាស់រុក្ខជាតិនេះ កាលពីអតីតកាល តាមរយៈការប្រៀបប្រដូចមនុស្សដែលមានសម្បុរខ្មៅ ទៅនឹងគ្រាក់ទ្រយឹង “ខ្មៅដូចគ្រាក់តទ្រយឹង” ។ ឈើទ្រយឹង ភាគច្រើត្រូវបនាប្រើប្រាស់ធ្វើជាគ្រឿងផ្ទះ ដូចជា សសរ រនូត និងរនាបផ្ទះ ជាដើម ៕ កុលបុត្រ

RELATED ARTICLES