ខេត្តកណ្តាល ៖ សង្សារមួយគូបានទាក់ទងស្នេហាគ្នារហូតដល់ជួលបន្ទប់ រួមរស់ដូចប្តីប្រពន្ធ អស់រយៈពេល២ខែមកហើយ ប៉ុន្តែដោយសាររួមរស់មិនសូវចុះសម្រុង ក៏ត្រូវភាគីស្រីសុំបែកចែកផ្លូវគ្នា ស្រាប់តែភាគីប្រុសខឹងឆ្លៀតពេលភាគីស្រីចូលបន្ទប់ទឹក ងូតទឹក ក៏លួចប្រមូលយកលុយកាក់ គ្រឿងអលង្ការ និងម៉ូតូរបស់ស្រីស្នេហ៍ រត់គេចខ្លួនបាត់ស្រមោល ត្រូវភាគីស្រីដាក់ពាក្យប្តឹងឱ្យសមត្ថកិច្ចតាមចាប់ខ្លួនប្រុសស្នេហ៍ហេងស៊យ នាំយកមកចាត់ការតាមច្បាប់។
ករណីប្រុសស្នេហ៍លួចគ្រឿងអលង្ការ និងម៉ូតូស្រីស្នេហ៍ ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួល ក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

មន្ត្រីនគរបាលក្រុងតាខ្មៅ បានឱ្យដឹងថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសួង សុផល ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង។
ចំណែកនារីរងគ្រោះ មានឈ្មោះនៅ ចន្នី អាយុ២៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។
រីឯសម្ភារ:បាត់បង់ រួមមាន ម៉ូតូ ១គ្រឿង ម៉ាក ZOOMER-X ពណ៌ផ្កាឈូកលាយខ្មៅ រួមនិងគ្រឿងអលង្ការមួយចំនួន សរុបជាទឹកប្រាក់ ប្រហែល ២៦១៣ដុល្លារ។

ប្រភពដដែល បន្តថា កន្លងមក ជនសង្ស័យនិងនារីរងគ្រោះ ជាសង្សារនឹងគ្នា ហើយរស់នៅក្នុងបន្ទប់ជួលជាមួយគ្នា អស់រយៈពេល២ខែ មកហើយ ដោយការរស់នៅមិនសូវចុះសម្រុងនឹងគ្នាទេ។ ក្រោយមក នារីរងគ្រោះក៏មានចិត្តចង់បែកពីសង្សារនេះដែរ ហើយនាងក៏បានឱ្យប្អូនស្រី ២នាក់ មកដេកជាមួយ ដើម្បីកុំឱ្យជនសង្ស័យជាសង្សារ ដេកក្នុងបន្ទប់នេះតទៅទៀត។
លុះមកដល់ថ្ងៃកើតហេតុ នារីរងគ្រោះបានទុកម៉ូតូ និងគ្រឿងអលង្ការមួយចំនួន ក្នុងបន្ទប់ដេក ហើយនាងបានចូលក្នុងបន្ទប់ទឹក ងូតទឹក ដោយពុំបានដាក់គន្លឹះទ្វារបន្ទប់ឡើយ។ ខណៈនោះ ជនសង្ស័យបានចូលទៅក្នុងបន្ទប់ រួចយកម៉ូតូនិងគ្រឿងអលង្ការទាំងនោះ ទៅលក់អស់។

ប្រភពខាងលើ បញ្ជាក់ថា រហូតមកដល់វេលាម៉ោង៨យប់ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ នារីរងគ្រោះបានទូរស័ព្ទហៅជនសង្ស័យមកបន្ទប់ជួលរបស់ខ្លួន ដើម្បីសួររឿងម៉ូតូ និងក្រដាសបញ្ចាំគ្រឿងអលង្ការ ស្រាប់តែជនសង្ស័យថា បានលក់ផ្តាច់អស់ហើយ ទើបនារីរងគ្រោះ បានទៅប្តឹងសមត្ថកិច្ច នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីឱ្យចាប់ខ្លួនប្រុសស្នេហ៍រូបនេះ នាំយកទៅចាត់ការតាមនីតិវិធីតែម្តង៕