Friday, September 20, 2024
Homeព័ត៌មានជាតិតុលាការ​លើក​ពេល​បើក​សវនា​ការ​កាត់ ទោស​លោក​សម រង្ស៊ី

តុលាការ​លើក​ពេល​បើក​សវនា​ការ​កាត់ ទោស​លោក​សម រង្ស៊ី

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ  បានលើកពេលបើកសវនាការកាត់ទោសលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែល កំពុងនិរទេសខ្លួននៅក្រៅប្រទេស ពីបទចោទ ប្រកាន់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ថាបានទិញ Likes ក្លែងក្លាយដើម្បីបង្កើនប្រជាប្រិយភាពនៅលើ បណ្តាញសង្គមហ្វេសប៊ុក ដែលសវនាការនេះ គ្រោងធ្វើនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ ទៅធ្វើនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

សូមរំព្ញកថា យោងតាមពាក្យបណ្តឹងរបស់ លោកសោម សឿន ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ ២០១៦  លោកសោម សឿន រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី បានដាក់ពាក្យបណ្តឹងចូលទៅ កាន់ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានខ្លឹមសារទាំងស្រុងថា “ខ្ញុំ បាទឈ្មោះសោម សឿន ភេទប្រុស អាយុ៦៤ឆ្នាំ ស្នាក់នៅផ្ទះលេខ ៧អ៊ែរ ផ្លូវលេខ២៦៤ ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ សព្វថ្ងៃបម្រើការងារជារដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី។

សូមគោរពចូលមក

ឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ

កម្មវត្ថុ ៖ សុំប្តឹងពីឈ្មោះសម រង្ស៊ី ភេទ ប្រុស អាយុ៦៧ឆ្នាំ មានលំនៅបច្ចុប្បន្ន ផ្ទះលេខ ៥៧៦ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាប្រធានគណបក្សសង្គ្រោះជាតិ។

យោង ៖ ព័ត៌មានផ្សាយលើទំព័រហ្វេសប៊ុក របស់លោកសម រង្ស៊ី នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ ២០១៦។

តបតាមកម្មវត្ថុនិងយោងខាងលើ ខ្ញុំបាទ សូមជម្រាបជូនឯកឧត្តមព្រះរាជអាជ្ញា មេត្តា ជ្រាបថា ៖ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦ នៅ លើទំព័រហ្វេសប៊ុករបស់លោកសម រង្ស៊ី (Sam Rainsy) បានបង្ហោះអត្ថបទដែលមានខ្លឹមសារ មួលបង្កាច់ខុសពីការពិត ចំពោះរូបខ្ញុំ ដែលថា ខ្ញុំបានណែនាំដល់មន្ត្រីរបស់ខ្លួន អ្នកគាំទ្រ និង បណ្តាញ រួមបញ្ចូលទាំងមន្ត្រីរាជការស៊ីវិល ប៉ូលិស និងទាហាន ដើម្បីបង្កើតគណនីក្លែងក្លាយ ក្នុង គោលបំណងផ្តល់ការ likes សិប្បនិម្មិត ដល់ទំព័រ ហ្វេសប៊ុកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយភ្ជាប់ជាមួយនឹងការអត្ថាធិប្បាយ ថា “Likes មួយចំនួនធំ  ដែលបង្ហាញលើទំព័រហ្វេសប៊ុករបស់សម្តេច គឺបានមកពីការទិញ ឬ ជួលមនុស្សក្រីក្រដែលអត់ការងារធ្វើ ឱ្យបង្កើត Account (គណនី) Facebook ក្លែងក្លាយ ដើម្បីផ្តល់ Likes សិប្បនិម្មិត ក្លែងបន្លំជូនសម្តេច។ ការបង្ហោះនេះ បានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស ថ្នាក់ដឹកនាំជាតិ និងរូបខ្ញុំយ៉ាងធ្ងន់ធ្ងរ។

ខ្ញុំបាទសូមសំណូមពរដូចខាងក្រោម ៖

សូមទាមទារផ្តន្ទាទោសលោកសម រង្ស៊ី ទៅតាមច្បាប់។

សូមទាមទារសំណងជំងឺចិត្តចំនួន២០ លានរៀល។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តម មេត្តាពិនិត្យនិងសម្រេចដោយក្តីអនុគ្រោះ។

សូមឯកឧត្តមមេត្តាទទួលនូវការគោរព រាប់អានអំពីខ្ញុំ”។

គួរបញ្ជាក់ផងដែរថា លោកសម រង្ស៊ី សព្វ ថ្ងៃកំពុងនិរទេសខ្លួននៅក្រៅប្រទេស ខណៈដែល នៅក្នុងស្រុកមានបណ្តឹងចំនួន៥ កំពុងប្តឹងចោទ  ប្រកាន់ប្រឆាំងនឹងលោក ហើយក្នុងនោះ តុលាការ បានប្រកាសសាលក្រមលើបណ្តឹងមួយចំនួនរួច រាល់ហើយផងដែរ។

ដោយឡែក កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦ កន្លងទៅ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ឱ្យ ចូលខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ ២០១៦ ខាងមុខ ដើម្បីបំភ្លឺជុំវិញដំណើររឿង ញុះញង់ បង្កចលាចល ប៉ះពាល់ដល់សន្តិសុខ សង្គម កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦។

ទោះជាយ៉ាងណា សវនាការខាងលើត្រូវ បានលើកពេលវិញនៅថ្ងៃដដែលនោះ ដោយសារមេធាវីដើមបណ្តឹងសុំពន្យារពេល និងដោយ សារលោកសម រង្ស៊ី មិនមានវត្តមានតាមដីកា កោះឱ្យចូលខ្លួនក្នុងសវនាការរបស់តុលាការ៕

ដោយ ៖ ដារិទ្ធ

RELATED ARTICLES