ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកសន្លប់នៅក្នុងខ្យូសមួយកន្លែង ក្នុងបរវេណវត្តតាំងរនាម ស្ថិតក្នុងភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូល កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ដោយសង្ស័យត្រូវថ្នាំសណ្តំគេ (ម៉ឹមអេង)។

ជនរងគ្រោះគេមិនស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថាជាមនុស្សប្រុស អាយុប្រហែលជាង៣០ឆ្នាំ ស្លៀកខោយឺតជើងខ្លី ពណ៌ស ពាក់អាវយឺតដៃខ្លីពណ៌ស។
ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទីនោះ បានប្រទះឃើញជនរងគ្រោះដេកដួលនៅក្នុងខ្យូស ទោះជាហៅ ឬដាស់យ៉ាងណាក៏មិនក្រោកសោះ។ ឃើញដូចនេះអ្នកប្រទះឃើញសង្ស័យថា បុរសរូបនេះត្រូវថ្នាំសណ្តំ ក៏រាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចដើម្បីឱ្យចុះមកពិនិត្យជាក់ស្តែងតែម្តង។

ក្រោយពេលសមត្ថកិច្ចចុះមកដល់ ដោយពិនិត្យឃើញសភាពមិនស្រួល ទើបសមត្ថកិច្ចក៏ប្រញាប់ទាក់ទងហៅរថយន្តសង្គ្រោះរបស់ អង្គភាព៧១១ មកទទួលយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

តាមការបញ្ជាក់ពីក្រុមគ្រូពេទ្យ បានឱ្យដឹងថា ជនរងគ្រោះត្រូវថ្នាំងងុយដេក ដោយសង្ស័យមានជនសង្ស័យល្បួងហៅមកផឹកស៊ី រួចដាក់ថ្នាំសណ្តំយកទ្រព្យសម្បត្តិ៕