ខេត្តកំពង់ចាម ៖ ក្រុមការងារនៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ បានធ្វើការបដិសេធចំពោះគណនីហ្វេសប៊ុក មួយចំនួន ដែលបានចុះផ្សាយកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ និងមានការចែករំលែកបន្តបន្ទាប់ នូវខ្លឹមសារព័ត៌មានថា “គួរឱ្យសោកស្តាយណាស់ ពិធីរៀបអាពាហ៍ពិពាហ៍មួយ នៅខេត្តកំពង់ចាម គ្រាន់តែកាត់សក់ហើយភ្លាម សមត្ថកិច្ចឱ្យរុះរើរោងចេញវិញភ្លាម ដោយសារតែកាលពីពេលថ្មីៗនេះ មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលនៅថ្ងៃនេះ សមត្ថកិច្ចបានធ្វើការរុះរើរោងការមួយកន្លែង ដោយអនុញ្ញាតឱ្យរៀបចំកម្មវិធីត្រឹមតែហែជំនូន និងកាត់សក់តែប៉ុណ្ណោះ ដែលករណីចុះរុះរើរោងការនេះ បានកើតឡើងនៅក្នុងមូលដ្ឋានភូមិត្រើង ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម”។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ន់ អធិការនគរបាលស្រុកព្រៃឈរ បានចាត់ក្រុមការងារ ចុះធ្វើការអង្កេតស្រាវជ្រាវចំពោះករណីខាងលើនេះ ហើយជាលទ្ធផល យោងតាមការសាកសួរនិងការអះអាងពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ នៅចំណុចភូមិខាងលើ បានបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងមកនេះ គឺមិនមានការរៀបចំពិធីមង្គលការ ឬពិធីជប់លៀងឡើយ។
តាមការអះអាងរបស់លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលមៀន បានបញ្ជាក់ថា នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងមកនេះ គឺមិនមានការរៀបពិធីមង្គលការនៅចំណុចភូមិត្រើង ឃុំមៀន ស្រុកព្រៃឈរ ឡើយ…៕