Sunday, July 6, 2025
Homeព័ត៌មានជាតិខំទុកចិត្ត គ្រាន់តែបានលុយដល់ដៃ បិទទូរស័ព្ទទាក់ទងលែងបាន

ខំទុកចិត្ត គ្រាន់តែបានលុយដល់ដៃ បិទទូរស័ព្ទទាក់ទងលែងបាន

ខេត្តបាត់ដំបង ៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ បានសម្រេចឃុំខ្លួនបុរសម្នាក់ជាបណ្តោះអាសន្ន នៅពន្ធនាគារ  បន្ទាប់ពីត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទរំលោភសេចក្តីទុកចិត្ត (ស៊ីដាច់លុយជាង ៨៣លានរៀល) ប្រព្រឹត្តកាលពីសប្តាហ៍ មុន។

ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល លោក ឈឿង គឹមសុង បានប្រាប់ថា ជនសង្ស័យ ឈ្មោះម៉ៅ សារ៉ូត អាយុ៣២ឆ្នាំ មានលំនៅភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ជននេះត្រូវបានជនរងគ្រោះឈ្មោះអ៊ឹម កៅទី ភេទប្រុស អាយុ៦០ឆ្នាំ ជាថៅកែទិញលក់ស្រូវ រស់នៅភូមិព្រែកស្បូវ ឃុំអូរកន្ធរ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ ប្តឹងចោទប្រកាន់ថា បានប្រើល្បិចស៊ីដាច់ប្រាក់គាត់ អស់ចំនួន៨៣,៧លានរៀល (ប្រាក់បញ្ញើ) កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ប្រព្រឹត្តនៅចំណុចរោងម៉ាស៊ីនកិនស្រូវ យីហោ ហ្គោលដិនស្តារ ស្ថិតនៅភូមិកគោ ឃ្រុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

បន្ទាប់ពីទទួលបណ្តឹងរបស់ជនរងគ្រោះ និងធ្វើការស៊ើបអង្កេតកំណត់បាននូវមុខសញ្ញា និងអត្តសញ្ញាណជនសង្ស័យ ក្រោមការបញ្ជាផ្ទាល់ពីលោកស្នងការខេត្ត និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ទើបឈានដល់ការតាមឃាត់ខ្លួនជនសង្ស័យឈ្មោះម៉ៅ សារ៉ូត ដល់ផ្ទះ ដែលមានកិច្ចសហការពីអាជ្ញាធរដែនដីនៃខេត្តពោធិ៍សាត់ ផងដែរ។

យោងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ អ៊ឹម កៅទី បានរៀបរាប់ថា គាត់បានជូលរថយន្តប៉ុន្មានគ្រឿង ឱ្យដឹកស្រូវយកទៅលក់នៅរោងម៉ាស៊ីនកិនស្រូវហ្គោលដិនស្តារ នៅស្រុកថ្មគោល ដោយបានប្រាក់សរុប៨៣,៧លានរៀល។ ក្រោយទូទាត់សាច់ប្រាក់គ្រប់ចំនួន ថៅកែម៉ាស៊ីនកិនស្រូវខាងលើ ក៏បានផ្ញើប្រាក់ជាង៨៣លានរៀលនោះ តាមរយៈជនសង្ស័យ ដើម្បីយកមកឱ្យគាត់។

មុនពេលផ្ញើ ថៅកែម៉ាស៊ីនកិនស្រូវ ក៏បានទំនាក់ទំនងបញ្ជាក់ប្រាប់គាត់ ពីរឿងផ្ញើប្រាក់តាមរយៈឈ្មោះម៉ៅ សារ៉ូត នេះដែរ ហើយគាត់ក៏បានឯកភាពឱ្យផ្ញើតាមជនសង្ស័យនេះដែរ ដោយសារតែកន្លងមក គាត់ធ្លាប់ទុកចិត្តជននេះដែលធ្លាប់ទំនាក់ទំនងដឹកស្រូវឱ្យគាត់។ ប៉ុន្តែក្រោយពីទទូលបានប្រាក់បញ្ញើដល់ដៃ បានប៉ុន្មានម៉ោងប៉ុណ្ណោះ ស្រាប់តែទំនាក់ទំនងគ្នាលែងបាន ដោយជនសង្ស័យបានបិទទូរស័ព្ទរហូត ទើបនៅថ្ងៃបន្ទាប់ គាត់ក៏បានប្តឹងទៅសមត្ថកិច្ចតែម្តង។

ក្រោយត្រូវចាប់ខ្លួន ជនសង្ស័យឈ្មោះ ម៉ៅ សារ៉ូត ដំបូងមិនព្រមសារភាពថា ខ្លួនប្រព្រឹត្តទេ តែក្រោយពីបង្ហាញភស្តុតាងនិងសាក្សី នៅចំពោះមុខ ទើបជននេះសារភាពទទួលស្គាល់កំហុស។

លោក ឈឿង គឹមសុង ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានបញ្ជាក់ថា ដំបូងជននេះបានព្យាយាមបដិសេធចំពោះការចោទប្រកាន់នេះ តែបានសារភាពទទួលស្គាល់កំហុសវិញ ក្រោយសមត្ថកិច្ចបង្ហាញភស្តុតាង។

លោកបញ្ជាក់ថា ក្រោយបានប្រាក់បញ្ញើដល់ដៃ ជននេះមិនបានប្រាប់ប្រពន្ធខ្លួនអំពីទឹកប្រាក់ដ៏សម្បើមនោះទេ តែជននេះបានយកប្រាក់នោះ ទៅផ្ញើនៅធនាគារ ចំនួន​៧៥លានរៀល សល់ប៉ុន្មាន ជននេះបានយកទៅទិញគ្រឿងអលង្ការពាក់ និងទិញរបស់របរផ្សេងទៀត។ ជាមួយនឹងការឃាត់ខ្លួន សមត្ថកិច្ចបានដកហូតប្រាក់ចំនួន៧៥លានរៀល ដែលជននេះយកទៅផ្ញើធនាគារ និងគ្រឿងអលង្ការមួយចំនួនទៀត។

ប៉ុន្តែពេលនេះ តុលាការបានសម្រេចឃុំខ្លួនជននេះក្នុងពន្ធនាគារហើយ។ ដោយឡែកទឹកប្រាក់ចំនួន៧៥លានរៀល ត្រូវបានលោកស្នងការខេត្ត ដែលមានការឯកភាពពីលោកព្រះរាជអាជ្ញាផង សម្រេចប្រគល់ជូនជនរងគ្រោះជាម្ចាស់វិញ៕

RELATED ARTICLES