Tuesday, December 24, 2024
Homeព័ត៌មានជាតិល្មមទៅដល់ពោធិ៍សាត់ គាត់ចូលសឹងគ្រប់កន្លែង សមត្ថកិច្ចចាប់បានព្រឹកមិញនេះ

ល្មមទៅដល់ពោធិ៍សាត់ គាត់ចូលសឹងគ្រប់កន្លែង សមត្ថកិច្ចចាប់បានព្រឹកមិញនេះ

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ដែលមានជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ ហើយបានគេចពីការធ្វើចត្តាឡីស័ក រាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរខេត្តពោធិ៍សាត់ ស្រាវជ្រាវឃាត់ខ្លួនបាន នៅវេលាម៉ោង៨ៈ៣០នាទីព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ នៅត្រង់ចំណុចភូមិដំណាក់អម្ពិលក្រោម សង្កាត់លលកស ក្រុងពោធិ៍សាត់។

ប្រតិបត្តិការឃាត់ខ្លួនបុរសរត់គេចចត្តាឡីស័ក ខាងលើនេះ ធ្វើឡើងដោយបានការបញ្ជាផ្ទាល់ពីសំណាក់លោកម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

តាមប្រភពពីមន្ត្រីយោធា នៃស្នាក់ការសន្តិសុខ B05 ប្រចាំការនៅខេត្តពោធិ៍សាត់ បានឱ្យដឹងថា បុរសដែលគេចពីការធ្វើចត្តាឡីស័កនោះ មានឈ្មោះមួន សុភាន់ អាយុ៣៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល។

ជនសង្ស័យបានគេចចេញពីភ្នំពេញ មកខេត្តពោធិ៍សាត់ ចំនួន ២យប់ និង៣ថ្ងៃ ហើយបានចូលទៅស្នាក់នៅផ្ទះសំណាក់ នគរមាស ចំនួន ២យប់ នៅបន្ទប់១០១ ចូលទៅស្រស់ស្រូបអាហារនៅភោជនីយដ្ឋាន ឡាំ ស៊ីវអេង ចូលទៅកាត់សក់នៅហាងពេញចិត្ត ចុងកោះ និងចូលផឹកស៊ីនៅហាងសំនៀងសុខសាន្ត និងអាចចូលទៅកន្លែងផ្សេងៗទៀត។

ប្រភពបានបន្តថា រៀងរាល់ចុះទៅទីតាំងនីមួយៗ គឺមានម៉ូតូឌុបចំនួន២នាក់ ជាអ្នកផ្លាស់ប្តូរគ្នាដឹកជញ្ជូន។ ក្នុងប្រតិបត្តិការស្រាវជ្រាវខាងលើ កម្លាំងចម្រុះ ក៏បានធ្វើការស្រាវជ្រាវរកឃើញម៉ូតូឌុប២នាក់ និងប្រពន្ធម៉ូតូឌុប១នាក់បន្ថែមទៀត ដែលសរុបរួមទាំងជនសង្ស័យ មានចំនួន៤នាក់ ដើម្បីមកពិនិត្យសំណាក រង់ចាំការធ្វើតេស្តកូវីដ-១៩ ថាមានវិជ្ជមាន ឬអវិជ្ជមាន។

ចំពោះទីតាំងខាងលើ ដែលជនសង្ស័យនោះទៅ បច្ចុប្បន្នសមត្ថកិច្ចបានហ៊ុមព័ទ្ធ និងធ្វើការផ្អាកដំណើរការជាបណ្តោះអាសន្ន៕

RELATED ARTICLES