Tuesday, December 24, 2024
Homeព័ត៌មានជាតិលាក់ឈើ ត្រៀមវ៉ៃចេញទៅប្រទេសជិតខាង ប៉េអឹមចុះបង្ក្រាប

លាក់ឈើ ត្រៀមវ៉ៃចេញទៅប្រទេសជិតខាង ប៉េអឹមចុះបង្ក្រាប

ខេត្តក្រចេះ ៖ ឈើខុសច្បាប់ ដែលក្រុមឈ្មួញយកមកលាក់ទុកចំនួន២ទីតាំង បម្រុងដឹកឆ្លងដែនយកទៅលក់នៅប្រទេសវៀតណាម ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត បើកប្រតិបត្តិការបង្ក្រាប និងរឹបអូសយកទៅរក្សាទុក។

ប្រតិបត្តិការបង្ក្រាបនោះ ដឹកនាំដោយលោកវរសេនីយ៍ត្រី ម៉ក់ ពីយុត អនុប្រធានមន្ទីរព័ត៌មាននិងសន្តិសុខ នៃកងរាជអាវុធហត្ថខេត្តក្រចេះ ដោយបានធ្វើការបង្ក្រាបនិងរឹបអូសនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ មានចំនួន ២ទីតាំងផ្សេងគ្នា ស្ថិតនៅត្រង់ចំណុចជាប់ព្រំប្រទល់ទឹកដីខេត្តក្រចេះ និងខេត្តមណ្ឌលគិរី គឺជាប្រភេទឈើស្រឡៅ និងសុក្រំ។

ប្រតិបត្តិការបង្ក្រាបខាងលើនេះ  កម្លាំងកងរាជអាវុធហត្ថ បានឱ្យដឹងថា ធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍ និងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ។

លោកវរសេនីយ៍ត្រី ម៉ក់ ពីយុត បានដឹកនាំកម្លាំងកងរាជអាវុធហត្ថចំនួន ៣នាក់ សហការជាមួយកម្លាំងនាយកដ្ឋានស្រាវជ្រាវចារកិច្ច ម្នាក់ ចុះទៅបង្ក្រាបនិងរឹបអូសសន្និធិឈើខុសច្បាប់ ចំនួន ២ទីតាំងផ្សេងគ្នា ក្នុងថ្ងៃតែមួយ។

ទីតាំងទី១ នៅចំណុច UTM (693811-1335881) ស្ថិតនៅព្រៃចម្ការស្វាយចន្ទី ក្នុងភូមិវាល៣ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល រឹបអូសបានឈើស្រឡៅ ចំនួន ១២កំណាត់ តែមិនទាន់ធ្វើការវាស់វែងនៅឡើយ បានដឹកមករក្សាទុកនៅស្នាក់ការសន្តិសុខ ៧០៩ ដើម្បីស្រាវជ្រាវ បន្តតាមនីតិវិធី។

ទីតាំងទី២ នៅចំណុច UTM(689464-1392979) ស្ថិតក្នុងភូមិប៉ោស្វាយ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល រឹបអូសបានឈើសុក្រំ ចំនួន១៣កំណាត់ ស្មើនឹង ៣,៤៨៧ម៉ែត្រគូប ហើយដឹកយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើ ឆ្លូង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ព្រៃឈើ៕

RELATED ARTICLES