ភ្នំពេញ ៖ បុគ្គលម្នាក់ដែលបានធ្វើសកម្មភាពប្រឌិតព័ត៌មានរឿងចាក់វ៉ាក់សាំងកូវីដ-១៩ របស់ចិន ហើយបង្ហោះចែកចាយនៅលើបណ្តាញសង្គម TikTok ក្នុងបំណងដើម្បីបំភ័យកម្មករ កុំឱ្យទៅចាក់វ៉ាក់សាំងនោះ ត្រូវកម្លាំងនគរបាលស្រាវជ្រាវចាប់ឃាត់ខ្លួន។
មន្ត្រីជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងបញ្ជាក់ឱ្យដឹង នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ថា ជនដែលប្រឌិតព័ត៌មានមិនពិត ពាក់ព័ន្ធការចាក់វ៉ាក់សាំងរបស់ចិន ប្រឆាំងជំងឺកូវីដ-១៩ ត្រូវបានកម្លាំងជំនាញ ចាប់ខ្លួនបានហើយ។
ការចាប់ខ្លួននេះ បានធ្វើឡើងនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ខណៈជននេះកំពុងបើកឡានចូលមករាជធានីភ្នំពេញ។ ក្រោយចាប់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីធ្វើការសាកសួរនិងចាត់ការតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា បុគ្គលខាងលើនេះ បានថតវីដេអូប្រឌិតព័ត៌មានពាក់ព័ន្ធវ៉ាក់សាំងកូវីដ-១៩ និងប្រាប់ទៅកម្មករកុំឱ្យចាក់វ៉ាក់សាំងនេះ ព្រោះអាចនឹងមានគ្រោះថ្នាក់ដល់អាយុជីវិតក្រោយចាក់រួច។
យ៉ាងណា ក្រោយទទួលបានវីដេអូប្រឌិត មានចេតនាញុះញង់នេះ កម្លាំងជំនាញ បានបើកការស្រាវជ្រាវភ្លាមៗ រហូតឈានដល់ការចាប់ខ្លួនបានតែម្តង៕