ភ្នំពេញ ៖ បុរសជាជនបរទេសម្នាក់ ស្នាក់នៅខុនដូ មួយកន្លែង ដែលត្រូវគេដឹងថា បានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ ត្រូវបានក្រុមគ្រូពេទ្យចុះយកវត្ថុសំណាក ដើម្បីធ្វើតេស្ត បែរជារឹងទទឹង មិនព្រមឱ្យគ្រូពេទ្យយកសំណាក ទោះបីជាមានការពន្យល់និងលួងលោម យ៉ាងណាក៏នៅតែមិនខ្ចីស្តាប់ ទីបំផុតត្រូវកម្លាំងអន្តរាគមន៍កងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្រេចធ្វើការបង្ខំ នាំខ្លួនទៅកាន់មណ្ឌលសុខភាពចាក់អង្រែក្រោម ដើម្បីយកវត្ថុសំណាកនៅទីនោះតែម្តង។
ករណីខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើងតាំងពីព្រឹក រហូតដល់ល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ នៅចំណុចក្នុងខុនដូ មួយកន្លែង តាមបណ្តោយផ្លូវលេខ 10BT ស្ថិតក្នុងភូមិសន្សំកុសល៥ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ។
តាមប្រភពព័ត៌មាន បានឱ្យដឹងថា បុរសជាជនបរទេសនោះ មិនព្រមឱ្យក្រុមគ្រូពេទ្យយកសំណាក តាំងពីព្រឹក រហូតដល់ល្ងាច បើទោះ បីជាក្រុមគ្រូពេទ្យបានព្យាយាមបញ្ចុះបញ្ចូលពន្យល់ហេតុផលយ៉ាងណាក៏ដោយ បន្ទាប់ពីរូបគេបានប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ នាពេលកន្លងទៅ។ បន្ទាប់ពីមានការរឹងទទឹងមិនព្រមធ្វើសំណាក ដោយមានការស្នើរសុំពីក្រុមគ្រូពេទ្យ និងដោយមានបញ្ជាផ្ទាល់ពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាដល់កម្លាំងអន្តរាគមន៍ នៃបញ្ជាការដ្ឋានដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលត្រៀមប្រចាំការនៅសាលារាជធានីភ្នំពេញស្រាប់ ចេញទៅសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ និងក្រុមគ្រូពេទ្យក្រសួងសុខាភិបាល ចុះទៅ ដល់ទីតាំងកើតហេតុ ដើម្បីមាននីតិវិធីបង្ខំជនទាំងឡាយដែលរឹងទទឹងមិនព្រមសហការចូលរួមអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ពិសេសការយកសំណាក ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩។
ក្នុងការចុះអន្តរាគមន៍ខាងលើ កម្លាំងកងរាជអាវុធហត្ថ មានបំពាក់នូវសម្ភារៈគ្រប់គ្រាន់ ក្នុងការអនុវត្តចាប់បង្ខំលើជនរឹងទទឹងខាងលើ ដោយមានដំបងចាប់ ខែល សំណាញ់ ពិសេសមានការស្លៀកពាក់យ៉ាងត្រឹមត្រូវ ដើម្បីការពារវីរុសកូវីដ-១៩ ផងដែរ។
បន្ទាប់ពីឃើញមានកម្លាំងចម្រុះ ចុះទៅត្រៀបត្រា និងត្រៀមចូលទៅចាប់ខ្លួនហើយនោះ ជនបរទេសរូបនោះ មានការភ័យខ្លាច ក៏បានដើរចូលទៅក្នុងរថយន្តរបស់ក្រុមគ្រូពេទ្យ តាមសម្រួល ដោយគ្មានអ្នកចាប់បង្ខំឡើយ។ ក្រោយដើរចូលក្នុងរថយន្តហើយ ក្រុមគ្រូពេទ្យ ក៏បានបញ្ចូនខ្លួនជនបរទេសនេះ បន្តទៅកាន់មណ្ឌលសុខភាពចាក់អង្រែក្រោម ដើម្បីឲ្យធ្វើចត្តាឡីស័ក និងធ្វើការយកសំណាក ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩ នៅទីនោះតែម្តង ដោយមានកម្លាំងជំនាញអាវុធហត្ថ អមដំណើរជាប់រហូតដល់មណ្ឌលសុខភាពចាក់អង្រែក្រោមផងដែរ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មូលហេតុដែលបញ្ចូនជនបរទេសខាងលើ ទៅកាន់មណ្ឌលសុខភាពចាក់អង្រែក្រោម ដើម្បីធ្វើចត្តាឡីស័ក គឺដោយសារនៅទីនោះ មានកម្លាំងប្រចាំការគ្រប់គ្រាន់ បូកបញ្ចូលជាមួយសម្ភារៈគ្រប់គ្រាន់ ក្នុងការទប់ស្កាត់ ឬបង្ក្រាបលើជនទាំងឡាយណាដែលរឹងទទឹង មិនព្រមចូលរួមអនុវត្តតាមការណែនាំរបស់ក្រុមគ្រូពេទ្យ ជាដើម។
គួរបញ្ជាក់ថា ជនបរទេសខាងលើ គឺបានប៉ះពាល់ផ្ទាល់ជាមួយបុរសជាជនជាតិអាមេរិកម្នាក់ និងស្ត្រីខ្មែរ ម្នាក់ទៀត ដែលរស់នៅចំណុចខុនដូកើតហេតុខាងលើ ដែលអ្នកទាំង២ ត្រូវបានក្រុមគ្រូពេទ្យរកឃើញវិជ្ជមានកូវីដ-១៩ កាលពីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១៕