ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យ ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក គង់ វិនឌី ស្នងការរងទទួលការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា និងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានបំបែកករណីរំលោភលើទំនុកចិត្តឆ្លងដែន លើការវេរប្រាក់ ខ្មែរ-ថៃ និងក្រៅប្រទេសផ្សេងទៀត ដែលប្រព្រឹត្តតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបានចាប់ខ្លួនជនសង្ស័យម្នាក់ នាំយកទៅចាត់ការតាមច្បាប់។
យោងអាជីវករនៅក្រុងប៉ោយប៉ែត ខាងកម្ពុជា និងនៅក្រុមផ្សាររោងក្លឿ ខាងថៃ ដែលសុំមិនបញ្ចេញឈ្មោះ ព្រោះហេតុផលសន្តិសុខ និងការប្រកបរបរ បានឱ្យដឹង នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ថា កន្លងមក គឺមានច្រើនករណីមកហើយ រហូតមកទល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ព្រោះគាត់ផ្ទាល់ និងអ្នករួមអាជីពប្រកបរបរដូចគ្នា ធ្លាប់ជាជនរងគ្រោះជាច្រើនលើកមកហើយ។ ពេលបានឃើញព័ត៌មានចាប់ជនសង្ស័យរំលោភលើសេចក្តីទុកចិត្ត (ស៊ីដាច់លុយ) ពួកគាត់សប្បាយចិត្តខ្លាំង ព្រោះធ្លាប់ជាជនរងគ្រោះខាតបង់លុយរាប់ម៉ឺនដុល្លារ។
ចំណែកសមត្ថកិច្ច បានបង្ហើបថា ជនសង្ស័យមាននំនាក់ទំនងជាមួយអាជីវករ ហើយបានធ្វើស៊ីពួកគេច្រើនលើកដែរហើយ ប៉ុន្តែលើកនេះ ត្រូវបានមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចបង្ក្រាបបាន ប៉ុន្តែបានស្នើមិនបញ្ចេញឈ្មោះ ដើម្បីរង់ចាំស្រាវជ្រាវតាមចាប់ខ្លូនបក្ខពួក និងអ្នកសមគំនិតឯទៀតសិន។
បន្ទាប់ពីបានទទួលការសម្របសម្រួលនីតិវិធី ពីអយ្យការអមសាលាដំបូងខេត្តហើយ ក៏ឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត រួចនាំយកទៅសាកសួរ ដើម្បីស្រាវជ្រាវរកបក្ខពួកបន្ថែមទៀត៕