Monday, December 23, 2024
Homeព័ត៌មានជាតិបុរសបង្អើលបិទភ្នំពេញ តាម Tok Tok ចេញមុខសុំទោស

បុរសបង្អើលបិទភ្នំពេញ តាម Tok Tok ចេញមុខសុំទោស

ភ្នំពេញ ៖ បុគ្គលម្នាក់ដែលបានធ្វើសកម្មភាពប្រឌិតព័ត៌មាន បង្ហោះតាមបណ្តាញសង្គម Tik Tok បំពុលសង្គមថា មានការប្រកាសអាសន្ន បិទគ្រប់ច្រកចេញចូលរាជធានីភ្នំពេញ ទីបំផុតត្រូវបានសមត្ថកិច្ចជំនាញ ស្រាវជ្រាវឃាត់ខ្លួន។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះវ៉ាន់ រចនា ភេទប្រុស អាយុ២៦ឆ្នាំ មានលំនៅបច្ចុប្បន្ន ផ្ទះលេខ៥៩ ផ្លូវ២៤ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ជាម្ចាស់គណនី Tik Tok ដែលមានឈ្មោះ Rachana BK។

យោងតាមប្រភពពីក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា មុនពេលកើតហេតុ បុរសម្នាក់ឈ្មោះវ៉ាន់ រចនា ដែលបានយកសារសសំឡេងបុគ្គលមិនស្គាល់អត្តសញ្ញាណ មកផ្សព្វផ្សាយជាមួយរូបភាពដែលថា មានការបិទរាជធានីភ្នំពេញ នោះ បានចូលខ្លួនសារភាពនិងសុំទោសជាសាធារណៈ ចំពោះកំហុសរបស់ខ្លួនដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត ធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង ១២និង៤០នាទី ថ្ងៃត្រង់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ផែនសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកោះហៅជនសង្ស័យឈ្មោះវ៉ាន់ រចនា ជាម្ចាស់គណនី Tik Tok ឈ្មោះ Rachana BK ដែលបានបង្ហោះវីដេអូសំឡេង មានខ្លឹមសារថា “ភ្នំពេញ គេអាចបិទច្រកយប់ហ្នឹង គេប្រកាសអាសន្នបិទច្រក លែងឱ្យចូលភ្នំពេញ…” ហើយបានភ្ជាប់ជាមួយនឹងសកម្មភាពវីដេអូនៃការកកស្ទះចរាចរណ៍របស់ប្រជាពលរដ្ឋ ដែលធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ដែលតាមពិតជាក់ស្តែង រហូតមកដល់ពេលនេះមិនមានគោលការណ៍ណាមួយឱ្យមានការបិទច្រកចេញចូលរាជធានីភ្នំពេញ នោះទេ។

ក្រោយពីទទួលកំហុសជាសាធារណៈ ធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យារួចមក សមត្ថកិច្ចបានអនុញ្ញាតឱ្យជនខាងលើ ត្រឡប់ទៅគេហដ្ឋានវិញ៕

RELATED ARTICLES