Monday, December 23, 2024
Homeព័ត៌មានជាតិទទក ទើបចេញលិខិតបដិសេធ ថ្ងៃនេះ គាត់ចូលស្នងការ ចេញមុខសុំទោស

ទទក ទើបចេញលិខិតបដិសេធ ថ្ងៃនេះ គាត់ចូលស្នងការ ចេញមុខសុំទោស

ភ្នំពេញ ៖ បុរសម្នាក់បង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ ប្រើប្រាស់ឈ្មោះ និងឡូហ្គូរបស់ទូរទស្សន៍ជាតិកម្ពុជា (ទទក) ហើយផ្សព្វផ្សាយព័ត៌មានមិនពិត ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនមកសួរនាំ និងធ្វើកិច្ចសន្យាអប់រំបញ្ឈប់សកម្មភាព។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ថា នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចជំនាញការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ និងកោះហៅឈ្មោះឌិត សុវណ្ណរិទ្ធ ដើម្បីធ្វើការសាកសួរ ទាក់ទងទៅនឹងការបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយរបស់ ទទក។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ចបុគ្គលរូបនេះ បានសារភាពទទួលស្គាល់នូវកំហុសដែលខ្លួនបានធ្វើ ដោយបានធ្វើកិច្ចសន្យា និងសុំទោសជាសាធារណៈផងដែរ។ ដើម្បីចៀសវាងកុំឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ តទៅទៀតសមត្ថកិច្ចជំនាញបានធ្វើការលុបគណនីក្លែងក្លាយនេះចោលតែម្តង។

គួរជម្រាបថា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១កន្លងទៅ ទូរទស្សន៍ជាតិកម្ពុជា បានចេញលិខិតបដិសេធមួយ ក្រោយមានបុគ្គល បានលួចបង្កើត Group ទទក-TVK2 ដោយប្រើប្រាស់ឡូហ្គោ ទទក ហើយផ្សព្វផ្សាយព័ត៌មានមិនពិត មានលក្ខណៈញុះញង់ ធ្វើឱ្យសាធារណជន ភ័ន្តច្រឡំថា ជាការផ្សព្វផ្សាយរបស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា៕

RELATED ARTICLES