Monday, December 23, 2024
Homeព័ត៌មានជាតិបណ្ឌិតឡៅ ម៉ុងហៃ ថាជំងឺកូវីដ-១៩ គួរផ្សាយពីលក្ខណ:សុខភាព ទាំងអ្នកស្លាប់ និងអ្នកជាសះស្បើយ

បណ្ឌិតឡៅ ម៉ុងហៃ ថាជំងឺកូវីដ-១៩ គួរផ្សាយពីលក្ខណ:សុខភាព ទាំងអ្នកស្លាប់ និងអ្នកជាសះស្បើយ

ភ្នំពេញ ៖ លោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយនិងសង្គម បានលើកឡើងថា ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ គួរផ្សាយពីលក្ខណ:សុខភាព ទាំងអ្នកស្លាប់ និងអ្នកជាសះស្បើយ ។

លោកបណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “យើងក្រៀមក្រំ ពេលអ្នកមានជំងឺកូវីដ-១៩ បានស្លាប់ថ្មីៗនេះ តែយើងក៏អបអរ ពេលអ្នកជំងឺឯទៀតបានជាសះស្បើយ និងឲ្យតម្លៃខ្ពស់ដល់ការព្យាបាលជំងឺនេះរបស់ពេទ្យខ្មែរ។

លោកបណ្ឌិត ឡៅ ម៉ុងហៃ

ប្រហែលជាមិនដាក់បន្ទុកថែមទៅលើអ្នកជំនាញពេទ្យយើងទេ បើសុំផ្សាយប្រាប់ផងថា ប្រើថ្នាំអ្វី និងព្យាបាលបែបណា ឲ្យបានជាសះស្បើយ និងជាពិសេសអំពីលក្ខណ:សុខភាពរបស់អ្នកជាសះស្បើយទាំងនោះ មុនពួកគាត់មានជំងឺ។

បើបានដឹង ប្រហែលជាមនុស្សនឹងខំប្រឹងបង្កលក្ខណ:សុខភាពរបស់ខ្លួនបែបនោះ សម្រាប់ជួយឲ្យបានជាសះស្បើយដែរ បើឧបមាថា ធ្លាក់ខ្លួនមានជំងឺនោះថ្ងៃណាមួយ“។

បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើនេះ លោកបណ្ឌិត ឡៅ ម៉ុងហៃ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ថា ជំងឺឆ្លងកាចសាហាវ បង្កឲ្យមានការទុក្ខលំបាក និងសម្លាប់ជីវិតមនុស្សមែន តែក៏វាធ្វើឲ្យមនុស្សកាន់តែពូកែជាងមុន និងមានការចម្រើនលូតលាស់ជាងមុន។

លោកបណ្ឌិត ឡៅ ម៉ុងហៃ បានមានប្រសាសន៍ថា “មនុស្សសាមញ្ញធម្មតាដែលយល់ការ (a reasonable person) អាចចាប់អារម្មណ៍ថា អ្នកជំនាញពេទ្យខ្មែរយើង បានជួយមើលថែទាំអ្នកមានជំងឺកូវីដ-១៩ ឲ្យបានជាសះស្បើយ ជាង ១០០០នាក់ គឺខ្ទង់ពាក់កណ្តាលនៃចំនួនអ្នកមានជំងឺនេះទាំងអស់។ គេក៏អាចរំពឹងទុកថា អ្នកជំនាញទាំងនោះ បានកត់ចំណាំទុកនូវលក្ខណៈសុខភាព ចរិតលក្ខណៈនិងស្មារតី បរិស្ថានសង្គមនិងជីវវិតរស់នៅរបស់អ្នកជាសះស្បើយ នៅពេលដែលពេទ្យរកឃើញថា មានផ្ទុកមេរោកកូវីដ-១៩។ អ្នកជំនាញទាំងនោះ ក៏បានកត់ចំណាំបានថែមទៀតនូវលក្ខណៈសុខភាពពិសេសៗជាក់លាក់បែបណា ចរិតលក្ឋណៈនិងស្មារតីបែបណា បរិស្ថានសង្គមបែបណា និងជីវិតរស់នៅបែបណា ដែលវិជ្ជមាន ជួយឲ្យដងខ្លួនពួកគាត់ឆ្លើយតបវិជ្ជមានទៅនឹងថ្នាំ និងការព្យាបាល រហូតដល់ពួកគាត់បានជាសះស្បើយ“។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល

លោកបណ្ឌិត ឡៅ ម៉ុងហៃ បន្តថា “គេក៏អាចគិតថា អ្នកជំនាញពេទ្យទាំងនោះ បានកត់ចំណាំទុកនូវកត្តាវិជ្ជមានរួម ដែលអ្នកជាសះស្បើយទាំងជាង ១០០០នាក់នោះ មានដូចៗគ្នាឬក៏ស្រដៀងៗប្រហាក់ប្រហែលគ្នា។ បើអ្នកជំនាញពេទ្យយើង បានកត់ត្រាទុកដូចបានគិតទុកនោះ ហើយយកមកផ្សព្វផ្សាយអប់រំទូលាយ សាធារណជន ច្បាស់ជាអាចបង្កឲ្យមានលក្ខណៈសុខភាពដែលខ្វះខាតដោយខ្លួនឯងបាន អាចកែប្រែចរិតលក្ខណៈនិងស្មារតីរបស់ខ្លួន ឲ្យទៅជាកត្តាវិជ្ជមាន ចៀសឬជួយបរិស្ថានសង្គមនិងជីវិតរស់នៅអវិជ្ជមានរបស់ខ្លួន ឲ្យទៅជាកត្តាវិជ្ជមាន។

ទិន្នន័យទាំងនោះ នឹងនាំឲ្យពួកគេបង្កើតអាវុធក្នុងខ្លួនគេ ដើម្បីជួយច្បាំង មិនត្រឹមតែប្រឆាំងរោគកូវីដ-១៩ តែប៉ុណ្ណោះ តែថែមទាំងប្រឆាំងមេរោគឯទៀតផងដែរ ទាំងក្នុងពេលបច្ចុប្បន្ន ទាំងទៅអនាគតកាល។ ជំងឺឆ្លងកាចសាហាវ បង្កឲ្យមានការទុក្ខលំបាក និងសម្លាប់ជីវិតមនុស្សមែន តែក៏វាធ្វើឲ្យមនុស្សកាន់តែពូកែជាងមុន វាធ្វើឲ្យមនុស្សមានការចម្រើនលូតលាស់ជាងមុន“៕ ដោយ ៖ កុលបុត្រ

RELATED ARTICLES