Monday, December 23, 2024
Homeព័ត៌មានជាតិល្បីស្ត្រីលក់មាសក្នុងផ្សារធំថ្មី វិជ្ជមានកូវីដ-១៩ ប្រធានផ្សារចេញមុខខច្រានចោល

ល្បីស្ត្រីលក់មាសក្នុងផ្សារធំថ្មី វិជ្ជមានកូវីដ-១៩ ប្រធានផ្សារចេញមុខខច្រានចោល

ភ្នំពេញ ៖ លោកស្រី ប៉ុន ដានី ប្រធានគណៈកម្មការគ្រប់គ្រងផ្សារធំថ្មី កាលពីរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ បានច្រានចោល ព័ត៌មានថា ស្ត្រីជាអាជីវករលក់មាសក្នុងផ្សារធំថ្មីម្នាក់ មានវិជ្ជមានកូវីដ-១៩ ដោយលោកស្រី បានបញ្ជាក់ប្រាប់ថា គិតត្រឹមរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ មិនទាន់មានអាជីវករលក់មាសណាម្នាក់ នៅផ្សារធំថ្មី បានឆ្លងជំងឺកូវីដ-១៩ នោះទេ គ្រាន់តែមានមន្ត្រីសុខាភិបាល ចុះមកយកសំណាក ហើយលទ្ធផលក៏មិនទាន់ចេញនោះដែរ។

លោកស្រី ប៉ុន ដានី បានបញ្ជាក់ឱ្យដឹងថា អាជីវករលក់មាសដែលត្រូវមន្ត្រីសុខាភិបាលចុះយកសំណាកនោះ ដោយសារតែគាត់មានកូន បានឆ្លងជំងឺកូវីដ-១៩ ក៏ប៉ុន្តែបច្ចុប្បន្ននេះ រូបគាត់ និងកូន មិនបានស្នាក់នៅផ្ទះជាមួយគ្នានោះទេ។ ដូច្នេះលោកស្រី សូមធ្វើការច្រានចោល ទាំងស្រុង ចំពោះព័ត៌មានដែលបានផ្សាយប្រឌិត ជុំវិញករណីវិជ្ជមានជំងឺកូវីដ១៩ លើអាជីវករនៅផ្សារដែលលោកស្រីគ្រប់គ្រង។

បើតាមប្រធានគណៈកម្មការផ្សារ អាជីវករឈ្មោះគោ ជាអាជីវករលក់មាស នៅផ្សារធំថ្មី បានខកខានមកផ្សារតាំងពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ មកម៉្លេះ ដោយលោកបានទៅស្នាក់នៅផ្ទះ ជាមួយក្រុមគ្រួសាររបស់គាត់ ខណៈដែលកូនស្រីរបស់គាត់ មានការពាក់ព័ន្ធមានវិជ្ជមាន ជំងឺកូវីដ-១៩។

ដោយឡែក សម្រាប់អាជីវករឈ្មោះគោ រួមជាមួយសមាជិកគ្រួសារចំនួន៦នាក់ទៀត ត្រូវបានមន្ត្រីសុខាភិបាលចុះទៅយកសំណាក នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ ដើម្បីធ្វើតេស្តរកជំងឺកូវីដ-១៩។ ដូច្នេះលោកស្រី សូមធ្វើការអំពាវនាវទៅដល់ប្រជាពលរដ្ឋ ក៏ដូចអាជីវករទាំងអស់ កុំមានការភ្ញាក់ផ្អើល។

ជាមួយគ្នានេះ លោកស្រី ប៉ុន ដានី ក៏បានបន្តអំពាវនាវឱ្យអាជីវករ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តឱ្យបាននូវវិធានរបស់ ក្រសួងសុខាភិបាល ពិសេសគឺអនុវត្តទៅតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺ៣ការពារ និង៣កុំ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ទាំងអស់គ្នា៕

RELATED ARTICLES