Monday, December 23, 2024
Homeព័ត៌មានជាតិត្រឹមតែរយៈពេលខ្លីសោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និង លោកជំទាវ បានបរិច្ចាគថវិកាសរុបជិត ១០លានដុល្លារ ជួយសង្គមជាតិ

ត្រឹមតែរយៈពេលខ្លីសោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និង លោកជំទាវ បានបរិច្ចាគថវិកាសរុបជិត ១០លានដុល្លារ ជួយសង្គមជាតិ

គិតចាប់ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ មហាជនបានពិនិត្យឃើញថា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបរិច្ចាគជួយជាតិជិត១០លានដុល្លារមកហើយ ក្នុងការជួយដល់សង្គមជាតិ ជាមួយរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ដែលចំនួននេះ គឺជាចំនួនច្រើនជាងគេ ក្នុងចំណោមសប្បុរសជនទាំងអស់។

ខាងក្រោមនេះ គឺជាកាលបរិច្ឆេទ និងចំនួនថវិកាសប្បុរសធម៌ ដែលអ្នកឧកញ៉ាចិត្តធម៌ វ័យក្មេង និងលោកជំទាវ បានលះបង់ធនធានផ្ទាល់ខ្លួន ចូលរួមជាមួយរដ្ឋាភិបាល និងជួយសង្គមជាតិ ៖


ទី១. ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ បានបរិច្ចាគចំនួន១លានដុល្លារ តាមរយៈឯកឧត្ដម សេង ទៀង ជូនសម្ដេចតេជោ ហ៊ុន សែន ដើម្បីចូលរួមទិញវ៉ាក់សាំង វ៉ាក់សាំងកូវីដ១៩ ចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ។

ទី២. ថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២១ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ បានបរិច្ចាគជូនសម្ដេចតេជោ ហ៊ុន សែន ចំនួន៣លានដុល្លារ ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ ដើម្បីចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ ។

ទី៣. ថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២១ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ បានបរិច្ចាគថវិកាចំនួន ២០ម៉ឺនដុល្លារថែមទៀត ជូនទៅដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ហ៊ុន សែន (TYDA) ដើម្បីជាការសងគុណដល់ទ័ពឈុតស ដែលកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។

ទី៤. ថ្ងៃ២៧ ខែមីនា ឆ្នាំ ២០២១ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ បានបរិច្ចាគថវិកាចំនួន៣.៥លានដុល្លារ តាមរយៈសម្ដេចតេជោ ដើម្បីទិញមន្ទីរពេទ្យ នគរទេព សម្រាប់ព្យាបាលបងប្អូនកើតជំងឺកូវីត-១៩ ។

ទី៥. នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ប្រកាសបរិច្ចាគថវិកាចំនួន១.៤លានដុល្លារ ជូនដល់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមក្នុងទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ខួបលើកទី១៥៨។

ទាំងអស់នេះ គឺជាការលះបង់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន ក្នុងនាមជា អ្នកឧកញ៉ា អគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា គ្រុប និងជាអគ្គនាយកផលិតកម្ម Galaxy Navatra ដែលទទួលជោគជ័យខ្លាំងក្នុងវិស័យអចលនទ្រព្យ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

អ្វីដែល សាធារណៈជននៅចាំមិនភ្លេច គឺអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្លាប់បានពោលពាក្យពេចន៍ដ៏ចាក់ដោតថា ពួកគាត់ មិនដឹងជាត្រូវយកលុយដែលរកបានទាំងអស់នោះ ទៅចាយទៅឯណាទេ បើសិនជាប្រទេសជាតិយើង គ្មានសុខសន្តិភាពដូចសព្វថ្ងៃ។ កើតនៅក្នុងប្រទេសកម្ពុជា ដូច្នេះការចូលរួមចែករំលែកជួយសង្គម ពេលសង្គមត្រូវការ និងរួមសុខ រួមទុក្ខ ជាមួយរាជរដ្ឋាភិបាល គឺជាកាតព្វកិច្ចដ៏ចម្បងរបស់ អ្នកឧកញ៉ា និងក្រុមគ្រួសារ ដែលមិនអាចឱបដៃឈរមើល ដោយមិនខ្វល់ខ្វាយបានឡើយ៕

RELATED ARTICLES