តាមប្រភពព័ត៌មានពីកាសែតអង់គ្លេស The Sun ចេញផ្សាយកាលពីពេលថ្មីនេះបានឲ្យដឹងថា ក្លឹបបាល់ទាត់ត្រកូល Man គឺ Man Utd និង Man City កំពុងប្រជែងគ្នា ទិញយកកីឡាករខ្សែបម្រើការពារ Fabinho ពីក្លឹបបាល់ទាត់បារាំង Monaco សម្រាប់រដូវកាលដោះដូរខាងមុខនេះ។
ប្រភពព័ត៌មានដដែលនោះបានរាយការណ៍ឲ្យដឹងថា លោក Pep Guardiola និង Jose Mourinho កំពុងតម្រង់រ៉ាដា ប្រមាញ់យកកំពូលកីឡាករលំដាប់ពិភពលោក Fabinho ដើម្បីពង្រឹងក្លឹបរបស់ពួកគេ ដែលកំពុងមានភាពចន្លោះប្រហោង។
លោក Jose ធ្លាប់បានស្នើក្លឹបបិសាចក្រហម Man Utd ទិញកីឡាករនេះម្តងរួចមកហើយកាលពីរដូវកាលកន្លងមក តែមិនមានការឯកភាពគ្នា ពីមន្រ្តីក្លឹប។ ទោះយ៉ាងណាក្តីលោកមិនបានបោះបង់មហិច្ឆតាតាមប្រមាញ់យកកីឡាករវ័យ២២ឆ្នាំ រូបនេះទេ បើទោះដឹងថាកាលពីខែមុនក្លឹប Monaco បានចាក់សោកីឡាករនេះទុកជាមួយនឹងការផ្តល់កុងត្រាថ្មីរយៈពេល៥ឆ្នាំក៏ដោយ។
ទោះបីជាក្លឹបទាំងពីរចង់បានកីឡាករសញ្ជាតិប្រេស៊ីល តែគេមិនទាន់ឃើញតម្រុយពីការឲ្យតម្លៃខ្លួនដល់កីឡាករនោះនៅឡើយទេ។
គួររំឮកថាកីឡាករ Fabinho បានចូលមកលេងជាមួយក្លឹប Monaco កាលពីឆ្នាំ២០១៥។ នៅជាមួយក្លឹបនេះធ្លាប់ស៊ុតបាល់បាន៩គ្រាប់ ក្នុងការបង្ហាញវត្តមាន៤៩ប្រកួត។
ដោយ៖ ហេង ដេត