ភ្នំពេញ ៖ តាអាចារ្យម្នាក់ និងព្រះសង្ឃ ១អង្គ គង់នៅវត្តតាំងកសាងខាងត្បូង ត្រូវបានកូនចៅសពស្ត្រីអ្នកជំងឺកូវីដ-១៩ ម្នាក់ ដែលបាត់បង់ជីវិត កាលពីប៉ុន្មានថ្ងៃមុន និមន្តឱ្យទៅសូត្រមន្ត ធ្វើកិច្ចក្នុងពិធីបុណ្យសព ស្រាប់តែត្រឡប់មកវិញ មិនបានប៉ុន្មាន ក្រុមគ្រូពេទ្យបានរកឃើញថា សមាជិកគ្រួសារមួយនេះ មានវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៥នាក់ ថែមទៀត ជាហេតុធ្វើឱ្យព្រះសង្ឃ និងតាអាចារ្យ ប្រឈមហានិភ័យខ្ពស់ និងត្រូវបានសមត្ថកិច្ច ព្រមទាំងក្រុមគ្រូពេទ្យជំនាញ ចាត់វិធាការបិទវត្ត ជាបន្ទាន់ និងតម្រូវឱ្យព្រះសង្ឃ តាអាចារ្យ គណៈកម្មការក្នុងវត្ត សរុប ៤៧នាក់ ត្រូវធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ។
ការបិទជាបណ្តោះអាសន្ន វត្តតាំងកសាងខាងត្បូង ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ នេះ ធ្វើឡើងកាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១។
តាមប្រភពពីមន្ត្រីសាលាខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា កាលពី ៤ទៅ ៥ថ្ងៃមុន មានស្ត្រីម្នាក់ ឈ្មោះប្រាជ្ញ ទូច អាយុ៧២ឆ្នាំ រស់នៅក្នុងភូមិកាកាប សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ បានបាត់បង់ជីវិត ដោយសារជំងឺកូវីដ-១៩ ហើយក្រុមគ្រួសារសព បាននិមន្តព្រះសង្ឃ និងតាអាចារ្យនៅក្នុងវត្តតាំងកសាងត្បូង ទៅធ្វើកិច្ចក្នុងពិធីបុណ្យសព។ លុះក្រោយមក មិនបានប៉ុន្មានផង កូនចៅរបស់ស្ត្រីចំណាស់ខាងលើ ចំនួន ៥នាក់ទៀត ត្រូវបានក្រុមគ្រូពេទ្យជំនាញ រកឃើញមានវិជ្ជមានកូវីដ-១៩ និងត្រូវបាននាំទៅព្យាបាល។
ប្រភពដដែល បន្តថា បន្ទាប់មក តាមការស្រាវជ្រាវរកអ្នកពាក់ព័ន្ធ បានដឹងថា ព្រះសង្ឃដែលគង់នៅក្នុងវត្តតាំងកសាងខាងត្បូង រួមជាមួយលោកតាអាចារ្យ ធ្លាប់ត្រូវបានក្រុមគ្រួសារសព និមន្តនិងអញ្ជើញទៅធ្វើកិច្ចបុណ្យសព ខាងលើបែបនេះ ពិតជាមានហានិភ័យខ្លាំងណាស់ ទើបអាជ្ញាធរសម្រេចបិទ មិនឱ្យមានការចេញចូលវត្តឡើយ ដេម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ មិនតែប៉ុណ្ណោះ តម្រូវឱ្យព្រះសង្ឃ និងគណៈកម្មការអាចារ្យវត្ត សរុបទាំងអស់ ចំនួន ៤៧អង្គនាក់ ត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ នៅក្នុងវត្ត មិនឱ្យចេញទៅធ្វើកិច្ចផ្សេងនៅខាងក្រៅ ឬអ្នកពីខាងក្រៅ ចូលទៅក្នុងវត្តនោះឡើយ ដើម្បីយកសំណាក ទៅធ្វើតេស្តរកមេរោគកូវីដ-១៩។
ប្រជាពលរដ្ឋ បាននិយាយថា កន្លងមក វត្តខាងលើ មានអ្នកដំណើរពីចម្ងាយ អ្នកលក់ដូរតាមម៉ូតូសណ្តោងរ៉ឺម៉កផ្សេងៗ ចូលទៅសម្រាកហូបបាយថ្ងៃត្រង់ នៅក្រោមដើមឈើ និងជិតចេតិយ ជាដើម ប៉ុន្តែកន្លែងដែលអ្នកទាំងនោះសម្រាក បានស្ថិតនៅដាច់ឆ្ងាយពីកុដិព្រះសង្ឃ មិននៅជិតឡើយ។ ដោយឡែក រយៈពេល ២ថ្ងៃកន្លមកនេះ វត្តខាងលើ បិទទ្វារ មានសភាពស្ងាត់ជ្រងំ ហើយខណៈនេះ ក៏ជិតដល់ថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិ ថែមទៀតផងទោះជាចង់ទៅវត្ត ធ្វើបុណ្យទាន ក៏លំបាកដែរ។
ដោយឡែកនៅជាប់ទ្វារខ្លោងទ្វារវត្ត នៅទិសខាងកើត និងខាងជើង ត្រូវបានព្រះសង្ឃ ដាក់ស្លាក សរសេរថា “សូមអធ្យាស្រ័យចំពោះញាតិញោមជាពុទ្ធបរិស័ទចំណុះជើងវត្ត ចត្តតាំងកសាងខាងត្បូង ត្រូវការបិទ រយៈពេល១៤ថ្ងៃ បើញាតិញោមមានការចាំបាច់ អាចទំនាក់ទំនងតាមលេខទូរស័ព្ទ ០៩២ ៨៣៩ ៩៩៣, ០៩០ ៧៥៤ ៤៤៤ និង០១២ ៥១២ ២៤២…”។
ចំណែកលោកស្រី សាយ សូនីតា ចៅសង្កាត់កាកាបទី២ បានបញ្ជាក់ថា “សូមជម្រាបជូនដំណឹងដល់បងប្អូន ចាប់ពីថ្ងែទី០៨ ខែមេសា នេះ វត្តតាំងកសាងខាងត្បូង បានបិទជាបណ្តោះអាសន្ន រយៈពេល ១៤ថ្ងៃ ដោយសារព្រះសង្ឃ គង់ក្នុងវត្ត ត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃរង់ចាំលទ្ធផងធ្វើតេស្តរកមេរោគកូវីដ-១៩។ សង្ឃឹមលោកបង និងលោកប្អូនទាំង ៣៨អង្គ ជៀសផុតពីជំងឺ covid ចង្រៃនេះ។ ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំ ចៅសង្កាត់កាកាបទី២ សុំអំពាវនាវដល់បងប្អូនញាតិមិត្តជិតឆ្ងាយ និងសប្បុរសជន ជួយឧបត្តម្ភជាគ្រឿងឧបភោគដល់ព្រះសង្ឃ ដែលធ្វើចត្តាឡីស័ក តាមសធាជ្រះថ្លា តាមរយៈរដ្ឋបាលសង្កាត់កាកាបទី២បាន សូមអរគុណ…”។
ទោះបីជាយ៉ាងណា មានអ្នកយកចង្ហាន់ទៅប្រគេនដល់ព្រះសង្ឃផងដែរ ប៉ុន្តែជាការការពានិងអនុវត្តតាមវិធានការក្រសួងសុខាភិបាល ពួកគាត់មិនបានចូលទៅជិតនោះទេ ដោយនៅមាត់ទ្វារចូលវត្ត មានដាក់គ្រែ១ នៅខាងក្រៅ ហើយអ្នកដែលយកចង្ហាន់ទៅប្រគេនព្រះសង្ឃ បានយកចង្ហាន់ ទៅទុកនៅលើគ្រែនោះ។ ចំណែកព្រះសង្ឃ អាចលូកព្រះហស្ត យកបាន បន្ទាប់មក ព្រះសង្ឃសូត្រធម៌ ជូនពរជ័យពីក្នុងបរិវេណវត្ត រីឯពុទ្ធបរិស័ទ អង្គុយចោងហោង សំពះនៅខាងក្រៅ៕