ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ ត្រូវបានព្យាបាលជំងឺកូវីដ-១៩ ជាសះស្បើយ ហើយត្រូវគ្រូពេទ្យអនុញ្ញាតឱ្យមកធ្វើចត្តាឡីស័កនៅផ្ទះ ឯរាជធានីភ្នំពេញ រយៈពេល ១៤ថ្ងៃទៀតសិន តែបែរជាមិនស្តាប់ការណែនាំ ព្យាយាមរត់គេចការធ្វើចត្តាឡីស័ក ដោយធ្វើដំណើរទៅ ស្រុកកំណើតរបស់ខ្លួន ឯខេត្តកំពង់ឆ្នាំង និងថែមទាំងដើររហេតរហូតពេញភូមិ ទីបំផុតត្រូវអាជ្ញាធរខេត្តកំពង់ឆ្នាំង ចុះនាំខ្លួនយកមកធ្វើចត្តាឡីស័កឡើងវិញ។
លោកសេង វិចិត្រ អភិបាលរងស្រុករលាប្អៀរ បានបញ្ជាក់នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ថា បុរសខាងលើ ជាអ្នកបើកបររថយន្តឱ្យប្តីប្រពន្ធពីរនាក់ដែលផ្ទុកកូវីដ-១៩ មានលំនៅក្នុងរាជធានីភ្នំពេញ និងមានចុម្ការនៅភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ហើយបានធ្វើឱ្យពាក់ព័ន្ធដល់ប្រជាពលរដ្ឋជាច្រើន នៅក្នុងឃុំពង្រ បង្កើតជាព្រឹត្តិការណ៍ រហូតដល់មានការបិទផ្សារពង្រ ជាច្រើនថ្ងៃ កន្លងទៅនេះ។
លោកអភិបាលរង បន្តថា បុរសរូបនេះ បន្ទាប់ពីដាក់ឱ្យនៅព្យាបាលឯរាជធានីភ្នំពេញ បានជាសះស្បើយហើយ គ្រូពេទ្យមិនអនុញ្ញាតឱ្យធ្វើដំណើរចាកចេញទៅណាទេ ត្រូវបន្តធ្វើចត្តាឡីស័ក ១៤ថ្ងៃទៀត នៅផ្ទះ រាជធានីភ្នំពេញ និងមានការណែនាំផ្សេងៗ ឱ្យរង់ចាំតាមដានស្ថានភាពជំងឺ ជាបន្តទៀតសិន តែបុរសម្នាក់នេះ មិនបានស្តាប់ការណែនាំរបស់ក្រុមគ្រូពេទ្យ និងអាជ្ញាធរនោះទេ បែរជាធ្វើដំណើរមកកាន់ភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ដែលជាភូមិកំណើតរបស់គេ ទាំងយប់ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ហើយត្រូវបានអាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យ ឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ទៅដឹកយកឱ្យធ្វើចត្តាឡីស័ក នៅយប់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១។
លោកអភិបាលរង បានឱ្យដឹងបន្តទៀតថា បន្ទាប់ពីគាត់បានមកដល់ភូមិទ័ពត្បែង ដែលជាភូមិកំណើតរបស់ខ្លួន នៅយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ បុរសខាងលើ បានធ្វើដំណើរក្នុងភូមិត្បែង នៅភូមិថ្មី ដែលជាផ្ទះប្រពន្ធរបស់ខ្លួននៅទីនោះ។ បន្ទាប់មក នៅយប់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ទើបអាជ្ញាធរដឹងព័ត៌មាននេះ និងបានរាយការណ៍ជាបន្តបន្ទាប់ ទើបក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្ត បានយករថយន្ត ទៅដឹកបុរសខាងលើ យកមកធ្វើចត្តាឡីស័ក។
បុរសខាងលើ ទោះបីជាបានព្យាបាលជាសះស្បើយ ចេញពីមន្ទីរពេទ្យហើយក៏ដោយ ក៏ខាងមន្ទីរពេទ្យ បានអនុញ្ញាតឱ្យចេញមកធ្វើចត្តាឡីស័កបន្ថែមទៀត រយៈពេល ១៤ថ្ងៃ នៅផ្ទះខ្លួនឯង ឯរាជធានីភ្នំពេញ ដែលមានអាសយដ្ឋានដូចនៅក្នុងសំបុត្រពេទ្យ បានបញ្ជាក់ជូនស្រាប់ ដោយមិនទាន់អនុញ្ញាតឱ្យដើរចេញទៅក្រៅរហេតរហូតនោះឡើយ។
គ្រូពេទ្យបានណែនាំឱ្យត្រូវពាក់ម៉ាសក៍ លាងសម្អាតដៃ ជាមួយអាល់កុល ឬសាប៊ូ រាល់ពេលបរិភោគ និងប៉ះផ្ទៃមុខ ត្រូវរក្សាគម្លាត ១ម៉ែត្រកន្លះឡើងទៅ ហើយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ត្រូវមកជួបគ្រូពេទ្យ ដើម្បីធ្វើតេស្តសាឡើងវិញទៀតផង ប៉ុន្តែបែរជារត់ទៅស្រុកកំណើត នៅខេត្តកំពង់ឆ្នាំង ទៅវិញ៕