Tuesday, December 31, 2024
Homeព័ត៌មានជាតិមហាជនសុំឲ្យ ដេត ម៉ាលីណា បកស្រាយរឿងសមគំនិតជាមួយអតីតឪពុកក្មេក ធ្វើបាបអតីតឧកញ៉ា ឌួង ឆាយ

មហាជនសុំឲ្យ ដេត ម៉ាលីណា បកស្រាយរឿងសមគំនិតជាមួយអតីតឪពុកក្មេក ធ្វើបាបអតីតឧកញ៉ា ឌួង ឆាយ

ក្រោយចំណងស្នេហ៍ត្រូវបានបញ្ចប់រវាងអតីតឧកញ៉ា ឌួង ឆាយ និងអ្នកនាង ដេត ម៉ាលីណា នៅចុងឆ្នាំ២០២០ ក៏នៅតែកើតមានរឿងប្រទាំងប្រទើស និងមន្ទិលសង្ស័យថា អ្នកទាំងពីរបែកគ្នានេះអាចមកពីអ្នកទី៣ ព្រោះព្រះអង្គ ឌួង ឆាយ ក៏ធ្លាប់បានបង្ហើបកាលពីនៅគ្រហស្ថថា  “ដេត ម៉ាលីណា មានអ្នកទី៣ ” តែលោកមិនបានបង្ហើបថាមានឈ្មោះអ្វីឡើយ ដោយគ្រាន់តែដឹងថា ទំនងជាខ្នងក្រាស មានបុណ្យស័ក្តិធំ។

ព្រតេជគុណ ឌួង ឆាយ

ដូចការសង្ស័យមែន អាថ៌កំបាំងត្រូវបានទម្លាយកាលពីថ្ងៃទី១៤  ខែឧសភា ឆ្នាំ២០២១ ដោយលោកជំទាវ ខុង លីស៊ីអាណា ភរិយាឧកញ៉ា ឌួង ងៀប ថា អតីតកូនប្រសារ ដេត ម៉ាលីណា និងឪពុកក្មេក ឌួង ងៀប បានចូលដៃចូលជើងគ្នាដើម្បីរៀបចំគម្រោងការជាន់ឈ្លីកេរ្តិ៍ឈ្មោះ លោកឌួង ឆាយ ឲ្យវិនាសខ្ទេចខ្ទី និងញុះញង់ឲ្យមានបទល្មើសហិង្សាទៀតផង ខណៈដែលអ្នកទាំង២ បានរៀបចំកាមេរ៉ានៅក្នុងផ្ទះជាច្រើនកន្លែង និងបានអនុញ្ញាតឲ្យលោក ឌួង ឆាយ ទៅជួប ហើយក៏ប្រើពាក្យពេចន៍ប្រមាថជាច្រើន ក្នុងគោលបំណងធ្វើឲ្យលោកទប់កំហឹងមិនបាន ក៏ប្រើហិង្សាលើនាង ហើយក៏ប្រមូលវីដេអូទុកជាភស្តុតាង សម្រាប់ដាក់បន្ទុកមកលើរូបលោកតែម្តង។

ទង្វើដ៏ស្មោកគ្រោកដែលមនុស្សគ្រប់គ្នាសឹងតែមិនជឿថា ឪពុកហ៊ានធ្វើបែបនេះចំពោះកូនឡើយ តែឯកឧត្តម ឌួង ងៀប ពាក់ផ្កាយ២ ក្រសួងមហាផ្ទៃ អាចធ្វើទៅបាន ព្រោះតែលួចមានស្រីឈ្មោះ ប្រាក់ សីហា ដែលវេចលុយពីផ្ទះរាប់សិបម៉ឺនដុល្លារ ទៅជួយសាច់ញាតិខាងស្រី រហូតបានខ្ពស់មុខខ្ពស់មាត់ ដូចជាការទិញផ្ទះវិឡាឲ្យ  ទិញឡានឡិចស៊ីស ៥៧០ ឲ្យ ជួយឲ្យបងថ្លៃចូលធ្វើជាប៉ូលីស ជាដើម ហើយកូនប្រុសច្បង ឌួង ឆាយ តែងតែប្រឆាំងមិនចង់ឲ្យឪពុកមានស្រី ហើយព្យាយាមការពារម្តាយ ទើបត្រូវឪពុកកើតក្តីហ្មងសៅ ខឹងសម្បារចាប់ពីពេលនោះមក រហូតមានការរៀបគម្រោងបែបនេះ។

លោកជំទាវ ខុង លីស៊ីអាណា ពេលធ្វើសន្និសីទកាសែត

ជុំវិញរឿងករណីសមគំនិតនេះ មិនទាន់មានការបកស្រាយពីដេត ម៉ាលីណា នៅឡើយទេ។ ការនេះ ទំនងជាអ្នកនាងមិនហ៊ានប្រឈមការពិត ត្បិតនាងបានទាមទារទ្រព្យសម្បត្តិ រួមមាន ផ្ទះ ២កន្លែង មុខជំនួញទាំង៥ ថែមទាំងលុយ ៥០ម៉ឺនដុល្លារទៀត ពីឌួង ឆាយ អស់ហើយ។

មិនត្រឹមតែប៉ុណ្ណឹងទេ បំណុលរួម ៣លាន ៥ម៉ឺនដុល្លារ បានឲ្យឌួង ឆាយ ជាអ្នករកសងតែម្នាក់ទៀតផង។ ដោយចុះចេញតែខ្លួនទទេរ សង្ឃឹមសន្សំសុខ ផ្ទុយទៅវិញ ដេត ម៉ាលីណា បានដាក់ពាក្យប្តឹងព្រះតេជគុណ ឌួង ឆាយ (កាលនៅជាគ្រហស្ថ) ទៀតផង ដែលផ្ទុយស្រឡះពីកិច្ចព្រមព្រៀងលែងលះប្រការ១ថា “…គូភាគីឯកភាពលែងលះគ្នាដោយសន្តិវិធី ពាក់ព័ន្ធនឹងរឿងរ៉ាវមុនៗ រហូតមកដល់ថ្ងៃចុះកិច្ចព្រមព្រៀងនេះ គូភាគីឯកភាពគ្នាថា បញ្ចប់ដោយគូភាគីពុំអាចលើកយកមកធ្វើការប្តឹងផ្តល់បរិហារគ្នាបន្តតទៅថ្ងៃក្រោយទៀតបានឡើយ…‍”។

បន្ថែមពីនេះ អ្នកនាង ដេត ម៉ាលីណា ដែលលេចឮថា ពូកែផឹកស្រា និងឆេវឆាវផងនោះ បានអនុវត្តផ្ទុយពីប្រការ៤ អំពីកូន ត្រង់ថា កិច្ចសន្យាបានផ្តស់សិទ្ធិឲ្យលោក ឌួង ឆាយ អាចយកកូនៗទៅលេងបាន ប៉ុន្តែជាក់ស្តែង នាងតែផ្តល់ផលពិបាកក្នុងការយកកូនៗមកលេង។

ស្របតាមសំណូមពររបស់មហាជន យើងខ្ញុំរង់ចាំការស្រាយបំភ្លឺគ្រប់រូបភាពរបស់អ្នកនាង ដេត ម៉ាលីណា ជុំវិញរឿងសហការជាមួយឪពុកក្មេករៀបចំគម្រោងធ្វើបាបលោក ឌួង ឆាយ៕

លោកឌួង ឆាយ និងអ្នកនាងដេត ម៉ាលីណា (កាលនៅជាប្តីប្រពន្ធនឹងគ្នា)
RELATED ARTICLES