តារាចម្រៀង វ័យ២៣ឆ្នាំ របស់ផលិតកម្ម Phleng Record បានកាន់ពាន “I am a singer Cambodia” រដូវកាលទីមួយ ដូចបំណង កាលពីរាត្រីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ ក្រោយតស៊ូប្រកួតប្រជែងអស់៣ខែមក។ តាមការផ្សព្វផ្សាយរបស់ក្រុមហ៊ុនរស្មីហង្សមាស បានឱ្យដឹងថា ជ័យលាភី ដួង វីរៈសិទ្ធ ទទួលបានប្រាក់រង្វាន់១០០លានរៀល ស្មើនឹង២៥.០០០ដុល្លារ ដូចនេះ វីរៈសិទ្ធ ដែលកំពុងបង់រំលស់រថយន្ត Corolla នោះ ច្បាស់ជាឡើងស៊េរីឡានទំនើបជាងនេះជាមិនខាន ខណៈដែលអ្នកខ្លះទៀតសង្ស័យថា រង្វាន់ទឹកប្រាក់ច្រើនបែបនេះ ប្រហែលជាដួង វីរៈសិទ្ធ មិនបានទាំងអស់ទេ ព្រោះផលិតកម្មខ្លួនឯងជាអ្នករៀបចំបែបនេះ។
ក្នុងជំនួបតាមទូរស័ព្ទ កាលពីពេលថ្មីៗនេះ ដួង វីរៈសិទ្ធ បាននិយាយថា ការទទួលបានប្រាក់រង្វាន់១០០លានរៀលនោះ គឺជាការពិត ហើយរូបគេមិនមានដូរឡានទំនើបអីទេ គឺត្រូវការជួយម្តាយដែលជាស្ត្រីមេម៉ាយនៅខេត្តកំពត ដើម្បីឱ្យមានជីវភាពធូរធារជាងនេះបន្តិច។
ដួង វីរៈសិទ្ធ ថ្លែងថា “ប្រាក់រង្វាន់នោះ គឺជាការពិតបង! ក្រុមហ៊ុន គាត់ឱ្យមែន ហើយខ្ញុំនឹងយកទៅជួយម្តាយខ្ញុំនៅខេត្តកំពត គាត់មេម៉ាយមានជីវភាពពិបាកដែរ ខ្ញុំមានតែជួយឱ្យគាត់មានជីវភាពធូរធារជាងនេះបន្តិច។ ចំពោះខ្ញុំ មានគម្រោងចូលរៀននៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្នែកតែងនិពន្ធ និងប្រើឧបករណ៍ តន្ត្រី ដើម្បីឱ្យយល់ច្បាស់ខាងតន្ត្រីហ្នឹង ក៏ដូចជាជួយដល់អ្នកស្រលាញ់សិល្បៈក្រោយៗទៀតដែរ។ ខ្ញុំចង់ឃើញសិល្បៈយើងមានការរីកចម្រើនដូចប្រទេសជិតខាងដែរ”។
ដួង វីរៈសិទ្ធ បានកាន់ពានកម្មវិធីប្រលងចម្រៀងដែលហង្សមាស ទិញសិទ្ធិមកពីប្រទេសកូរ៉េ នេះ ដោយយកឈ្នះតារាចម្រៀងអាជីព១០នាក់ផ្សេងទៀត ដែលចូលរួមប្រកួត មានដូចជាកញ្ញាសួស វីហ្សា, ទេព បូព្រឹក្ស, វី ឌីណែត, ឈិត សុវណ្ណបញ្ញា, ផន ស្រីខួច, ហ្សូណូ, នៅ ស៊ីនឿន, ម៉ាទីន, យក់ ដួងតារា និងអាន វិសាល ហើយតាំងពីសប្តាហ៍ទី១ រហូតដល់សប្តាហ៍ទី១៣ វគ្គផ្តាច់ព្រ័ត្រនោះគឺ ដួង វីរៈសិទ្ធ ទទួលបានការបោះឆ្នោតគាំទ្រ នាំមុខគេប្រចាំសប្តាហ៍ជានិច្ច ស្របពេលដែលហ្សូណូ (កែវ សុវណ្ណារ៉េត) និងទេព បូព្រឹក្ស បាយបាយមុនគេតែម្តង។
ដួង វីរៈសិទ្ធ បន្តថា “ខ្ញុំក៏មិននឹកស្មានថា អាចកាន់ពានកម្មវិធីលំដាប់ថ្នាក់ពិភពលោកមួយនេះដែរ ព្រោះតារាចម្រៀងដែលចូលរួម គឺសុទ្ធតែជាអ្នកខ្លាំងៗទាំងអស់។ នៅថ្ងៃផ្តាច់ព្រ័ត្រនោះ ខ្ញុំបានលើកយកចម្រៀងពីរបទ គឺបទដែលជាព្រះរាជនិពន្ធរបស់សម្តេចតា “សក្រវាទិ៍” និងបទ “ស្នេហ៍ស្រីង៉ក់ងរ?” ដែលខ្ញុំច្រៀងឆ្លងឆ្លើយ ជាមួយលោកឯក ស៊ីដេ ជាម្ចាស់ដើមបទនេះ។ កម្មវិធីនេះល្អណាស់ ព្រោះខ្ញុំបានទទួលបទពិសោធន៍ច្រើនពីសិល្បៈ ដូចជាការច្រៀងបុរាណ បាសាក់ ប្រពៃណី ហើយការវាយតម្លៃលើសមត្ថភាពទេពកោសល្យរបស់យើង គឺនៅលើមហាជនសុទ្ធសាធ ដែលជាអ្នកផ្តល់ពិន្ទុ បោះឆ្នោតគាំទ្រឱ្យជាប់ ឬធ្លាក់នោះ”។
ដួង វីរៈសិទ្ធ មានអាយុ២៣ឆ្នាំ កម្ពស់១,៧២ម៉ែត្រ ទម្ងន់៦៧គ.ក្រ មានម្តាយឈ្មោះអ៊ូ វិសុតា អាយុ៤៨ឆ្នាំ (មេផ្ទះ) ឪពុកឈ្មោះម៉ម វុទ្ធី (ស្លាប់) និងមានបងប្អូន៣នាក់ (ប្រុសទាំង៣)។ វីរៈសិទ្ធ ជាកូនទី២ ដែលមានស្រុកកំណើតនៅខេត្តកំពត ហើយម្ចាស់ពាន “I am a singer Cambodia” រូបនេះ បញ្ចប់ការសិក្សាត្រឹមបាក់ឌុប។ ដួង វីរៈសិទ្ធ មានឈ្មោះដើមថា ម៉ម វាសនា បានប្តូរឈ្មោះ ពេលរូបគេចូលច្រៀងនៅផលិតកម្មហង្សមាស ដើម្បីយកហុងស៊ុយ ឥឡូវស្រាប់តែបាន លើកពានដូចបំណង ជាមួយទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ១០០លានរៀល។ តាមព័ត៌មានថា តាមរយៈរូបរាងសង្ហា តារាភ្លេងរីខដ ដែលមានសំនៀងផ្អែមរូបនេះ មានក្រមុំៗមិនតិចឡើយ លង់ទឹកដមសំឡេងកំលោះមកពីខេត្តកំពត រូបនេះ ក្នុងនោះមានទាំងស្រីស្អាតតាមដល់ផ្ទះទៀតផង។
ដួង វីរៈសិទ្ធ អះអាងថា “រឿងស្នេហា ខ្ញុំមិនទាន់ចង់គិតទេ ចង់ជួយគ្រួសារឱ្យប្រសើរជាងនេះ និងចូលរៀនយកបរិញ្ញាបត្រខាងជំនាញសិល្បៈសិន។ នៅភ្លេងរីខដ ហ្នឹង ខ្ញុំច្រៀងបានប្រហែល២០បទ ហើយក្នុងនោះមានដូចជាបទ “បងក្រមិនសមគិតអនាគតអូន”, “មិនអាចរស់គ្មានអូន”, “អូនគ្មានសិទ្ធិទៅចោលបងទេ”, “អ្នកថ្មីគេល្អ”, “ទឹកភ្នែកព្រាននារី” ជាដើម។ រាល់ថ្ងៃ ខ្ញុំអាចនិពន្ធទំនុកច្រៀង បទភ្លេងថ្មីដោយឯងបាន ព្រោះខ្ញុំធ្លាប់រៀននិពន្ធពីលោកគ្រូចាស់ៗ និងតាមបណ្តាអង្គការមួយចំនួនដែរ”។
មហាជនមើលឃើញថា ពេលនេះ នៅផលិតកម្មរស្មីហង្សមាស មានម្ចាស់ពានដល់ទៅ៤នាក់ គឺសុទ្ធតែប្រុសទាំងអស់ គឺប៊ុត សីហា, នី រតនា, ថែល ថៃ និង ដួង វីរៈសិទ្ធ។ ដូច្នេះពួកគេរង់ចាំមើលថា តារាទាំង៤នៅទ្រនំហង្សមាស តែមួយនេះ អាចធ្វើឱ្យរង្គើតំណែងតារាជើងខ្លាំងនៅសាន់ដេ ខេមរៈ សិរីមន្ត បានដែរឬទេ?…៕ ហ៊ឹម វិចិត្រ