គ្រូនិងសិស្សធ្វើពហិកាមិនចូលសាលា ខណៈ សាលារៀនទូទាំងប្រទេសមីយ៉ាន់ម៉ាត្រូវបានរបបយោធាប្រកាសអោយបើកថ្ងៃអង្គារទី១ មិថុនា ២០២១ ដែលជាការបើកដំណើការសិក្សាលើកដំបូង ចាប់តាំងពីរដ្ឋប្រហារយោធាបណ្តេញរដ្ឋាភិបាលស្របច្បាប់របស់លោកស្រីអ៊ុង ស៊ានស៊ូជីចេញពីតំណែងកាលពីថ្ងៃទី១កុម្ភៈ។ ទោះបីជាពួកយោធាប្រកាសបែបនេះក្តី គ្រូបង្រៀននិងសិស្ស-និសិ្សតភាគច្រើនមិនទៅសាលានោះទេ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានបារាំងAFP ចេញផ្សាយកាលពីថ្ងៃអង្គារទី១មិថុនា២០២១។
គ្រូបង្រៀនម្នាក់មកពីទីក្រុងយុំាងហ្គូន ដែលសុំមិនបញ្ចេញឈ្មោះ ដោយបារម្ភពីសុវត្តិភាពបានប្រាប់ AFP ថា ខ្ញុំមិនខ្លាចការចាប់ខ្លួន និងការធ្វើទារុណកម្មពីសំណាក់យោធានោះទេតែខ្ញុំ ខ្លាចក្លាយទៅជាគ្រូបង្រៀនម្នាក់ដែលបង្រៀនសិស្សឃោសនា។
ចំណែកឯគ្រូបង្រៀនម្នាក់ទៀតនៅរដ្ឋមន (Mon State) ក៏ធ្វើពហិកាមិនចូលសាលាផងដែរ។ គ្រូបង្រៀនបឋមសិក្សាជាច្រើនបានបាត់បង់ប្រាក់បៀវត្សរ៍ជាច្រើនខែ បន្ទាប់ពីពួកគេធ្វើពហិការមិនចូលបង្រៀន។ គ្រូបង្រៀនរូបនោះបាននិយាយថា នៅពេលដែលខ្ញុំឃើញពួកយោធាសម្លាប់មនុស្សជាច្រើន ខ្ញុំលែងមានអារម្មណ៍ចង់បង្រៀនសិស្សហើយ។
អ្នកដែលត្រូវបានសម្លាប់ក្នុងការបង្រ្កាបដ៏សាហាវពីរបបយោធាគឺមានសិស្សសាលាបឋមសិក្សាដែលក្រុមអង្គការសប្បុរសធម៌ Save the Children បាននិយាយថាក្នុងចំណោមអ្នកស្លាប់មានក្មេង ១៥ នាក់ដែលមានអាយុក្រោម ១៦ ឆ្នាំ។
ចំណែកឯនិស្សិតសាកលវិទ្យាល័យមួយចំនួនបានត្រលប់ចូលរៀនវិញប៉ុន្តែការធ្វើពហិការទាំងនិស្សិតនិងសាស្ត្រាចារ្យ ភាគច្រើនបានធ្វើអោយនិស្សិតដែលមករៀនទាំងនោះត្រឡប់ទៅផ្ទះវិញ។
និស្សិតផ្នែកអង់គ្លេសម្នាក់នៅសាកលវិទ្យាល័យមួយក្នុងទីក្រុងMawlamyine បាននិយាយថាគ្មានមិត្តរបស់ខ្ញុំណាម្នាក់ទៅរៀនទេដូច្នេះខ្ញុំក៏សម្រេចចិត្តមិនទៅដែរ។ថ្នាក់រៀនដែលមាននិស្សិត១០០ ឥឡូវនេះគឺនៅទទេ បើទោះជានិស្សិតមួយចំនួនត្រូវបាន សាស្រ្តាចារ្យដែលនៅសេសសល់ពីរបីនាក់បរិវេណសាកលវិទ្យាល័យហៅអោយចូលរៀនក៏ដោយ។
រហូតមកដល់ពេលនេះគេមិនទាន់ដឹងថា របបយោធាមីយ៉ាន់ម៉ាមានចំណាត់ការបែបណាបន្ថែមទៀតលើគ្រូបង្រៀន សាស្ត្រាចារ្យ និងសិស្ស-និស្សិតនោះទេ។
របបយោធាបណ្តេញគ្រូបង្រៀន១២៥៩០០នាក់ចេញពីក្របខ័ណ្ឌ
គ្រូបង្រៀនសរុបចំនួន ១២៥.៩០០ នាក់ត្រូវបានព្យួរការងារពីបទមិនគោរពតាមច្បាប់រដ្ឋប្បវេណីនិងប្រឆាំងនឹងរបបយោធាដែលបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិលកាលពីខែកុម្ភៈក្នុងប្រទេសមីយ៉ាន់ម៉ា។ កាលពីថ្ងៃទី ២៣ ខែឧសភារ៉យទ័របានដកស្រង់សម្តីមន្រ្តីសហព័ន្ធគ្រូបង្រៀនមីយ៉ាន់ម៉ាថាពួកគេត្រូវបានបញ្ឈប់មុនបើកឆ្នាំសិក្សាខាងមុខនេះ។
បច្ចុប្បន្នប្រទេសមីយ៉ាន់ម៉ាមានគ្រូបង្រៀនសរុបចំនួន ៤៣ ម៉ឺននាក់ទូទាំងប្រទេស។ មន្ត្រីដែលត្រូវបានដកស្រង់សម្តីក្នុងលក្ខខណ្ឌអនាមិកបាននិយាយថាខ្លួនគាត់ត្រូវបានគេចោទប្រកាន់ពីបទ ញុះញង់ឱ្យស្អប់របបយោធា ។សហព័ន្ធគ្រូបង្រៀនមីយ៉ាន់ម៉ាបាននិយាយថា បុគ្គលិកសាកលវិទ្យាល័យប្រហែល ១៩៥០០ នាក់ក៏ត្រូវបានព្យួរការងារផងដែរ។
យោធាមីយ៉ាន់ម៉ាវាយប្រហារតាមអាកាសទៅលើពួកជីវពល
យោងតាមសាក្សីនិងកងកម្លាំងជីវពលចម្រុះបាននិយាយថាយោធាមីយ៉ាន់ម៉ាបានប្រើកាំភ្លើងធំនិងឧទ្ធម្ភាគចក្រវាយប្រហារតាមអាកាស កាលពីម្សិលមិញប្រឆាំងនឹងកងជីវពលដែលងើបឡើងប្រឆាំងរបបយោធានៅភាគខាងកើតប្រទេស។ ការវាយប្រហារថ្មីនេះបង្ខំឱ្យប្រជាជនមីយ៉ាន់ម៉ាជាច្រើនបន្ថែមទៀតភៀសខ្លួនទៅរស់នៅជាមួយមនុស្សរាប់ពាន់នាក់ផ្សេងទៀតដែលបានភៀសខ្លួនចាប់តាំងពីរដ្ឋប្រហារ។
អ្នកស្រុកនៅរដ្ឋ Kayah ជាប់ព្រំប្រទល់ប្រទេសថៃបាននិយាយថាយោធាកំពុងបាញ់កាំភ្លើងធំនិងឧទ្ធម្ភាគចក្រវាយប្រហារពីទីតាំងនានានៅខាងក្នុងរដ្ឋ Loikaw បន្តទៅ Dem Dem នៅចម្ងាយប្រហែល ១៤.៥ គីឡូម៉ែត្រ ដែលជាកន្លែងកងកម្លាំងការពារប្រជាជន បាននិយាយថាខ្លួនបានវាយប្រហារទៅលើកងទ័ពរដ្ឋាភិបាល និងកំពុងស្ថិតក្នុងការបាញ់ប្រហារគ្នាយ៉ាងខ្លាំង។
យោធាមីយ៉ាន់ម៉ាកំពុងប្រយុទ្ធគ្នាជាមួយក្រុមរណសិរ្យជាច្រើននិងកំពុងតស៊ូដើម្បីរៀបចំសណ្តាប់ធ្នាប់ ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈប្រឆាំងនឹងលោកស្រីអ៊ុងសានស៊ូជីនិងរដ្ឋាភិបាល ជាប់ឆ្នោត។
អ្នកភូមិម្នាក់នៅក្នុងតំបន់ Loikaw សុំមិនបញ្ចេញឈ្មោះដោយ បារម្ភអំពីសុវត្ថិភាពបាននិយាយថា យើងអាចមើលឃើញកាំភ្លើងរបស់ពួកយោធាផងដែរ។ ខ្ញុំឃើញកាំភ្លើងធំរបស់ពួកគេបាញ់ពីលើមេឃប្រហែលជិត ៥០ ដង។ កាំភ្លើងធំបានបាញ់ផ្លោងធ្វើឱ្យយើងបាត់បង់ស្មារតី ។
ទាក់ទងទៅនឹងបញ្ហានេះ រ៉យទ័រមិនអាចសុំការពន្យល់ពីកងកម្លាំងការពារប្រជាជនបានទេ ហើយអ្នកនាំពាក្យក្រុមប្រឹក្សាយោធាដែលកំពុងកាន់អំណាចក៏មិនបានឆ្លើយតបការហៅទូរស័ព្ទដើម្បីសុំការអត្ថាធិប្បាយបានដែរ។
ការប្រយុទ្ធគ្នានៅក្នុងរដ្ឋ Kayah បានបង្ខំអោយប្រជាជនប្រមាណ ៣៧០០០ នាក់នៅភាគអាគ្នេយ៍ប្រទេសមីយ៉ាន់ម៉ា ផ្លាស់ទីលំនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ នេះបើយោងតាមអង្គការសហប្រជាជាតិ។ មនុស្សជាច្រើនបានភៀសខ្លួនទៅក្នុងព្រៃហើយកំពុងត្រូវការអាហារនិងថ្នាំពេទ្យ៕